អានតួអត្ថបទ
ការប្រែប្រួល​អាកាសធាតុ

២០២១ ស្ថិត​ក្នុង​ចង្កោម​​៧​ឆ្នាំ​ចុងក្រោយ ​ដែល​​មាន​អាកាសធាតុ​​ក្តៅខ្លាំង​ជាង​គេ

តាមទិន្នន័យ​ផ្កាយ​រណប ភ្នាក់ងារ​អឺរ៉ុបខាង​​សង្កេត​មើល​ផែនដី កូពែរនីគូស៍ Copernicus បាន​ចេញ​របាយការណ៍ នៅ​ថ្ងៃចន្ទទី ១០​មករា​២០២២​ បង្ហាញអំពី​តុល្យការ​អាកាសធាតុ​គួរ​ឱ្យ​ព្រួយ​បារម្ភ។ ៧ឆ្នាំចុងក្រោយ​នេះ ពោលគឺពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០២១ ជា​រយៈ​ពេល​ដែល​មានអាកាសធាត​ក្តៅ​ខ្លាំង​ជាង​គេ​បំផុត មិន​ធ្លាប់​ជួប​ប្រទះ​ទេ​នៅ​លើ​ភពផែនដី។ នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា​ ជាមួយ​នឹង​បរិមាណឧស្ម័ន​ផ្ទះកញ្ចក់​ឡើង​ដល់​កំរិត​កំពូល  ផែនដី​ឡើង​កម្តៅ​​ជា​និច្ច។

២០២១ ស្ថិត​ក្នុង​ចង្កោម​ឆ្នាំ​ទាំង​៧​ដែល​​មាន​អាកាសធាតុ​​ក្តៅខ្លាំង​ជាង​គេ​
២០២១ ស្ថិត​ក្នុង​ចង្កោម​ឆ្នាំ​ទាំង​៧​ដែល​​មាន​អាកាសធាតុ​​ក្តៅខ្លាំង​ជាង​គេ​ REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

៧​ឆ្នាំចុងក្រោយ​នេះ​ ជារយៈ​ពេល​​ដែល​ក្តៅ​ជាងគេ​បំផុត នៅ​លើ​ភព​ផែនដី។ ឯ​២០២១ ជាប់​ចំណាត់​ថ្នាក់​ជា​ឆ្នាំក្តៅ​ជាង​គេ​បំផុតមិន​ធ្លាប់​មាន ​លំដាប់​លេខ​៥​ទេ ប៉ុន្តែ​ជា​ឆ្នាំ​ដែលបាន​បំបែក​ឯតទគ្គកម្ម​អឺរ៉ុប នៅ​​រដូវ​ក្តៅ ជា​ឆ្នាំ​ដែល​មាន​គ្រោះ​មហន្តរាយ​បណ្តាលមកការ​ប្រែប្រួល​អាកាសធាតុ​ យ៉ាង​សាហាវ​និង​អាក្រក់​បំផុត ៖ ក្តៅហួត​ហែង​មរណៈ​នៅ​អាមេរិក​ខាង​ជើង នៅអឺរ៉ុប​ខាង​ត្បូង ភ្លើង​ឆេះ​ព្រៃនៅកាណាដា ស៊ីបេរី ភ្លៀង​ធ្លាក់​ខ្លាំង​ហួសហេតុ​នៅ​ចិន​ នៅ​អឺរ៉ុប​ខាងលិច។

បើ​តាម​ភ្នាក់ងារអឺរ៉ុប Copernicus ​  សីតុណ្ហភាព​ជា​មធ្យមប្រចាំ​ឆ្នាំ​២០២១ ខ្ពស់​ជាង​សម័យ​មុន​ឧស្សាហកម្ម (១៨៥០-១៩០០) ប្រមាណ​ពី ១,១អង្សា​ទៅ ១,២អង្សា។ បាន​ន័យ​ថា​ជិត​ស្មើ​នឹង​​កម្មវត្ថុ​ដែល​មាន​ចែងក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីសទៅ​ហើយ។ កាលពី​ឆ្នាំ ២០១៥​ ពិភពលោក​បាន​ព្រមព្រៀង​កំរិត​ការឡើង​កម្តៅអាកាសធាតុ​ឱ្យ​បាន​ក្រោម​២អង្សា និងក្រោម​​១អង្សា​កន្លះ​ផង​បើ​អាច​ នៅ​ដំណាច់សតវត្សរ៍ទី២១។

មិន​តែ​ប៉ុណ្ណោះ ភ្នាក់ងារ​កូពែរនីគូស៍ បាន​វាស់​ឃើញ​ទៀត​ថា ឆ្នាំ ២០២១ ជា​ឆ្នាំ​ដែល​មាន​កំហាប់​ឧស្ម័នកាបូនិក ផលិត​ដោយ​ស្នាដៃ​មនុស្ស​មក​បំពុល​បរិយាកាស​ ខ្ពស់​ដល់កំរិត​​កំពូល គឺ ៤១៤,៣PPM។ កាលពី​ឆ្នាំ​២០២០ ទោះ​សកម្មភាពឧស្សាហកម្មបាន​បន្ថយ​ល្បឿន ក៏​កំហាប់​ឧស្ម័ន​កាបូនិក​បាន​ឡើង​ខ្ពស់​ខ្លាំង​ដែរ ដល់​ទៅ ៤១៣,២PPM ពោល​គឺ​​​១៤៩%​លើស​សម័យ​មុន​ឧស្សាហកម្ម។ ចំណែកឧស្ម័ន​មេតាន ដែលជាប្រភេទ​​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដ៏​កំណាច​ជាង​CO2​ទៅ​ទៀត​នោះ ក៏​ឡើង​ដល់​អតិបរិមា​តែ​ម្តងដែរ។ នេះបើ​តាម​ទិន្នន័យ​បឋម​របស់​ភ្នាក់ងារ​អឺរ៉ុប​ដដែល។ នៅក្នុង​សន្និសីទអាកាសធាតុ​ COP26 កាលពី​ខែ​វិច្ឆិកា​២០២១ ប្រទេស​ជាង​មួយ​រយ​បាន​ផ្តួចផ្តើមគំនិតថា​ត្រូវ​កាត់​បន្ថយ​ឧស្ម័ន​មេតាន​​ចំនួន​៣០%​ ដើម្បី​សម្រេចកម្មវត្ថុ​​ទប់​កម្តៅ​ផែនដីឱ្យ​ឡើង​​ត្រឹម១អង្សា​កន្លះបាន។ ប៉ុន្តែបើ​យោល​តាម​​ពាក្យ​ប្តេជ្ញា​​របស់​រដ្ឋាភិបាលនីមួយៗ ក្រោយ Glasgow ​ កម្តៅ​សីតុណ្ហភាព​នៃភព​ផែន​នឹង​បោះ​ពួយ​ឡើង​ដល់​២,៧អង្សា​ឯណោះ នៅ​ឆ្នាំ​២១០០។

នាយក​ទីភ្នាក់ងារ​បាន​អះអាងថា នេះ​ជា​សារ​ព្រមាន​ថ្មី និង​ជា​របាយការណ៍​ពញ្ញាក់​រំលឹក​អំពី​ភាព​ចាំបាច់​​ដែល​​ត្រូវ​ប្តូរផ្លាស់ ​ដែល​ត្រូវ​ចាត់​វិធានការ​ជាក់ស្តែង​ និង​ផ្តាច់​ព្រ័ត្រ​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ