អានតួអត្ថបទ

រុស្ស៊ីផ្អាកការលក់ភ្លើងអគ្គិសនីឲ្យហ្វាំងឡង់ ខណៈដែលហ្វាំងឡង់ត្រៀមដាក់បេក្ខភាពចូលអូតង់

នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់ ក្រុមហ៊ុន​គ្រប់គ្រង​បណ្តាញ​អគ្គិសនី Fingrid បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​សៅរ៍ ទី១៤ ឧសភា​ថា ក្រុមហ៊ុន​នាំ​ភ្លើងអគ្គិសនី​រុស្ស៊ី RAO Nordic បាន​ផ្អាក​ការ​នាំ​ភ្លើងអគ្គិសនី​ចូល​ហ្វាំងឡង់​តាំង​ពី​រំលង​អធ្រាត្រ​យប់​ថ្ងៃ​សុក្រ ទី១៣​ឆ្លង​ចូល​ថ្ងៃ​សៅរ៍ ទី១៤ ឧសភា។ តាម​ក្រុមហ៊ុន RAO Nordic ការ​ផ្អាក​នេះ​មក​ពី​ហ្វាំងឡង់​មិន​បាន​បង់​លុយ​តាំង​ពី​ថ្ងៃទី៦ ឧសភា។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ទំនាក់ទំនង​រវាង​រុស្ស៊ី និង​ហ្វាំងឡង់​បាន​ឡើង​តានតឹង​ខ្លាំង​នៅ​ក្រោយ​ហ្វាំងឡង់​បាន​បង្ហាញ​ពី​ជំហរ​ចង់​ចូល​អូតង់។

រុស្ស៊ីផ្អាកការលក់ភ្លើងអគ្គិសនីឲ្យហ្វាំងឡង់ ខណៈដែលហ្វាំងឡង់ត្រៀមដាក់បេក្ខភាពចូលអូតង់
រុស្ស៊ីផ្អាកការលក់ភ្លើងអគ្គិសនីឲ្យហ្វាំងឡង់ ខណៈដែលហ្វាំងឡង់ត្រៀមដាក់បេក្ខភាពចូលអូតង់ AFP - MARTTI KAINULAINEN
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃ​សៅរ៍ ទី១៤ ឧសភា​នេះ​ទៅ ហ្វាំងឡង់​លែង​មាន​ភ្លើងអគ្គីសនី​រុស្ស៊ី​ប្រើប្រាស់​ទៀត​ឡើយ​ដោយ​ក្រុមហ៊ុន​នាំ​ភ្លើងអគ្គិសនី​រុស្ស៊ី RAO Nordic បាន​ផ្អាក​ការ​លក់​ទៅ​ឲ្យ​ហ្វាំងឡង់។ តាម​ក្រុមហ៊ុន RAO Nordic គឺ​មក​ពី​ហ្វាំងឡង់​មិន​បាន​បង់​លុយ​តាំង​ពី​ថ្ងៃទី៦ ឧសភា។ តែ RAO Nordic មិន​បាន​បញ្ជាក់​ទេ​ថា ហេតុអ្វី​បាន​ជា​ហ្វាំងឡង់​ខកខាន​មិន​បាន​បង់​លុយ និង​ថា តើ​ការ​មិន​បាន​បង់លុយ​របស់​ហ្វាំងឡង់​នេះ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ទណ្ឌកម្ម​អឺរ៉ុប​ដាក់​លើ​រុស្ស៊ី​ក្នុង​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ឬ​អត់?។ យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន RAO Nordic សង្ឃឹម​មាន​ស្ថានការណ៍​ប្រសើរ​ឡើង​វិញ​នា​ពេល​ខាង​មុខ ពិសេស​សង្ឃឹម​ផ្គត់ផ្គង់​ភ្លើងអគ្គិសនី​ទៅ​ហ្វាំងឡង់​ជា​ថ្មី​នា​ពេល​ឆាប់ៗ។

ចំណែក​ក្រុមហ៊ុន​គ្រប់គ្រង​ភ្លើងអគ្គិសនី​ហ្វាំងឡង់ Fingrid មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​លើ​ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុន RAO Nordic ទេ និង​បាន​បញ្ជាក់​ថា ភ្លើងអគ្គិសនី​ប្រើប្រាស់​នៅ​ហ្វាំងឡង់​សព្វថ្ងៃ​បាន​ទិញ​ពី​រុស្ស៊ី​មិន​ដល់ ១០% ផង។ តាម Fingrid ហ្វាំងឡង់​អាច​ជំនួស​ភ្លើងអគ្គិសនី​រុស្ស៊ី​ដោយ​ទិញ​បន្ថែម​ពី​ប្រទេស​ជិតខាង​ស៊ុយអែត និង​ន័រវែស។ « វា​នឹង​មិន​ជួប​ការ​លំបាក​ទេ » នេះ​ជា​ការ​ថ្លែង​របស់​លោក Timo Kaukonen អ្នក​ទទួល​ខុសត្រូវ​ម្នាក់​របស់ Fingrid។ តាម​លោក Timo Kaukonen ហ្វាំងឡង់​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន​ដោយ​បាន​កាត់​បន្ថយ​ការ​នាំ​ចូល​ភ្លើងអគ្គិសនី​ពី​រុស្ស៊ី​ក្នុង​ខែ​មេសា​ពី​ចំនួន ១ ៣០០មេហ្កាវ៉ាត់​មក​នៅ​ត្រឹម​ចំនួន ៩០០មេហ្កាវ៉ាត់។

បើ​តាម​មើល​ទៅ ការ​ដែល​រុស្ស៊ី​ផ្អាក​លក់​ភ្លើងអគ្គិសនី​ឲ្យ​ហ្វាំងឡង់​ក្រោម​ហេតុផល​ហ្វាំងឡង់​មិន​បាន​បង់លុយ​គ្រាន់​ជា​លេស​មួយ​ប៉ុណ្ណោះ។ តាម​ពិត រុស្ស៊ី​កំពុង​មិន​សប្បាយចិត្ត​ដែល​ឃើញ​ហ្វាំងឡង់​ត្រៀម​ខ្លួន​ចូល​អូតង់។ ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ឧសភា ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី​ហ្វាំងឡង់​ចង់​ឃើញ​ហ្វាំងឡង់​ចូល​អូតង់​ឆាប់ៗ។ តែ​រុស្ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​ជា​ចំហ​ថា ហ្វាំងឡង់​នៅ​ក្នុង​អូតង់​ជា​ការ​គំរាមកំហែង​លើ​រុស្ស៊ី និង​ថា រុស្ស៊ី​ចាំ​បាច់​ត្រូវ​ចាត់​វិធានការ​តប​វិញ​ដើម្បី​ធានា​សន្តិសុខ​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ