អានតួអត្ថបទ
ហ្វីលីពីន

ហេតុអ្វីបានជាតុលាការព្រហ្មទណ្ឌអន្តរជាតិព្យួរការស៊ើបអង្កេតលើសង្រ្គាមប្រឆាំងគ្រឿងញៀននៅហ្វីលីពីន?

រដ្ឋអាជ្ញា​នៃ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ ICC លោក​ការីម ខាន់​បាន​ប្រកាស​ពី​ការ​ព្យួរ​លើ​ការ​ស៊ើបអង្កេត​ស្តីពី​ការ​រំលោភសិទ្ធិមនុស្ស​ជា​យថាហេតុ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​សង្រ្គាមប្រឆាំង​នឹង​គ្រឿងញៀន​នៅ​ហ្វីលីពីន។ គឺ​ជា​ការ​ព្យួរ​បណ្តោះអាសន្ន​តាម​សំណើ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​របស់​លោក​ប្រធានាធិបតី​ឌុយទែរតេ។ គួរ​រម្លឹក​ថា គឺ​ទើប​ក្នុង​ខែ​កញ្ញា​កន្លង​ទៅ​ដែល​ចៅក្រម ICC បាន​អនុញ្ញាត​ឲ្យ​បើក​ការ​ស៊ើបអង្កេត​នៅ​ក្នុង​សំណុំរឿង​នេះ។

លោកការីម ខាន់ រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ ICC។
លោកការីម ខាន់ រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ ICC។ © (AP Photo/Marwan Ali, file)
ផ្សាយពាណិជ្ជកម្ម

ជម្រើស​នៃ​ការ​ព្យួរ​ការ​ស៊ើបអង្កេត​បណ្តោះអាសន្ន​ត្រូវ​បាន​រដ្ឋអាជ្ញា​នៃ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ ICC លោក​ការីម ខាន់​បញ្ជាក់​នៅ​ក្នុង​លិខិត​របស់​លោក​ថា គឺ​ដើម្បី​វាយតម្លៃ​ពី​សមត្ថភាព និង​ប្រសិទ្ធិភាព​នៃ​ការ​សុំ​ពន្យារ​ពេល​របស់​រដ្ឋាភិបាល​ហ្វីលីពីន។ យោង​តាម​ឯកសារ​របស់​តុលាការ រដ្ឋាភិបាល​ហ្វីលីពីន​តាម​រយៈ​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​ហូឡង់​បាន​ទាមទារ​ឲ្យ ICC លើក​ពេល​ស៊ើបអង្កេត​ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​ហ្វីលីពីន​កំពុង​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ជា​យថាហេតុ​ដែល​អាច​បាន​កើត​មាន​នៅ​ក្នុង​សង្រ្គាម​ប្រឆាំង​គ្រឿងញៀន។

តាម​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​ប្រទេស​ហូឡង់​រូប​នេះ​ដដែល រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ឌុយទែរតេ​បាន​អនុវត្ត និង​កំពុង​បន្ត​ធ្វើការ​ស៊ើបអង្កេត​ស៊ីជម្រៅ​លើ​ក្រុម​មនុស្ស​ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​គ្រឿងញៀន។ គួរ​រម្លឹក​ថា ចៅក្រម ICC បាន​អនុញ្ញាត​ឲ្យ​បើក​ការ​ស៊ើបអង្កេត​កាល​ពី​ខែ​កញ្ញា ហើយ​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ទាមទារ​ឲ្យ​លើក​ពេល​ស៊ើបអង្កេត​កាល​ពី​ថ្ងៃទី១០ វិច្ឆិកា។ ដោយ​គ្មាន​បង្អង់ រដ្ឋាភិបាល​ហ្វីលីពីន​តាម​រយៈ​អ្នកនាំ​ពាក្យ​ស្តីទី​បាន​ថ្លែង​សាទរ​ចំពោះ​ការ​សម្រេច​ព្យួរ​ការ​ស៊ើបអង្កេត​បណ្តោះអាសន្ន​របស់ ICC។

លោក​ប្រេដ អាដាម នាយក​អង្គការ​ក្រៅរដ្ឋាភិបាល​ប្រចាំ​តំបន់​អាស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​លើ​ទំព័រ​បណ្តាញសង្គម Twitter ក្នុង​ថ្ងៃ​សៅរ៍ ទី២០ វិច្ឆិកា​ថា ICC ត្រូវ​តែ​បន្ត​ការ​ស៊ើបអង្កេត និង​សង្ឃឹម​ថា ICC មើល​ឃើញ​ច្បាស់​ពី​ល្បិចកល​ដែល​មាន​បង្កប់​នៅ​ក្នុង​សង្រ្គាម​ប្រឆាំង​គ្រឿងញៀន​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ។ គួរ​រម្លឹក​ថា តាម​តួលេខ​ផ្លូវការ​របស់​រដ្ឋាភិបាល​ហ្វីលីពីន សង្រ្គាម​ប្រឆាំង​គ្រឿងញៀន​តាំង​ពី​ខែ​កក្កដា​ឆ្នាំ ២០១៦ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៦ ១៨១នាក់។ តែ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ប៉ាន់​ប្រមាណ​ពី​ចំនួន​មនុស្ស​ស្លាប់​ចន្លោះ ១២ ០០០ និង ៣០ ០០០នាក់។

លោក​ឌុយទែរតេ​ដែល​បាន​បញ្ជាក់​ច្រើន​ដង​ពី​ការ​មិន​រួម​សហការ​ជាមួយ ICC បាន​ដក​ហ្វីលីពីន​ចេញ​ពី​សមាជិក ICC ក្នុង​ឆ្នាំ ២០១៩។ តែ​នៅ​ក្នុង​ខែ​តុលា​កន្លង​ទៅ​ថ្មីៗ​នេះ លោក​ឌុយទែរតេ​បាន​ថយ​ក្រោយ​មួយ​ជំហាន​ដោយ​បាន​ប្រកាស​ត្រៀម​ការពារ​ខ្លួន​ត ទល់​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ