អានតួអត្ថបទ
អង់គ្លេស-កូវីដ១៩

អង់គ្លេស-កូវីដ១៩៖រដ្ឋាភិបាលបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដើម្បីទប់នឹងរលកឆ្លងដោយអូមីក្រុង

នៅ​ក្នុង​ប្រទេស​អង់គ្លេស នាយករដ្ឋមន្រ្តី​លោក​បូរីស ចនសុន​បាន​ប្រកាស​ឲ្យ​ដឹង​នា​យប់​ថ្ងៃ​អាទិត្យ ទី១២ ធ្នូ​ថា រលក​ឆ្លង​ដោយ​មេរោគបំប្លែងខ្លួន​អូមីក្រុង​កំពុង​មក​ដល់​បណ្តើរៗ និង​ថា ដើម្បី​ការពារ​ទប់​នឹង​រលក​ឆ្លង​ដោយ​អូមីក្រុង ការ​ចាក់​វ៉ាក់សាំង​ដូសទី៣ ឬ​ដូសជំរុញ​ជា​រឿង​ចាំ​បាច់។ លោក​ចនសុន​បាន​សម្រេច​ឲ្យ​មាន​ការ​ចាក់​ដូសទី៣ ចាប់​ពី​អាយុ ១៨ឆ្នាំ​ឡើង​ទៅ​នៅ​ទូទាំង​ប្រទេស។ គួរ​បញ្ជាក់​ថា អូមីក្រុង​ដែល​ទើប​ឆ្លង​ចូល​អង់គ្លេស​ជាង ២សប្តាហ៍​កំពុង​មាន​ល្បឿន​ឆ្លង​ខ្លាំង។ គិត​ត្រឹម​ថ្ងៃ​អាទិត្យ ទី១២ ធ្នូ អង់គ្លេស​មាន​ករណី​ឆ្លង​អូមីក្រុង​សរុប ៣ ១៣៧ករណី ពោល​កើន ៦៥% បើ​ធៀប​នឹង​ថ្ងៃ​សៅរ៍ ទី១១ ធ្នូ​ដែល​មាន​សរុប​តែ ១ ៨៩៨ករណី។ គួរ​រម្លឹក​ថា ជាង ១ឆ្នាំ​ដែល​អង់គ្លេស​បាន​ផ្តើម​ចាក់​វ៉ាក់សាំង​ក្រោម​ទ្រង់ទ្រាយ​ធំ។ ចុះ​ហេតុអ្វី​បាន​ជា​អង់គ្លេស​បែរ​ជា​កំពុង​ប្រឈម​នឹង​រលក​ឆ្លង​ខ្លាំង​ជា​ថ្មី​នៅ​ពេល​នេះ?។ យើង​ស្តាប់​ការ​ពន្យល់​របស់​លោក​អូលីវីយេ ប៊ូឆូ គ្រូពេទ្យ​បារាំង​ឯកទេស​ជំងឺ​ឆ្លង។

នាយករដ្ឋមន្រ្តីអង់គ្លេស លោកបូរីស ចនសុន
នាយករដ្ឋមន្រ្តីអង់គ្លេស លោកបូរីស ចនសុន Kirsty O'Connor POOL/AFP
ផ្សាយពាណិជ្ជកម្ម

« ប្រទេស​អង់គ្លេស​មាន​លក្ខណៈពិសេស ព្រោះ​ជា​ប្រទេស​មួយ​ដែល​បាន​ចាក់​វ៉ាក់សាំង​ច្រើន។ តែ​វ៉ាក់សាំង​ភាគ​ច្រើន​ដែល​អង់គ្លេស​បាន​ប្រើ​ជា​វ៉ាក់សាំងAstraZeneca។ បើ​គេ​ប្រដូច​នឹង​វ៉ាក់សាំង​ផ្សេង ពិសេស​វ៉ាក់សាំង ARN Messager វ៉ាក់សាំង AstraZenecaមិន​សូវ​មាន​ឥទ្ធិពល​ធំធេង និង​មិន​សូវ​មាន​ប្រសិទ្ធិភាព​ប៉ុន្មាន​ទេ។

ដូច្នេះ​គេ​អាច​គិត​ថា រដ្ឋាភិបាល​អង់គ្លេស​កំពុង​មាន​ក្តីបារម្ភ​ចំពោះ​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង AstraZenecaនៅ​ចំពោះ​មុខ​មេរោគបំប្លែង​ទូទៅ ពិសេស​មេរោគបំប្លែង​ខ្លួន​អូមីក្រុង។ អ៊ីចឹង​ហើយ​បាន​ជា​រដ្ឋាភិបាល​អង់គ្លេស​ខ្លាច​ខ្លាំង​នៅ​ចំពោះ​សន្ទុះ​កំណើន​ករណី​ឆ្លង​របស់​អូមីក្រុង​ពេល​នេះ។

ខ្ញុំ​គិត​ថា លោក​បូរីស ចនសុន​ដែល​ធ្លាប់​តែ​មាន​ជំហរ​ផ្ទុយ​នឹង​ការ​លើក​ឡើង​របស់​ក្រុម​គ្រូពេទ្យ​ឯកទេស​ជំងឺ​ឆ្លង​តាំង​ពី​ថ្ងៃ​ផ្ទុះ​កូវីដ១៩ ដំបូង និង​ធ្លាប់​ទទួល​រង​ការ​រិះគន់​ពី​ប្រជាជន​ហាក់​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​នៅ​ពេល​នេះ។ ខ្ញុំ​គិត​ថា លោក​បូរីស ចនសុន​មិន​ចង់​ធ្វើ​ខុស​ម្តង​ទៀត​ដូច​ដែល​លោក​ធ្លាប់​បាន​ធ្វើ​ពី​ពេល​ដំបូង »។

 

ចាប់​ពី​ថ្ងៃ​ចន្ទ​ ទី១៣ ធ្នូ​ អង់គ្លេស​ចាប់​ផ្តើម​បង្កើន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូសទី៣ នៅ​ទូទាំង​ប្រទេស។ បន្ទាប់​មក​ចាប់​ពី​ថ្ងៃ​អង្គារ ទី១៤ ធ្នូ អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ចាក់​វ៉ាក់សាំង​ឆ្លង​កូវី១៩ នឹង​ត្រូវ​ធ្វើ​តេស្តិ៍​រក​កូវីដ១៩ នៅ​រៀងរាល់​ថ្ងៃ​ក្នុង​រយៈពេល ៧ថ្ងៃ។ ចំណែក​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ឆ្លង​កូវី១៩ ដែល​មិនបាន​ចាក់​វ៉ាក់សាំង​នឹង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ចំនួន ១០ថ្ងៃ។ ក្រៅ​ពី​វិធានការ​ចុង​ក្រោយ​នេះ រដ្ឋាភិបាលអង់គ្លេស​បាន​ដាក់​ឲ្យ​អនុវត្ត​ឡើង​វិញ​នូវ​វិធានការដែល​ធ្លាប់​មាន​​កន្លង​មក ដូច​ជា​តម្រូវ​ឲ្យ​ធ្វើ​ការ​ពី​ផ្ទះ និង​តម្រូវ​ឲ្យ​មាន​លិខិតចាក់វ៉ាក់សាំង​សម្រាប់​ចូល​កន្លែង​មួយ​ចំនួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ