អានតួអត្ថបទ
រុស្ស៊ី-អាវុធ

រុស្ស៊ីប្រកាសពីការបាញ់សាកល្បងដោយជោគជ័យនូវគ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីបថ្មី « RS-28 Sarmat »

នៅ​ថ្ងៃ​ពុធ ទី២០ មេសា ប្រទេស​រុស្ស៊ី​បាន​ប្រកាស​ពី​ការ​បាញ់​សាកល្បង​លើកទី១ ដោយ​ជោគជ័យ​នូវ​គ្រាប់មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ថ្មី​ឈ្មោះ « RS-28 Sarmat »។ គ្រាប់មីស៊ីល​ថ្មី « Sarmat » នេះ​ត្រូវ​ចូល​ទៅ​ជំនួស​គ្រាប់មីស៊ីល « SS-18 Satan » និង​អាច​ជា​ចម្លើយ​មួយ​របស់​រុស្ស៊ី​ដើម្បី​តប​នឹង​កម្មវិធី​កងទ័ព​អាមេរិក​ក្រោម​ឈ្មោះ « Prompt Global Strike »។ តែ​ក្រសួង​ការពារជាតិ​អាមេរិក​បាន​ថ្លែង​ថា ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ថ្មី​របស់​រុស្ស៊ី​ពេល​នេះ​មិន​បង្ក​ការ​គំរាមកំហែង​ដល់​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ទេ។

រុស្ស៊ីប្រកាសពីការបាញ់សាកល្បងដោយជោគជ័យនូវគ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីបថ្មី « RS-28 Sarmat » ថ្ងៃពុធ ទី២០ មេសា ២០២២។
រុស្ស៊ីប្រកាសពីការបាញ់សាកល្បងដោយជោគជ័យនូវគ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីបថ្មី « RS-28 Sarmat » ថ្ងៃពុធ ទី២០ មេសា ២០២២។ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

« RS-28 Sarmat » ជា​អាវុធ​សម័យ​ថ្មី និង​ជា​គ្រាប់មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ប្រភេទ​ថ្មី​ដែល​ប្រហែល​គ្មាន​គូប្រៀប​លើ​លោក នេះ​បើ​តាម​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន។ ជា​មួយ​នឹង​គ្រាប់មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ប្រភេទ​ថ្មី​នេះ គេ​អាច​បំពាក់​ក្បាលនុយក្លេអ៊ែរ​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ និង​ដែល​ក្បាលនុយក្លេអ៊ែរ​នីមួយៗ​មាន​ផ្ទាំងស៊ីប​ខុសៗ​គ្នា ពោល​មិន​សំដៅ​លើ​ផ្ទាំងស៊ីប​តែ​មួយ​ទេ។ « RS-28 Sarmat » ដែល​ត្រូវ​បាន​រុស្ស៊ី​បាញ់​សាកល្បង​លើកទី១ ពី​តំបន់​ប៉ែក​ពាយ័ព្យ​ប្រទេស​បាន​ធ្លាក់​ចំ​ផ្ទាំងស៊ីប​នៅ​ចុងបូព៌ា​ប្រទេស​ដែល​មាន​ចម្ងាយ ៥ ០០០គីឡូម៉ែត្រ​ពី​ទីតាំង​បាញ់​ចេញ។

តែ​គ្រាប់មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ប្រភេទ​ថ្មី​របស់​រុស្ស៊ី​ដែល​មាន​ទម្ងាន់​ជាង ២០០តោន​នេះ​អាច​បាញ់​បាន​ចម្ងាយ​ដល់​ទៅ​ជាង ១១ ០០០គីឡូម៉ែត្រ។ លោក​ពូទីន​បាន​ថ្លែង​តាម​ទូរទស្សន៍​ដោយ​ពន្យល់​បក​ស្រាយ​ថា គ្រាប់មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ប្រភេទ​ថ្មី​របស់​រុស្ស៊ី​នឹង​ធានា​សន្តិសុខ​រុស្ស៊ី​ប្រឈម​នឹង​ការ​គំរាមកំហែង​ពី​ខាង​ក្រៅ និង​ធ្វើ​ឲ្យ​អ្នក​ដែល​ព្យាយាម​គំរាមកំហែង​រុស្ស៊ី​ពិចារណា​ចំនួន ២ដង។ តាម​លោក​ពូទីន គ្មាន​ប្រព័ន្ធ​ប្រឆាំង​ដែនអាកាស​ទំនើប​ណា​មួយ​អាច​ស្ទាក់​ចាប់ « RS-28 Sarmat »បាន​ទេ។

យ៉ាង​ណា​ក៏​ដោយ រុស្ស៊ី​នឹង​បន្ត​ធ្វើ​ការ​សាកល្បង​គ្រាប់មីស៊ីល​ប្រភេទ​ថ្មី​របស់​ខ្លួន​ជា​បន្ត​ទៀត មុន​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្លាំង​អាវុធ​យុទ្ធសាស្រ្ត​រុស្ស៊ី​នា​ពេល​ខាង​មុខ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល « RS-28 Sarmat » លើកដំបូង​នេះ​មិន​បាន​ធ្វើ​ឲ្យ​អាមេរិក​ភ្ញាក់ផ្អើល​ឡើយ ព្រោះ​រុស្ស៊ី​បាន​ជូន​ដំណឹង​អាមេរិក​ជា​មុន។ ទង្វើ​របស់​ក្រុង​មូស្គូ​នេះ​មិនមែន​ជា​ការ​គួរសម ឬ​ជា​ការ​ឌឺដង​ដាក់​ក្រុង​វ៉ាស៊ីនតោន​ទេ តែ​ជា​កាតព្វកិច្ច​ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​ស្តីពី​នុយក្លេអ៊ែរ។ ចំណែក​ក្រសួង​ការពារជាតិ​អាមេរិក​បាន​ថ្លែង​ថា ការ​សាកល្បង​គ្រាប់មីស៊ីល « RS-28 Sarmat » របស់​រស្ស៊ី​នេះ​មិន​បង្ក​ការ​គំរាមកំហែង​ដល់​អាមេរិក និង​ក្រុម​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ