អានតួអត្ថបទ
អាមេរិក-សង្គ្រាមអ៊ុយក្រែន

អាមេរិក​បង្កើន​ជំនួយ​យោធា​៨០០​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន

ខណៈ​ការ​ច្បាំង​ប្រយុទ្ធ​គ្នា​នៅ​ឯ​សមរភូមិ​ក្នុង​សង្គ្រាម​អ៊ុយក្រែន​កំពុងតែ​បន្ត​ក្តៅ​គគុក​ សហរដ្ឋ​អាមេរិក​ក៏​កំពុង​បង្កើន​ជំនួយ​យោធា​របស់ខ្លួន​ទៅឲ្យ​អ៊ុយក្រែន​ដែរ​។ បើតាម​មន្ត្រី​សេតវិមាន​ លោក​ប្រធានាធិបតី​ ចូ​ បៃដិន​ នឹង​ប្រកាស​ផ្តល់​ជំនួយ​ថ្មី​បន្ថែម​ទៀត​ក្នុងតម្លៃ​ ៨០០លាន​ដុលារ​សម្រាប់​ក្រុង​កៀវ​នៅ​ថ្ងៃពុធ​ ទី១៦ មីនា​ ឆ្នាំ​២០២២​នេះ​។

ប្រធានាធិបតីអាមេរិកលោកចូ បៃដិន។
ប្រធានាធិបតីអាមេរិកលោកចូ បៃដិន។ AP - Alex Brandon
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ប្រកាស​របស់​លោក ចូ​ បៃដិន​ ត្រូវគេរំពឹងថា​ នឹង​ចាប់ផ្តើម​នៅវេលាម៉ោង ​១១ និង ៤៥​ នាទីព្រឹក​ ម៉ោង​នៅក្នុង​សហរដ្ឋអាមេរិក​ បន្ទាប់ពី​ការថ្លែង​សុន្ទរកថា​ពី​ចម្ងាយ​របស់លោក​ប្រធានាធិបតី​អ៊ុយក្រែន​ ហ្សេឡេនស្គី​ ទៅកាន់​សភា​អាមេរិក​។

បើ​គិត​ទាំង​ជំនួយ​ថ្មី​បន្ថែម​ចំនួន​ ៨០០​លានដុល្លារ​ ជំនួយ​សរុប​របស់​អាមេរិក​ សម្រាប់​អ៊ុយក្រែន​តែ​ក្នុង​មួយ​សប្តាហ៍​មក​នេះ​ កើន​ដល់​ ១​ពាន់​លាន​ដុល្លារ​ហើយ​។ យោងតាម​មន្ត្រី​ សេតវិមាន​អាមេរិក​ ជំនួយ​សន្តិសុខថ្មី​ ដែល​នឹង​ប្រកាស​ដោយ​លោក បៃដិន​ រួមមាន​មីស៊ីលប្រឆាំង​រថក្រោះ​ និង​មីស៊ីល​ប្រឆាំង​យន្តហោះជាច្រើន​។ គឺ​សព្វាវុធទាំងនេះហើយ​ ដែល​បាន​ជួយ​អ៊ុយក្រែន​ ទប់ទល់​នឹង​ការ​វាយប្រហារ​យ៉ាងសន្ធឹក​ពីសំណាក់​កងទ័ព​រុស្ស៊ី​ ក្នុង​រយៈពេល​បី​សប្តាហ៍​កន្លង​មក​នេះ​។

នៅ​ខណៈ​ដែល​សមាជិកសភាអាមេរិក​មួយចំនួន​កំពុងជំរុញឲ្យ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ចាត់​វិធានការ​កាន់តែម៉ឺងម៉ាត់ ​ឆ្លើយតប​ចំពោះ​ទង្វើ​ឈ្លានពាន​របស់​រុស្ស៊ី​ ប្រធានាធិបតី​អ៊ុយក្រែនលោកហ្សេឡេនស្គីឯណោះវិញ​ក៏​​គ្រោង​នឹង​បន្ត​អំពាវនាវ​សុំជំនួយ​បន្ថែមទៀត​នៅក្នុងពេលថ្លែង​សុន្ទរកថា​តាម​វីដេអូពី​ចម្ងាយ​ទៅកាន់​សភា​អាមេរិក​នា​ប៉ុន្មាន​ម៉ោង​ខាងមុខ​។

គួររំឭកថា​ លោក​ បៃដិន បាន​ប្រកាសផ្តល់​ជំនួយ​យោធា​បន្ថែម​ចំនួន​ ២០០លាន​ដុល្លារ​ដល់​អ៊ុយក្រែន​រួច​ហើយកាល​ពី​ថ្ងៃ​សៅរ៍​។ ជំនួយខាងលើបន្ថែមពី​លើ​ជំនួយ​យោធា​ ៣៥០លាន​ដុល្លារ​ដែល​ទីក្រុងវ៉ាស៊ីនតោន​បាន​ប្រកាស​ផ្តល់ឲ្យ​អ៊ុយក្រែន​កាលពី​ចុងខែកុម្ភៈ​។ ​ជំនួយរបស់អាមេរិកដល់អ៊ុយក្រែននេះគឺជំនួយផ្នែក​សន្តិសុខដ៏ធំបំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​។

មន្ត្រី​សេតវិមាន​ម្នាក់​និយាយថា​ រហូតមកទល់នឹងពេលនេះ​ អាមេរិកនៅតែជា​ប្រទេស​ដែលផ្តល់​ជំនួយ​យោធា​ច្រើនជាងគេបំផុត​ដល់អ៊ុយក្រែន​។ យ៉ាងណាក៏ដោយ​ លោក​ប្រធានាធិបតី​អាមេរិក​ បៃដិន បាន​បដិសេធ​ ទៅ​នឹង​សំណើ​របស់​លោក ហ្សេឡេនស្គី ដែលជំរុញ​ឲ្យ វ៉ាស៊ីនតោន សហភាពអឺរ៉ុប​និង​អង្គការ​អូតង់បង្កើត​តំបន់​ហាមឃាត់​ការ​ហោះហើរ​នៅ​អ៊ុយក្រែន​។ លោក បៃដិន បាន​ទាញសញ្ញាអាសន្នថា​ ការ​ធ្វើដូច្នោះ​ អាច​នឹង​បង្ក​ឲ្យ​មាន​សង្គ្រាម​ដ៏​មហន្តរាយជាមួយរុស្ស៊ី​ ដែលជា​ប្រទេស​មហាអំណាចអាវុធនុយក្លេអ៊ែរ​មួយ​ក្នុង​លោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ