អានតួអត្ថបទ
បារាំង-អារ៉ាប៊ីសាអូឌីត

ជនសង្ស័យ​សម្លាប់​អ្នក​កាសែត Jamal Khashoggi ត្រូវ​បាន​ចាប់ខ្លួន​នៅ​បារាំង

ជនសង្ស័យ​ក្នុង​សំណុំ​រឿង​សម្លាប់​អ្នកកាសែត​ ហ្សាម៉ាល់ ខាស្ហូហ្ស៊ី Jamal Khashoggi នៅប្រទេសតួកគី​កាលពី​ឆ្នាំ​២០១៨ ត្រូវ​បានចាប់​ខ្លួន កាលពី​ថ្ងៃអង្គារ​ទី ៧ ធ្នូ ២០២១នេះ នៅ​អាកាសយានដ្ឋាន​ក្រុង​ប៉ារីស ប្រទេស​បារាំង។ ជនសង្ស័យ​កំពុង​ត្រៀម​ឡើង​យន្តហោះ​ធ្វើ​ដំណើរ​ទៅក្រុង​រីយ៉ាដ​ប្រទេសអារ៉ាប៊ីសាអូឌីត។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​តែបី​ថ្ងៃ​ក្រោយ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង នៅ​អារ៉ាប៊ីសាអូឌីត។ ហើយ​បើ​តាមអារ៉ាប៊ីសាអូឌីត ជន​សង្ស័យ​នេះ​គ្មាន​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​​លើ​អ្នកកាសែតឡើយ។ ស្ថានទូត​អារ៉ាប៊ីសាអូឌីត​ប្រចាំ ទីក្រុង​ប៉ារីស​បាន​ស្នើ​សុំ​ឱ្យ​បារាំង​ដោះលែង​ជននេះ​វិញ។ តើ​ជនសង្ស័យ​នេះ ជា​នរណា​ ?

លោក Jamal Khashoggi អ្នកកាសែត​អារ៉ាប៊ីសាអូឌីត ដែល​ត្រូវ​គេ​ធ្វើ​ឃាត កាលពី​ឆ្នាំ​២០១៨
លោក Jamal Khashoggi អ្នកកាសែត​អារ៉ាប៊ីសាអូឌីត ដែល​ត្រូវ​គេ​ធ្វើ​ឃាត កាលពី​ឆ្នាំ​២០១៨ MOHAMMED AL-SHAIKH AFP/File
ផ្សាយពាណិជ្ជកម្ម

ក្នុង​​លិខិត​ឆ្លង​ដែន ជនសង្ស័យ​មានឈ្មោះ​ ខាលីដ អាឡូតៃប៊ី Khalid Alotaibi អាយុ​៣៣ឆ្នាំ។ បើ​តាម​ប្រភព​ស្និទ្ធ​នឹង​សំណុំរឿង ជនសង្ស័យ​នេះ​មាន​ជាប់​ឈ្មោះ​ក្នុង​​ដីកា​តាម​ចាប់​ខ្លួន របស់​ប៉ូលិស​អន្តរជាតិ ដែល​ស្នើ​ឡើង​ដោយ​​តួកគី។​ ហេតុដូច្នេះហើយ​បាន​ជានៅ​​ពេល​ឆ្លង​ព្រំដែន ប៉ូលិស​អាច​សម្គាល់​និង​ចាប់​ខ្លួន​បាន​។ ពេល​នេះ ប៉ូលិស​បាន​ឃាត់​ខ្លួន​​ជនសង្ស័យ​ទុក​ ៤៨ម៉ោង​សិន ដើម្បី​​ធ្វើ​ការ​​ផ្ទៀង​ផ្ទាត់​អត្តសញ្ញាណ​។ បើពិត​ជាមាន​អត្តសញ្ញាណ​ដូច​ក្នុង​ដីកា​អន្តរជាតិ នោះ​​ជនសង្ស័យនឹង​ត្រូវ​បញ្ជួន​ទៅ​តុលាការ​ តែ​​អាច​សុំ​បដិសេធ​មិន​ឱ្យ​បារាំង​ធ្វើបត្យាប័ន​ទៅ​ឱ្យ​តួកគី​បាន។

ភ្លាម​មួយ​រំពេច ស្ថានទូត​អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុង​ប៉ារីស បាន​ប្រកាស​ថា​ ជន​សង្ស័យចាប់ខ្លួន​បាន​​នេះ គ្មានពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ឃាតកម្ម​លើ​រូប​អ្នក​កាសែត​ខាស្ហូហ្ស៊ីទេ និង​បាន​ស្នើ​សុំ​ឱ្យ​បារាំង​ផ្តល់​សេរីភាព​ដល់ពលរដ្ឋ​អារ៉ាប៊ីសាអូឌីត​រូប​នេះវិញ ព្រោះ​ជនជាប់​ចោទ​ត្រូវ​បានតុលាការ​កាត់​ទោស​រួច​អស់​ហើយ។

ខាលីដ អាឡូតៃប៊ី ត្រូវ​ជាប់​សង្ស័យ​ថា​ជា​កង​កម្មង់ដូរ​ម្នាក់​ក្នុង​ចំណោមកងកម្មង់ដូរជាង​១០នាក់ ដែល​បាន​ចូល​ទៅក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ូល កាលពី​ថ្ងៃទី ២តុលា​ឆ្នាំ ២០១៨ ដើម្បី​ធ្វើ​ឃាត​រូប​អ្នកកាសែត ឈ្មោះ ហ្សាម៉ាល់ ខាស្ហូហ្ស៊ី ដែល​ជា​សកម្មជន​បក្សប្រឆាំង​អារ៉ាប៊ីសាអូឌីតផង។ ក្រោយ​ពី​បាន​បដិសេធ​ពុំ​ទទួល​ស្គាល់​ថាមាន​ហេតុការណ៍​ឃាតកម្ម​ក្នុង​ស្ថានកុងស៊ុល និង​ក្រោម​សម្ពាធ​អន្តរជាតិ អារ៉ាប៊ីសាអូឌីត បាន​ទទួល​ស្គាល់​ថា​ឃាតកម្ម​នោះ​ជា​សកម្មភាព​របស់​​ភ្នាក់ងារ​អារ៉ាប៊ីសាអូឌីត ផ្ទាល់​​ទេ។ តុលាការអារ៉ាប៊ីសាអូឌីត បានកាត់​​ទោស​ជន​៨នាក់​ ក្នុង​សំណុំ​រឿង​ឃាត​កម្ម ដែល​​ផ្អើល​ពេញ​ពិភពលោក។ តែ​សម្រាប់​អាមេរិក ជា​អ្នក​នៅ​ក្រោយ​អំពើ​ឃាតកម្មនោះគឺ​រាជបុត្រ​ស្នងរាជ​ បេន សាល់​ម៉ាន។ រង​ការ​រិះគន់​និងខូច​ឈ្មោះ បុរស​ខ្លាំង​អារ៉ាប៊ីសាអូឌីត ទើបមាន​កត្តិយស​ទទួល​ស្វាគមន៍ប្រធានាធិបតី​បារាំង លោកអេម៉ាណុយអែល​ ម៉ាក្រុង ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​ផ្លូវការ​របស់​​មេដឹកនាំ​លោក​ខាង​លិច​​ នៅ​អារ៉ាប៊ីសាអូឌីត​ ជា​លើក​ទីមួយ កាលពី​បី​ថ្ងៃមុននេះ​តែប៉ុណ្ណោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ