អានតួអត្ថបទ
ចិន-រុស្ស៊ី

លោក ពូទីន និង លោក ស៊ី ប្រកាសទំនាក់ទំនងខ្លួនថាជា”គម្រូ"

ប្រធានាធិបតីរុស្ស៊ីនិងចិន ពេលសន្ទនាគ្នា តាម អនឡាញ ថ្ងៃពុធទី ១៥ ធ្នូ បានប្រកាស ទំនាក់ទំនងខ្លួនថាជា” គម្រូ“ ហើយនឹងជួបគ្នាផ្ទាល់ នា​ការប្រកួត​កីឡាអូឡាំពិក នៅ ក្រុង ប៉េកាំង ខណៈដែលប្រទេសទាំងពីរ មានភាពតានតឹង​ដល់កម្រិតទៅហើយ ជាមួយ បស្ចិមលោក។ ពេលសន្ទនានោះ លោក វ៉្លាឌីមៀរ ពូទីន បានជម្រាបលោក ស៊ី ជីនពីង ថា គាត់នឹងទៅ ចូលរួមក្នុង ពិធីសម្ពោធ កីឡាអូឡាំពិករដូវរងា នៅក្រុងប៉េកាំង ក្នុងខែ កុម្ភៈខាងមុខ។

ប្រធានាធិបតី​រុស្ស៊ី និង​ប្រធានាធិបតី​ចិន នៅ​ក្នុងជំនួបកំពូល​ក្រុមប្រទេស​BRIC នៅ​ប្រទេស​ប្រេស៊ីល ឆ្នាំ ២០១៩
ប្រធានាធិបតី​រុស្ស៊ី និង​ប្រធានាធិបតី​ចិន នៅ​ក្នុងជំនួបកំពូល​ក្រុមប្រទេស​BRIC នៅ​ប្រទេស​ប្រេស៊ីល ឆ្នាំ ២០១៩ AP - Ramil Sitdikov
ផ្សាយពាណិជ្ជកម្ម

សូរស័ព្ទជាមិត្តនឹងគ្នា នៃកិច្ចសន្ទនា ដែលភាគខ្លះផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍រុស្ស៊ី ច្រៀកជាមួយ នឹងសម្លេងទិតៀនបស្ចិមលោក ដែលចោទម៉ូស្គូថា កំពុងគ្រោង​លុកលុយ​ចូលដែនដី​អ៊ុយក្រែន ក៏ដូចជា ទិតៀនប៉េកាំង ក្នុងរឿងបង្ក្រាបប្រ​ជាពលរដ្ឋចិន នៅ ហុងកុង និង ស៊ីនជាំង។

លោក វ៉្លាឌីមៀរ ពូទីន បានសាទរយ៉ាងក្លៀវក្លា គុណភាពនៃទំនាក់ទំនងឧបតោភាគី ដែលឈរលើ “ ការមិនលូកដៃ​ជ្រៀតជ្រែក" , “ ការគោរពផលប្រយោជន៍ម្ខាងៗ” និង “ ភាពប្តេជ្ញាប្រែព្រំប្រទល់រួម ឲ្យទៅជា ខ្សែ ក្រវាត់នៃសន្តិភាពជារៀងរហូត និង រួមរស់ភូមិ​ផង​របង​ល្អនឹងគ្នា”។

“ ខ្ញុំចាត់ទុកទំនាក់ទំនងនេះថាជា គម្រូមែនពិត នៃសហប្រតិបត្តិការ រវាងរដ្ឋនិងរដ្ឋ ក្នុងសតវត្សរ៍ទី ២១ “ -លោកប្រធានាធិបតីរុស្ស៊ី បានថ្លែងទៅកាន់ “ ប្រិយមិត្តគាត់ “  លោក ស៊ី ជីនពីង ។

ដោយគូសបញ្ជាក់ពី “ ឋិរភាពជីវិត” នៃ ទំនាក់ទំនងរុស្ស៊ី-ចិន លោកប្រធានាធិបតីចិន ស៊ី ជីនពីង​បាន​ប្រមាណថា ប្រទេស ទាំងពីរ បានក្លាយ​ទៅហើយជា តំណាងនៃ ពហុប៉ូល​ពិតប្រាកដ និង នៃការការពារ សមធម៌អន្តរជាតិ និង សេចក្តីយុត្តិធម៌។ នេះបើតាម​ការផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន Xinhua។

តាមសំដី ទីប្រឹក្សាការទូត​វិមានក្រេមឡាំង លោក Yuri Ushakov ការពិភាក្សា រវាង លោក ពូទីន និង លោក ស៊ី គឺជា ការពិភាក្សា រវាង សហសេវិក​ពីរនាក់ និង រវាង មិត្តពីរនាក់។

ភាពជិតស្និទ្ធនឹងគ្នានេះ គឺខុសស្រឡះពី ការសន្ទនា​មិនសូវរាក់ទាក់ ដែលមេដឹកនាំរុស្ស៊ី និង ចិន បានធ្វើ នាប៉ុន្មានសប្តាហ៍ចុងក្រោយ ជាមួយ មេដឹកនាំអាមេរិក លោក ចូ បៃដិន។  

ប៉េកាំង និង ម៉ូស្គូ ក៏មានលទ្ធភាព បញ្ចេញមតិ អំពី ការចាត់ចែងដោយ លោកប្រធានាធិបតី​អាមេរិកាំង ក្នុង សប្តាហ៍មុន ជា ជំនួបកំពូល តាមអនឡាញ នៃប្រជាធិបតេយ្យ ក្នុងឋានៈជា ប្រតិបត្តិការ ប្រឆាំងរុស្ស៊ី និង ចិន តែម្តង។

ចៅហ្វាយវិមានក្រេមឡាំង បានបញ្ជាក់ នៅថ្ងៃពុធ ​ថា ប្រមុខរដ្ឋទាំងពីរ នឹងជួបគ្នាដោយផ្ទាល់ នៅក្រុងប៉េកាំង ក្នុងឱកាសសម្ពោធ កីឡាអូឡាំពិករដូវរងា ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃ ទី៤ ដល់ទី ២០ ខែ កុម្ភៈ ។  មេដឹកនាំចិន ពីចំណែកខ្លួន មានប្រសាសន៍ថា គាត់នៅរង់ចាំជំនួបនេះ ដោយ” ច្រាស់ច្រាល់”។

មេដឹកនាំទាំងពីរ ខានជួបគ្នាដោយផ្ទាល់ សឹងពីរឆ្នាំហើយ តាំងពីមានផ្ទុះឡើង​ជាជំងឺឆ្លង​សកល កូវីដ។ លោកប្រធានាធិបតីរុស្ស៊ី ក៏បានរំលឹកថា លោក ស៊ី ជីនពីង និង រូបគាត់ផ្ទាល់ សុទ្ធតែជំទាស់នឹង ការប៉ុនប៉ង ប្រែកីឡា និង ចលនាអូឡាំពិក  ទៅជារឿងនយោបាយ ។

ចិន បានបរិហារទៅហើយ សេចក្តីសម្រេចពេលថ្មីៗ របស់ សហរដ្ឋអាមេរិក កាណាដា និង អូស្ត្រាលី ដែល មិនបញ្ជូនពួក អ្នកនយោបាយ ជាតំណាងខ្លួន ទៅចូលរួមក្នុងពិធីសម្ពោធនេះ ដោយប្រតិកម្មទល់នឹង ការរំលោភបំពានលើ សិទ្ធិមនុស្ស ជាពិសេសនៅខេត្ត ស៊ីនជាំង ប៉ែកពាយ័ព្យ ប្រទេសចិន  ដែលរស់នៅភាគច្រើន គឺ ដោយ បណ្តាជនកាន់សាសនាអ៊ីស្លាម អ៊ុយហ្គួរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ