អានតួអត្ថបទ
សហភាពអឺរ៉ុប

របាយការណ៍មួយ​ព្រមាន​ពីកង្វះ​លោហៈធាតុ​នៅសហភាព​អឺរ៉ុប

លីចូម នីកែល ... សហភាពអឺរ៉ុបត្រូវ​រៀបចំ ស្វែង​រក​ប្រភពផ្គត់ផ្គង់លោហៈធាតុ​​ឲ្យ​បាន​ឆាប់រហ័ស បើ​ចង់​សម្រេច​ផែនការ​ធ្វើ​អន្តរកាល​ថាមពល​ស្អាត។ បើ​ពុំនោះ​ទេ សហភាព​អឺរ៉ុប នឹង​ត្រូវ​ជួប​ការ​លំបាកខ្លាំង ហើយ​លែង​មាន​ស្វ័យភាព ក្នុង​វិស័យ​មួយ​ចំនួន​ដូច​ជា​​អាកាសធាតុ ​ចាប់​ពី​ឆ្នាំ​២០៣០​ទៅ។ នេះ​បើ​របាយការណ៍​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ចន្ទ ទី២៥ មេសា​ ដែល​​ព្រមាន​ពី​កង្វះ​លោហៈនៅ​ក្នុង​សហភាព​អឺរ៉ុប។

ថ្ន​ lithium-ion ផលិត​ដោយ​ក្រុមហ៊ុន​បារាំង  Saft Groupe
ថ្ន​ lithium-ion ផលិត​ដោយ​ក្រុមហ៊ុន​បារាំង Saft Groupe ©REUTERS/Regis Duvignau
ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ថ្ងៃ​នេះ ដើម្បី​ធ្វើ​អន្តរកាល​ថាមពល​ ឈប់​ប្រើ​ប្រេង​សាំង/ម៉ាហ្សូត និង​ដើម្បី​សម្រេច​អព្យាក្រឹតកាបោន នៅ​ឆ្នាំ​២០៥០បាន សហភាពអឺរ៉ុប​ត្រូវ​ការមាន​​លោហៈ​ធាតុ​ ច្រើនជាងមុន​​ខ្លាំងស្ទើរ​គ្រប់​មុខ ៖ ​សារធាតុ​លីចូម ​៣៥% ​ អាលុយមីញ៉ូម ៣៣% និងរ៉ែកូបាលត៍ ដែលជា​លោហៈ​ខ្វះមិន​បាន​សម្រាប់​ផលិត​យានយន្តអគ្គីសនី ដល់ទៅ​​៣៣០%លើ​សពេល​បច្ចុប្បន្ន។ នេះ​បើ​តាម​ការ​គណនា​របស់​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ KU Leuven សម្រាប់​សមាគម​អ្នកផលិត​លោហៈ​អឺរ៉ុប។  

​​បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​ក្រុម​អ្នកស្រាវជ្រាវ​អឺរ៉ុបនេះ​ដដែល​ អឺរ៉ុប​ក៏នឹង​​ត្រូវការ​​រ៉ែកម្រ ដល់​ទៅ​២៦​ដង​ ព្រមទាំង​នីកែលទ្វេដង ស៊ីលីចូម៤៥% សង្កស័១០ទៅ​១៥% ទង់ដែង​៣៥% ច្រើន​ជាង​ពេល​នេះទៀត។ ប៉ុន្តែ អឺរ៉ុប អាច​បំពេញ​សេចក្តី​ត្រូវ​ការរបស់​ខ្លួន​បានពី៤០ទៅ​៧០%​ ចាប់ពី​​ឆ្នាំ​២០៥០ទៅ ដោយ​សារ​ការ​កែច្នៃ​ប្រើ​ឡើង​វិញ។ នេះ​ប្រសិន​បើ​អឺរ៉ុប​ចាប់​ធ្វើ​វិនិយោគ​ហេថារចនា​សម្ព័ន្ធកែច្នៃ​ប្រើ​ថ្មី​ ​ភ្លាម។

ក្នុង​ពេល​រង់ចាំ និង​ក្នុង​រយៈ​ពេល​១៥​ខាង​មុខ​នេះ ការ​ធ្វើ​អន្តរកាល​ថាមពល​ស្អាត​អឺរ៉ុប​ប្រឈម​​នឹង​ភាព​ខ្វះខាតខ្លាំងណាស់។ ដូច្នេះអឺរ៉ុប​ត្រូវ​រួសរាន់​រៀប​ចំ​យុទ្ធសាស្ត្រ​ច្បាស់​លាស់ រក​ប្រភព​ផ្គត់​ផ្គង់​បង្កើន​ស្តុកលោហៈ​សម្រាប់​ពេល​យូរ ​ភ្លាម ជាពិសេស​ គឺ​សារធាតុ លីចូម កូបាល់ត៍ នីកែល ទង់ដែង និង​រ៉ែកម្រ បើ​អឺរ៉ុប​មិន​ចង់ជួប​ស្ថានភាព​​រស់​រំពឹង​ដង្ហើមគេ​ទៀត។ បច្ចុប្បន្ន អឺរ៉ុប​រំពឹងយ៉ាង​ខ្លាំង​​លើ​ការនាំចូល​រ៉ែ​ នីកែល ទង់ដែង​ និង​អាលុយមីញ៉ូម​ពី​រុស្ស៊ី​។ ហើយ​១០​ឆ្នាំ​ខាងមុខ ចិន​ និង​ឥណ្ឌូណេស៊ី នឹង​គ្រប់​គ្រង​ទីផ្សារ​ចម្រាញ់លោហៈ​ដើម្បីធ្វើ​អាគុយ​ហើយ។ ដូច្នេះ​អឺរ៉ុប​ត្រូវ​ភ្ជាប់​ខ្លួន​ទៅនឹងអ្នក​ផ្គត់ផ្គង់​មាន​ទំនួល​ខុស​ត្រូវ​សម្រាប់សង្គម​និង​បរិស្ថាន។

បើ​តាម​ម្ចាស់​របាយការណ៍​ដដែល ដែនដី​អឺរ៉ុប​ក៏​មាន​បង្កប់​រ៉ែ​សម្រាប់​ឆ្លើយ​តបនឹង​សេចក្តី ត្រូវ​ការ​បាន​ដល់​ទៅ​ប្រមាណ​ពី ៥ទៅ​៥៥% និង​ត្រូវ​គិត​គូរ​បើក​ដំណើរការ​រោងចក្រ​ចម្រាញ់​រ៉ែ​ឡើងវិញ​ដែរ​បើ​ទោះ​បី​កំពុង​ប្រឈម​នឹង​វិបត្តិ​ប្រេង​ឡើង​ថ្លៃក៏ដោយ។

របាយការណ៍​របស់​អ្នក​ស្រាវជ្រាវ​អឺរ៉ុប​នេះមាន​​អត្ថន័យ​ដូច​ការ​ព្រមាន​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ កាលពី​ឆ្នាំ​២០២១ ជំរុញ​ឱ្យ​ពិភពលោក​រៀប​ចំយុទ្ធសាស្ត្រ​បែង​ចែងធនធានរ៉ែ​ដែល​កក​ផ្តុំ​ក្នុង​តែ​ប្រទេសមួយក្តាប់​តូច៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ