អានតួអត្ថបទ
អឺរ៉ុប-អូមីក្រុង

WHO៖​នៅ២ខែខាងមុខ ជាងពាក់កណ្តាល​ប្រជាជនអឺរ៉ុប​នឹង​អាច​ឆ្លងមេរោគកូវីដ អូមីក្រុង

ជាមួយ​សន្ទុះឆ្លងលឿន​នៃមេរោគកូវីដ​អូមីក្រុង នៅដើម​ឆ្នាំនេះ អង្គការ​សុខភាពពិភពលោក​ បានវាយតម្លៃថា ជាងពាក់កណ្តាល​នៃ​ប្រជាជន​អឺរ៉ុបនឹង​អាចឆ្លង មេរោគកូវីដ​បំប្លែងខ្លួន អូមីក្រុង ក្នុងរយៈពេល​២ខែ​ខាងមុខ។ នៅក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​អង្គារ ទី ១១​មករា ២០២២ ប្រធានអង្គការពិភពលោក​ប្រចាំ​​អឺរ៉ុបបាន​ព្រមានថា អូមីក្រុង​នឹង​ធ្វើ​ឲ្យរលកឆ្លងជំងឺ កូវីដបោកបក់​ពីលិចទៅកើត ពេញផ្ទៃ​ទ្វីបអឺរ៉ុប ពីពេលនេះ ទៅ៦ ឬ​៨សប្តាហ៍។​

ប្រជាជន​ពាក់ម៉ាស​ដើរនៅ​កន្លែងទេសចរណ៍ ក្បែរ​អគារ​តួអេហ្វែល ក្រុង​ប៉ារីស ថ្ងៃទី ៦មករា ២០២១
ប្រជាជន​ពាក់ម៉ាស​ដើរនៅ​កន្លែងទេសចរណ៍ ក្បែរ​អគារ​តួអេហ្វែល ក្រុង​ប៉ារីស ថ្ងៃទី ៦មករា ២០២១ REUTERS - GONZALO FUENTES
ផ្សាយពាណិជ្ជកម្ម

អឺរ៉ុបកំពុងបោកខ្ទប់​ដោយមហារលកចម្លងថ្មី​នៃជំងឺកូវីដ​១៩។ តាម​អង្គការ​សុខភាព​ពិភពលោក ក្នុងមួយសប្តាហ៍ដំបូង នៃ​ខែ​មករា​ឆ្នាំថ្មីនេះ មានប្រជាជនអឺរ៉ុប ៧លាននាក់​បាន​ឆ្លងមេរោគកូវីដ។ ​ប្រទេស​អឺរ៉ុប​ចំនួន​៥០ (ក្នុង​ចំណោម​សរុប ៥៣) ​ប្រកាស​រកឃើញមានករណី​ឆ្លង​អូមីក្រុង។ គិត​មកដល់​ថ្ងៃចន្ទដើមសប្តាហ៍នេះ ពាក់កណ្តាល​នៃ​ប្រទេស​អឺរ៉ុប (២៦ប្រទេស)​ អះអាងថា ១%នៃប្រជាជន​របស់​ខ្លួន​បាន​ឆ្លងមេរោគកូវីដក្នុង​មួយសប្តាហ៍ៗ​។

ផ្អែកទៅលើ​ល្បឿន​នៃ​រលក​ចម្លង​ថ្មី បង្កឡើង​ដោយ​អូមីក្រុង ប្រធាន​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​អឺរ៉ុប លោក​ Hans Kluge បាន​ព្រមានថា នៅក្នុង​រយៈពេល​២ខែ​ទៅមុខ ពាក់កណ្តាល​នៃ​ប្រជាជន​អឺរ៉ុប​នឹង​អាច​ឆ្លងជំងឺកូវីដ។ សូមបញ្ជាក់ថា ទ្វីបអឺរ៉ុប​ដែលអាច​មានបញ្ចូល​ប្រទេស​អាស៊ីកណ្តាល​មួយចំនួន មានប្រជាជនរស់នៅជាង ៧៤៨លាននាក់។

កាលពី​ខែ​វិច្ឆិកាកន្លងទៅ នៅពេល​អឺរ៉ុប​ចាប់ផ្តើម​ប្រឈម​រលកទី​៥​នៃ​ជំងឺកូវីដ ប្រធានអង្គការ​សុខភាព​ពិភពលោក​ប្រចាំ​អឺរ៉ុប​ដដែលធ្លាប់បាន​សំដែងក្តីបារម្ភ​ពី​ល្បឿនឆ្លងនៃ​មេរោគកូវីដ​ក្នុងទឹកដីអឺរ៉ុប និង​ថាកូវីដ១៩​អាច​នឹងឆក់​យក​​ជីវិត​មនុស្ស​អស់​កន្លះ​លាន​នាក់​បន្ថែម​ទៀត នៅ​អឺរ៉ុប គិត​រហូត​ដល់​ចុងខែ​កុម្ភៈ​២០២២។

នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​អង្គារ ប្រធានអង្គការ​សុខភាពពិភពលោក​ប្រចាំ​ទ្វីបអឺរ៉ុប​បាន​មានប្រសាសន៍ដែរថា អូមីក្រុង​ដែល​ងាយឆ្លង និង​ឆ្លងលឿនខ្លាំងមាន​លក្ខណៈពិសេស​បំប្លែងខ្លួន​ដែលអនុញ្ញាតឲ្យមេរោគអាច​ជ្រាបចូលយ៉ាងងាយ​ទៅក្នុង​ជាលិការបស់​មនុស្ស និង​អាច​ឆ្លង​ទៅ​កាន់​មនុស្ស​ដែល​ធ្លាប់ឆ្លងកូវីដរួចហើយ ឬ​អ្នកដែល​បានទទួល​ចាក់វ៉ាក់សាំង។ ទាក់ទង​នឹង​អូមីក្រុងនេះ ក្រុមហ៊ុនឱសថ​អាមេរិក Pfizer បាន​អះអាងថា គេ​នឹង​អាច​ផលិត​ចេញ វ៉ាក់សាំង​ប្រឆាំង​មេរោគអូមីក្រុង​នៅអំឡុង ខែ​មីនាខាងមុខ។​

សម្រាប់​លោក​ Hans Kluge ទោះបីជា អូមីក្រុង មិន​បាន​ធ្វើ​ឲ្យ​ ករណីស្លាប់​ដោយសារ​ជំងឺកូវីដកើនឡើង​មែន ប៉ុន្តែ ល្បឿនឆ្លង ​របស់​អូមីក្រុង​កំពុង​ដាក់សម្ពាធខ្លាំង​លើ​មន្ទីរពេទ្យ ក្នុង​បណ្តាប្រទេស​អឺរ៉ុប ដែលកំពុង​​ចាប់ផ្តើម​ឡើង​ចាល់បណ្តើរៗ​ ដោយអ្នកជំងឺកូវីដ។

ជាមួយ​​រលកឆ្លងខ្លាំង​នៃ​ជំងឺកូវីដ រដ្ឋាភិបាល​នៅប្រទេស​អឺរ៉ុប​មួយចំនួន បាន​បង្កើនល្បឿនយុទ្ធនាការ​ចាក់ដូសជំរុញ និង​ចាក់វ៉ាក់សាំង​បង្ការកូវីដក្នុង​ចំណោមប្រជាជន​ដែល​មិនទាន់​ចាក់វ៉ាក់សាំង​ទាល់តែសោះ ដូចជា​កុមារ​ជាដើម។ នៅបារាំង ជាមួយករណីឆ្លង ជាង ២សែននាក់ ក្នុង​មួយថ្ងៃៗ នៅ​ក្នុងរយៈពេលជាង​១សប្តាហ៍មកនេះ សាលារៀនរាប់ពាន់​ត្រូវ​បាន​បិទទ្វារដោយសារ​ការកើនឡើង​នៃ​ករណីឆ្លងកូវីដក្នុងចំណោម​កុមារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ