អានតួអត្ថបទ
សង្រ្គាមអ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែនចាត់ទុក​ការឈ្លានពាន​របស់​រុស្ស៊ីថា ជាចេតនា​លុបបំបាត់ចោល​ប្រជាជនអ៊ុយក្រែន

មកដល់​ថ្ងៃទី​៧ នៃ​សង្រ្គាមអ៊ុយក្រែន កងទ័ព​រុស្ស៊ី​បាន​អះអាងថា គេបាន​វាយចូលគ្រប់គ្រង​ទីក្រុងឆ្នេរសមុទ្រ​នៅភាគខាងត្បូង​អ៊ុយក្រែន ចំណែក​កងឆ័ត្រយោង​រុស្ស៊ី​បានវាយលុកចូលដល់​ទីក្រុង​ខាកៀវ ទីក្រុង​ធំទី២ របស់​អ៊ុយក្រែន។ តាម​អាជ្ញាធរគ្រប់គ្រងថ្នាក់តំបន់​អ៊ុយក្រែន មនុស្ស២២នាក់ ស្លាប់ និង​មនុស្សជាង​១០០នាក់​រងរបួស​នៅក្នុងការវាយប្រហារ​របស់​រុស្ស៊ី ទៅលើ​ទីក្រុង​ខាកៀវ នៅមួយថ្ងៃចុងក្រោយនេះ។

អង់តែនទូរទស្សន៍ធំជាងគេរបស់​អ៊ុយក្រែន​នៅទីក្រុង​កៀវ​ដែល​សង់​នៅក្នុង​តំបន់​គោរពវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ជ្វីហ្វ​ ស្លាប់​ក្នុង​សម័យសង្រ្គាមលោកលើកទី២ ត្រូវបានបាញ់បំផ្លាញ​ដោយមីស៊ីល​រុស្ស៊ី កាលពីថ្ងៃទី ១​មីនា ២០២២
អង់តែនទូរទស្សន៍ធំជាងគេរបស់​អ៊ុយក្រែន​នៅទីក្រុង​កៀវ​ដែល​សង់​នៅក្នុង​តំបន់​គោរពវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ជ្វីហ្វ​ ស្លាប់​ក្នុង​សម័យសង្រ្គាមលោកលើកទី២ ត្រូវបានបាញ់បំផ្លាញ​ដោយមីស៊ីល​រុស្ស៊ី កាលពីថ្ងៃទី ១​មីនា ២០២២ REUTERS - CARLOS BARRIA
ផ្សាយពាណិជ្ជកម្ម

នៅយប់​ថ្ងៃ​អង្គារ ឈាន​ចូល​ដល់​ថ្ងៃ​ពុធនេះ កងឆ័ត្រយោងរុស្ស៊ី​បានទម្លាក់ខ្លួនចូលដល់​ទីក្រុង​ខាកៀវ (Kharkiv) បន្ទាប់ពីទីក្រុង​ធំទី​២​របស់​អ៊ុយក្រែនក្បែរព្រំដែនរុស្ស៊ីមួយនេះ​បាន​រងការវាយប្រហារ​ដ៏សន្ធឹក​ដោយគ្រាប់ផ្លោង​របស់​កងទ័ព​រុស្ស៊ី កាលពីថ្ងៃ​អង្គារ។ នេះបើតាម​ការប្រកាស​របស់​កងទ័ពអ៊ុយក្រែន នៅ​លើ​បណ្តាញ​តេឡេក្រាម នៅថ្ងៃ​ពុធទី​២​មីនា។ តាម​កងទ័ព​អ៊ុយក្រែន ការប្រយុទ្ធគ្នាក៏​​បាន​ចាប់ផ្តើម​មាន​បណ្តើរៗ​នៅ​ក្នុងទីក្រុង​ខាកៀវ ជាទីដែលមាន​ប្រជាជន​រស់នៅ​ជាង ១លាន៤សែននាក់។

ទីប្រឹក្សា​រដ្ឋមន្រ្តីមហាផ្ទៃអ៊ុយក្រែនវិញ​បាននិយាយ​ថា ស្ទើរគ្រប់កន្លែងក្នុងទីក្រុង​ខាកៀវ​បាន​រងការបំផ្លាញដោយសារ​មីស៊ីល គ្រាប់ផ្លោង​របស់​កងទ័ពរុស្ស៊ី ដែលបាន​សម្លាប់ជីវិត​មនុស្ស​ជាង២០នាក់ និង​របួស​ជាង​១០០នាក់ កាលពីថ្ងៃអង្គារ។

នៅថ្ងៃ​អង្គារដែរ ​មីស៊ីល​របស់​រុស្ស៊ី​បានបាញ់បំផ្លាញ​អង់តែន​ទូរទស្សន៍​ដ៏ធំជាងគេ​របស់​អ៊ុយក្រែន នៅទីក្រុង​កៀវ និង​បាន​សម្លាប់​មនុស្ស​៥នាក់។ នៅក្រោយ​ការបាញ់បំផ្លាញ​អង់តែនទូរទស្សន៍​ដែល​សាងសង់​នៅ​ក្នុ​ងតំបន់​គោរពវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ជ្វីហ្វ​ក្នុង​សម័យ​សង្រ្គាម​លោកលើកទី២ ប្រធានាធិបតី អ៊ុយក្រែន លោក​ហ្សេឡេនស្គី បានថ្លែង​​ចាត់ទុក​ការវាយប្រហារ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែនថា​ ជា​ចេតនារបស់​រុស្ស៊ី​ដែល​ចង់​កម្ចាត់ប្រជាជន​អ៊ុយក្រែន បំបាត់ប្រវត្តិសាស្រ្ត និង​លុបអ៊ុយក្រែន​ពីផែនទី។

ដូច្នេះ ប្រមុខរដ្ឋ​អ៊ុយក្រែន​បាន​អំពាវនាវ​ឲ្យ​សហគមន៍​ជនជាតិ​ជ្វីហ្វ​​នៅ​ក្នុងពិភពលោក​ងើបឡើង​ដើម្បី​និយាយ​ថ្កោលទោស​រុស្ស៊ី។

នៅក្រោយ​ការវាយលុក​របស់​កងឆ័ត្រយោង​រុស្ស៊ីនៅ​ទីក្រុង​ខាកៀវ រដ្ឋធានី​កៀវ​អាច​ជា​ផ្ទាំងស៊ីបធំទី២​របស់​កងទ័ពរុស្ស៊ី។ រូបភាពផ្កាយរណប របស់​ក្រុមហ៊ុនអាមេរិកាំង​Maxar បានបង្ហាញ​កាលពីថ្ងៃអង្គារ ក្បួនរថពាសដែក និង​រថយន្តដឹកកងទ័ព​រុស្ស៊ី​ប្រវែង​៦០គីឡូម៉ែត្រ​កំពុង​បែរសំដៅទីក្រុង​កៀវ។ តាម​អ្នកទទួលខុសត្រូវ​ម្នាក់​នៅ ក្រសួងការពារជាតិអាមេរិក​ដែល​ដកស្រង់សំដី​ដោយ​ទីភ្នាក់ងារព័ត៌មានបារាំង​AFP ​ក្បួនកងទ័ពរុស្ស៊ី​មិន​សូវ​លូនលឿនទៅមុខ ដោយសារ​ការប្រយុទ្ធតដៃ​ពីសំណាក់​កម្លាំងតស៊ូអ៊ុយក្រែន និង​ដោយសារ​បញ្ហា​ខ្វះខាតស្បៀង និងប្រេងឥន្ធនៈ។

នៅពេល​កងទ័ពថ្មើរជើង​រុស្ស៊ី​មិនសូវ​រុលទៅមុខ​សំដៅ​ក្រុង​កៀវ ប៉ុន្តែ កងទ័ពរុស្ស៊ី​បាន​សម្រេច​ជោគជ័យ​ច្រើន​នៅសមរភូមិភាគខាងត្បូងអ៊ុយក្រែន។ នៅថ្ងៃ ពុធនេះ ក្រសួងការពារ​ជាតិ​រុស្ស៊ី​បាន​អះអាង​វាយយកបាន​ Kherson ទីក្រុង​ឆ្នេរសមុទ្រ ក្បែរ​តំបន់​គ្រីមេដែលរុស្ស៊ី​បានកាត់យកពីអ៊ុយក្រែន​កាលពី​ឆ្នាំ ២០១៤។ នៅក្នុង​ការប្រកាស​តាម​កញ្ចក់ទូរទស្សន៍ អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​រុស្ស៊ី​បាន​និយាយថា កងទ័ពរុស្ស៊ី​បាន​ចូលគ្រប់គ្រង​ទីក្រុង Kherson និង​ថា​ភាគីរុស្ស៊ី​កំពុង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ស្តារសណ្តាប់ធ្នាប់។ ចៅហ្វាយក្រុង​Kherson វិញ​បាន​និយាយ​ផ្ទុយពីការលើកឡើង​របស់​រុស្ស៊ី​ដោយថា Kherson ស្ថិតនៅក្នុង​ដៃ​របស់​ប្រជាជន​អ៊ុយក្រែននៅឡើយ និង​ថា ភារៈកិច្ចរបស់​អាជ្ញាធរ​អ៊ុយក្រែន​គឺ​ត្រូវ​ប្រមូល​សាកសព​ជនរងគ្រោះ ស្តារឡើងវិញ បណ្តាញ​អគ្គិសនី ហ្គាស​និង​ទឹក​នៅតំបន់​ដែល​រងការវាយប្រហារ​របស់​កងទ័ពរុស្ស៊ី។

គិតសរុប​ក្នុងរយៈពេល​៧ថ្ងៃ​ដែលរុស្ស៊ី​ធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន កងទ័ពរុស្ស៊ី​តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិ​ អះអាងថា គេ​បាន​បាញ់បំផ្លាញ រចនាសម្ព័ន្ធ​យោធា​អ៊ុយក្រែន ជាង ១៥០០កន្លែង បំផ្លាញ​យន្តហោះ ៥៨គ្រឿង រថក្រោះ​របស់​កងទ័ពអ៊ុយក្រែន​ចំនួន​៤៧២គ្រឿង។ ប្រធានាធិបតីអ៊ុយក្រែនវិញលើកឡើងថា ភាគី​រុស្ស៊ីក៏​ខាតបង់ធ្ងន់ធ្ងរ​ណាស់ដែរ ព្រោះថា កងទ័ព​រុស្ស៊ី​ប្រមាណ ៦០០០នាក់​ស្លាប់​នៅក្នុង​សង្រ្គាមអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ