អានតួអត្ថបទ
បេឡារុស-អ្នកទោសនយោបាយ

បក្ស​ប្រឆាំង​បេឡារុស​ទាមទារ​ឱ្យ​ដោះលែង​អ្នកទោសមនសិការ​ ក្នុង​​ទិវាសាមគ្គីភាព​ជាមួយអ្នកទោសនយោបាយ

​ថ្ងៃសៅរ៍ទី ២៧​វិច្ឆិកា នេះ​ លោកស្រី ទីខាណូវស្កាយ៉ា អ្នកនយោបាយ​បក្សប្រឆាំង​បេឡារុស​បាន​អំពាវនាវឱ្យ​មានការ​ដោះលែង​អ្នក​ទោសនយោបាយ នាឱកាស​​ទិវា​សាមគ្គីភាពជាមួយ​អ្នកទោស​នយោបាយ នៅបេឡារុស។ បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ បេឡារុស​មាន​ឃុំ​ឃាំង​អ្នក​​ទោស​មនសិការ​ជិត​៩០០​នាក់​។ លីទុយអានី ជិត​ខាង​ក៏​បាន​ចេញសេចក្តី​អំពាវនាវ​ដូច​គ្នា​ ដោយ​គំរាម​នាំមេដឹកនាំ​បេឡារុស​​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិផង។

ទិវា​សាមគ្គីភាព​ជាមួយ​អ្នកទោស​នយោបាយ​នៅ​បេឡារុស
ទិវា​សាមគ្គីភាព​ជាមួយ​អ្នកទោស​នយោបាយ​នៅ​បេឡារុស AFP - RAMIL NASIBULIN
ផ្សាយពាណិជ្ជកម្ម

តើ​ត្រូវ​បង្ហាញ​សាមគ្គីភាពជាមួយ​អ្នកទោសនយោបាយយ៉ាង​ដូចម្តេច ? បើ​តាមក្រុមការងារ​របស់គណបក្សប្រឆាំង​បេឡារុស ​លោកស្រី ទីខាណូវស្កាយ៉ា គេ​ត្រូវ​សរសេរ​លិខិតគាំទ្រ​​មួយ​ផ្ញើ​ទៅ​អ្នក​ទោសម្នាក់មួយៗ ដែល​នៅ​ជាប់​ឃុំ​ឃាំង មាន​សរុបចំនួន​៨៨៨នាក់។ ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ឆ្នាំផង ចំនួនអ្នកទោស​មនសិការ​នៅ​បេឡារុស បាន​កើន​ឡើង​មួយ​ជា ៩។ នេះ​សបញ្ជាក់​ថា បេឡារុស​បន្តគាប​សង្កត់​ ពលរដ្ឋ​ដោយ​គ្មាន​សំចៃ​ និងដោយគ្មាន​កំណត់​ទេ។

បើ​តាម​អ្នក​រៀប​ចំ​កម្មវិធី​ទិវា​សាមគ្គីភាព​ជាមួយ​អ្នក​ទោសនយោបាយ គ្រាន់​តែ​ពាក់​ស្រោម​ជើង​មាន​ពណ៌​ទង់ជាតិ ក៏​អាច​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់ពន្ធនាគារពី​បទ​ប្រឆាំង​បាន​ដែរ។

ទិវា​សាមគ្គីភាព​ជាមួយ​អ្នក​ទោសនយោបាយ​បេឡារុស បាន​ទទួល​ការ​គាំទ្រ​ពី​ប្រទេស​លីទុយអានី ដែល​ជា​អតីតរដ្ឋ​សហភាព​សូវៀតដូចគ្នា។ នៅ​ក្នុង​ការិយាល័យ​ក្រសួងការបរទេសលីទុយអានី អង្គការ​​ការពារ​សិទ្ធិមនុស្ស​ ​ Viasna បានតាំង​ស្តង់​មួយ​ចាំ​ទទួល​សំបុត្រសម្រាប់ផ្ញើ​ទៅអ្នក​នយោបាយ​ដែល​កំពុង​ជាប់​ទោស។ ប្រមុខ​ការទូត​លីទុយអានី បាន​ជ្រើសរើស​សរសេរ​លិខិត​មួយ​ផ្ញើ​ជូន​អ្នក​ទោស​វ័យ​១៩​ឆ្នាំ​ ដែលតុលាការ​​បេឡារុស​បាន​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគារ​បួនឆ្នាំ ពី​បទ​បាន​ចូល​រួមធ្វើ​បាតុកម្ម​។

“លូកាឆេនកូ មិនត្រឹម​តែ​បាន​បង្ក​បញ្ហា​អន្តោប្រវេសន៍​មួយ​ទេ តែមាន​ចាប់​ឃុំឃាំង​អ្នក​ទោស​នយោបាយ​ជិត​៩០០នាក់ទៀត។ ជាមួយ​នឹង​កា​រសម្តែង​សាមគ្គីភាពជាមួយ​បេឡារុស លីទុយអានីចង់​បង្ហាញ​ប្រាប់​ពិភពលោក អំពី​អ្វី​ដែល​លោក លូកាឆេនកូ បាន​​ធ្វើ​ និង​ធ្វើ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ កន្លងមកនេះ” នេះបើ​តាម​សំណេរ​របស់​លោក​ប្រមុខ​ការទូត​លីទុយអានី ដោយ​អះអាង​ទៀត​ថា រដ្ឋាភិបាល​លីទុយអានី​កំពុង​តែសិក្សាអំពី​លទ្ធភាពយក មេដឹកនាំ​បេឡារុស​ ទៅកាត់​ទៅ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ