អានតួអត្ថបទ
អ៊ុយក្រែន-នុយក្លេអ៊ែរ

សង្គ្រាម​អ៊ុយក្រែន ៖ បាត់ការ​ទាក់ទង​​​ជាមួយប្រព័ន្ធគ្រប់គ្រង​សារធាតុ​នុយក្លេអ៊ែរ​នៅ​ឈែរណូប៊ីល

ទីភ្នាក់ងារថាមពល​បរមាណូអន្តរជាតិ​ បាន​សម្តែងការកង្វល់​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ ៩ មីនា​នេះ ដោយ​គូស​បញ្ជាក់​ថា ប្រព័ន្ធ​គ្រប់គ្រង ពី​ចម្ងាយ ​​សារធាតុ​នុយក្លេអ៊ែរ​នៅ​មជ្ឈមណ្ឌល​ឈែរណូប៊ីល ឈប់​ផ្តល់​ទិន្នន័យ​មកឱ្យ​​ភ្នាក់ងារ។ មជ្ឈមណ្ឌល​អគ្គីសនី​នុយក្លេអ៊ែរ​ឈែរណូប៊ីល របស់អ៊ុយក្រែន ដែល​ធ្លាប់​មានគ្រោះ​ថ្នាក់​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នុយក្លេអ៊ែរស៊ីវិល​​ កាលពី​ឆ្នាំ​១៩៨៦ ស្ថិតក្រោម​ការគ្រប់​គ្រង​​រុស្ស៊ី តាំង​ពី​រុស្ស៊ីចូលវាយប្រហារ​លើ​អ៊ុយក្រែន​ភ្លាម​មក។

បាត់បណ្តាញភ្ជាប់​​ជាមួយប្រព័ន្ធគ្រប់គ្រង​សារធាតុ​នុយក្លេអ៊ែរ​នៅ​ឈែរណូប៊ីល
បាត់បណ្តាញភ្ជាប់​​ជាមួយប្រព័ន្ធគ្រប់គ្រង​សារធាតុ​នុយក្លេអ៊ែរ​នៅ​ឈែរណូប៊ីល REUTERS/Yaroslav Yemelianenko
ផ្សាយពាណិជ្ជកម្ម

លោក Rafael Grossi ប្រធានទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ ដែល​ជា​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រប់​គ្រង​វិស័យ​នុយក្លេអ៊ែរ បាន​អះអាង​ថា ការ​ទាក់ទង​ជាមួយ​​ប្រព័ន្ធ​គ្រប់​គ្រង​សារធាតុនុយក្លេអ៊ែរ ដើម្បី “ធានា” សុវត្ថិភាព​របស់​មជ្ឈមណ្ឌលនុយក្លេអ៊ែរឈែរណូប៊ីល ត្រូវ​បានកាត់ផ្តាច់។ បណ្តាញទាក់ទងនេះ ជា​ការផ្តល់​នូវ​ទិន្នន័យ​ សម្រាប់​​​ “ធានា” តាម​ផ្នែកបច្ចេកទេស ថាគ្មាន​ការ​រីកសាយភាព​សារធាតុនិងអាវុធ​​​នុយក្លេអ៊ែរ​ និង​អាច​ចាប់​សញ្ញា​បាន​ជាមុន​នៅ​មាន​ករណី​ប្រើ​ប្រាស់​​ហួស​កំរិត។

ចំណែក​ស្ថានភាព​របស់​អ្នក​បំរើការ​នៅ​ក្នុង​មជ្ឈមណ្ឌលវិញ មាន​អ្នក​បច្ចេកទេស​និងអ្នកយាម​អ៊ុយក្រែន​​ជាង​២០០​នាក់​ កំពុង​ជាប់​កុន​ ហើយត្រូវ​ធ្វើ​ការដោយ​គ្មានឈប់​សម្រាក​សោះ​អស់​រយៈ​១៣ថ្ងៃ​ជាប់​គ្នាមកហើយ ​ក្រោម​បញ្ជា​របស់​រុស្ស៊ី។ ដោយ​យល់ពីសក្តានុពល​នៃ​គ្រោះ​ថ្នាក់​នុយក្លេអ៊ែរ ភ្នាក់ងារ​AIEAបាន​ស្នើ​សុំ​ឱ្យ​រួច​ហើយ​ឱ្យ​រុស្ស៊ី​ដាក់​វេន​ឆ្លាស់​គ្នា​ធ្វើ​ការ ផ្តល់ម៉ោង​សម្រាក និង​កំណត់​ពេលម៉ោង​ធ្វើការ​​ត្រឹមត្រូវ​ដើម្បី​សុវត្ថិភាព​​របស់​មជ្ឈមណ្ឌល។

សម្រាប់​ពេល​នេះ អ្នកចាត់​ចែង​អ៊ុយក្រែន​អាច​ទាក់ទង​ជាមួយ​នឹងមជ្ឈមណ្ឌលបាន​តាម​រយៈ​សារ​អេឡិចត្រូនិកតែប៉ុណ្ណោះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក Grossi បានទទូច​ហើយ​ទទូចទៀត​សុំធ្វើ​ដំណើរទៅ​មជ្ឈមណ្ឌលឈែរណូប៊ីល​ឬ​កន្លែងផ្សេង​ទៀត ដើម្បី​បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​សន្យា​រក្សា​សន្តិសុខ​ និង​សន្យា​ធានា​មិន​ធ្វើ​ឱ្យ​មានគ្រោះ​ថ្នាក់​នៅមជ្ឈមណ្ឌលអគ្គីសនី​នុយក្លេអ៊ែរអ៊ុយក្រែន។

សូម​បញ្ជាក់​ថា​ ក្រៅ​ពី​ឈែរណូប៊ីល រុស្ស៊ី​បានចូលគ្រប់គ្រង​តាំងពី​ថ្ងៃ​សុក្រ​ទី ៤​មីនា​មកមជ្ឈមណ្ឌលនុយក្លេអ៊ែរ Zaporojie មួយទៀតដែល​ស្ថិត​​នៅភាគ​អាគ្នេយ៍​អ៊ុយក្រែន​​។ ភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី RIA Novosti បានផ្សព្វផ្សាយ​នៅ​ថ្ងៃពុធ​នេះ រូបភាព​វីដេអូ​ជា​ច្រើន បង្ហាញ​ពី​សកម្មភាព​ឆ្មាំជាតិ​រុស្ស៊ី​នៅ​មុខ​មជ្ឈមណ្ឌល​ ដោយ​ប្រកាស​ថា​ទាហានរុស្ស៊ី​គ្រប់គ្រងស្ថានភាព​បានទាំង​ស្រុង ហើយ​មជ្ឈមណ្ឌល​ដំណើរ​ការ​ជា​ធម្មតា។

Zaporojie ជា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដ៏​ធំ​ជាង​គេមួយ​ដែរ​នៅ​អឺរ៉ុប មានបំពាក់ម៉ាស៊ីន​ប្រតិករ​នៅ​ឆ្នាំ​១៩៨៤-១៩៩៥ ដែល​​ទំនើប​និង​មានសុវត្ថិភាព​ជាង​រោងចក្រ​​នុយក្លេអ៊ែរ​ឈែរណូប៊ីល ដែល​សង់​ឡើង​កាលពី​ឆ្នាំ​១៩៧០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ