អានតួអត្ថបទ
នុយក្លេអ៊ែរ-បរិស្ថាន

អឺរ៉ុបត្រូវចំណាយ៥០០ពាន់​លាន​អឺរ៉ូ​ ដើម្បី​វិនិយោគ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរជំនាន់ថ្មី

ដើម្បី​ធ្វើ​អន្តរកាលថាមពល​ និង​អាចផ្តល់​​ចំណាត់​ថ្នាក់​ឱ្យ​នុយក្លេអ៊ែរ​ជា​​ថាមពលបៃតង​បាន អឺរ៉ុប​ត្រូវ​ការ​ធ្វើ​វិនិយោគ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ជំនាន់​ថ្មី ចំនួន ៥០០ពាន់​លាន​អឺរ៉ូ ពីពេលនេះ​ដល់​ឆ្នាំ​២០៥០។ នេះបើ​តាមការ​អះអាង​របស់​លោក​​ស្នងការ​ទីផ្សារ​​ផ្ទៃក្នុង​អឺរ៉ុប ជេរី ប្រឺតុង Thierry Breton។

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ជំនាន់​ថ្មី EPR នៅ​ Flamanvilleប្រទេស​បារាំង
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ជំនាន់​ថ្មី EPR នៅ​ Flamanvilleប្រទេស​បារាំង ®REUTERS/Benoit Tessier/File photo
ផ្សាយពាណិជ្ជកម្ម

ធ្វើ​អន្តរកាល​ថាមពល​ដើម្បី​បរិស្ថាន តម្រូវ​ឱ្យ​មាន​ការ​ធ្វើ​បដិវត្តន៍​​ឧស្សាហកម្ម​ទ្រង់ទ្រាយ​ធំ​ខ្លាំង។ ដូច្នេះ​ ការ​ប្រកួត​ប្រជែង​រក​ទុន​មក​អភិវឌ្ឍ​ថាមពល​ក៏​ត្រូវ​តែខ្លាំងដែរ។ ដើម្បីសម្រួល​ការ​ផ្តល់​ហិរញ្ញវត្ថុ​​សម្រាប់​វិនិយោគ​វិស័យ​​​ថាមពល ​​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​​ប្រយុទ្ធប្រឆាំងនឹង​ការ​ប្រែប្រួលអាកាសធាតុ អឺរ៉ុប​ចង់​រាប់​បញ្ចូល​ថាមពលនុយក្លេអ៊ែរមួយ​ដែរ។ គណៈកម្មការអឺរ៉ុប​បាន​បង្ហើប​បង្ហាញ​គម្រោង​ផ្តល់ចំណាត់​ថ្នាក់ “​បៃតង” ​ដល់​មជ្ឈមណ្ឌលនុយក្លេអ៊ែរ និង​មជ្ឈមណ្ឌល​ថាមពល​ដើរ​ដោយ​ឧស្ម័ន កាលពី​ថ្ងៃទី ៣១​ធ្នូ​២០២១។ តាម​រយៈ​គម្រោង​នេះ អឺរ៉ុប​អាច​សាង​សង់​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ជំនាន់​ថ្មី ឱ្យ​បាន​មុនឆ្នាំ​២០៤៥។

នៅ​ថ្ងៃអាទិត្យ​ទី ៩​មករា​២០២២នេះ ស្នង​ការ​អឺរ៉ុប​បានលម្អិត​ថា មជ្ឈមណ្ឌលនុយក្លេអ៊ែរ​​ដែល​អឺរ៉ុប​មានស្រាប់ ត្រូវ​ការ​ថវិកាវិនិយោគ​​ចំនួន ៥០ពាន់​លានអឺរ៉ូ ​ពីពេ​លនេះ​ដល់​ឆ្នាំ​២០៣០ និង​៥០០ពាន់​លាន​អឺរ៉ូ សម្រាប់​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ជំនាន់​ថ្មី ពីពេលនេះ ដល់​ឆ្នាំ​២០៥០។ បើតាម​លោកស្នង​ការ​ បច្ចុប្បន្ននេះ ថាមពល​អគ្គីសនី​ប្រើ​នៅអឺរ៉ុប​ចំនួន​២៦%​បាន​មក​ពី​ថាមពល​នុយក្លេអ៊ែរ ហើយត្រូវ​ចុះ​ថយ​នៅ​ត្រឹម​យ៉ាង​ហោចក៏​​១៥% នៅ​ឆ្នាំ​២០៥០។

ចំណែក​ថាមពល​កើត​ឡើង​វិញ​ ត្រូវ​ការថវិកាវិនិយោគ​ចំនួន​​៦៥​ពាន់​លានអឺរ៉ូ​ក្នុង​មួយ​ឆ្នាំៗ និង​ត្រូវ​បូកបន្ថែមនូវ​​ប្រាក់​វិនិយោគប្រចាំឆ្នាំ​លើ​បណ្តាញ​រចនា​សម្ព័ន្ធ​​ ​៤៥​ពាន់​លានអឺរ៉ូ​ទៀត។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោកស្នងការ​ទីផ្សារ​ផ្ទៃក្នុង​អឺរ៉ុប​ដដែល។

គំនិត​ផ្តួចផ្តើម​​ផ្តល់​ចំណាត់​ថ្នាក់​ដល់​ថាមពល​នុយក្លេអ៊ែរ​ បាន​ក្លាយ​ជា​ប្រធានបទ​តស៊ូ​មតិ​យ៉ាង​ខ្លាំងក្លា​ ក្នុង​រង្វង់​សមាជិកសហភាព​អឺរ៉ុប ​ម្ខាង​នាំមុខ​ដោយ​បារាំង ជា​អ្នក​គាំទ្រការ​ប្រើ​ថាមពលអគ្គីសនី​នុយក្លេអ៊ែរ ឯ​អាល្លឺម៉ង់​និង​អូទ្រីសប្រឆាំង​ និង​​​ចង់នាំ​អឺរ៉ុប​ ឱ្យ​សម្រេច​អព្យាក្រិត្យ​កាបោន នៅ​ឆ្នាំ២០៥០​ ដោយ​​គ្មាន​​ថាមពលបរមាណូស៊ីវិល៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ