អានតួអត្ថបទ
អាល្លឺម៉ង់-កងទ័ព

សភាអាល្លឺម៉ង់​អនុម័តច្បាប់​បង្កើត​ថវិកា​កងទ័ពពិសេស ជាង ១០០​ពាន់​លានអឺរ៉ូ

អាល្លឺម៉ង់​ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដើម្បី​កសាង​សមត្ថភាពកងទ័ព​របស់ខ្លួន​ឡើងវិញ។ នៅថ្ងៃ​សុក្រ​ទី ៣​មិថុនា​ម្សិលមិញ សភាជាន់ទាប​អាល្លឺម៉ង់ Bundestag បាន​បោះឆ្នោត​អនុម័ត​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ដែល​បើកផ្លូវ​ឲ្យ​គេបង្កើត​ថវិកា​ពិសេស ១០០ពាន់​លាន​អឺរ៉ូ សម្រាប់​ធ្វើទំនើបកម្ម​កងទ័ពអាល្លឺម៉ង់ នៅចំពោះមុខ​ការគំរាមកំហែង​របស់​រុស្ស៊ី។ ម៉ូស្គូ តាមរយៈ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស បាន​ចោទ​ប្រកាន់​អាល្លឺម៉ង់កំពុងដើរលើ​ផ្លូវយោធា និង​ប្រើពាក្យដែល​ធ្វើ​ឲ្យ​គេនឹកឃើញ​ដល់​របបណាហ្ស៊ីអាល្លឺម៉ង់ កាលពីអតីតកាល។

ប្រព័ន្ធខែលមីស៊ីល​របស់​អាល្លឹម៉ង់​នៅក្បែរ​យន្តហោះចម្បាំង​របស់​ស្លូវ៉ាគី MIG29នៅមូលដ្ឋានទ័ពនៅស្លូវ៉ាគី នៅថ្ងៃទី ៦ឧសភា ឆ្នាំ​២០២២ នៅមុនទស្សនកិច្ច​របស់​រដ្ឋមន្រ្តីការពារជាតិ​អាល្លឺម៉ង់ លោកស្រី Christine Lambrecht
ប្រព័ន្ធខែលមីស៊ីល​របស់​អាល្លឹម៉ង់​នៅក្បែរ​យន្តហោះចម្បាំង​របស់​ស្លូវ៉ាគី MIG29នៅមូលដ្ឋានទ័ពនៅស្លូវ៉ាគី នៅថ្ងៃទី ៦ឧសភា ឆ្នាំ​២០២២ នៅមុនទស្សនកិច្ច​របស់​រដ្ឋមន្រ្តីការពារជាតិ​អាល្លឺម៉ង់ លោកស្រី Christine Lambrecht REUTERS - SABINE SIEBOLD
ផ្សាយពាណិជ្ជកម្ម

ជាមួយ​សំឡេងគាំទ្រ​ភាគច្រើន (២ភាគ៣​នៃ​សំឡេងសរុប) រដ្ឋសភា​អាល្លឺម៉ង់បោះឆ្នោត​អនុម័ត​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ដែលអនុញ្ញាត​ឲ្យគេ​បង្កើត​មូលនិធិ​ពិសេស ១០០ពាន់​លាន​អឺរ៉ូ ​សម្រាប់ធ្វើទំនើបកម្ម​វិស័យការពារ​ជាតិ​អាល្លឺម៉ង់។

ភ្លើងខៀវ​របស់​រដ្ឋសភា​អាល្លឺម៉ង់ ឆ្លើយតប​ទៅនឹង​ការសន្យា​របស់លោក​នាយករដ្ឋមន្រ្តី អូឡាហ្វ ស្ហុល៍ ដែលថា អាល្លឺម៉ង់​នឹង​ក្លាយជាប្រទេស​អឺរ៉ុប​ដែល​មាន​កម្លាំងទ័ព​ខ្លាំងជាងគេ នៅក្នុង​សម្ព័ន្ធអាត្លង់ទិក​អូតង់។ នៅចំពោះមុខ​ការគំរាមកំហែង​សន្តិសុខ ក្រោយរុស្ស៊ីធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន នាយករដ្ឋមន្រ្តីអាល្លឺម៉ង់​ធ្លាប់​បាន​ប្រកាស កាលពី​ចុងខែ​កុម្ភៈថា នឹង​​បង្កើត​កញ្ចប់​ថវិកា​ពិសេស ១១៣​ពាន់លាន​អឺរ៉ូ សម្រាប់​កសាងសមត្ថភាព​កងទ័ព និង​បង្កើន​ថវិកា​ការពារជាតិ ឲ្យដល់ ២% នៃ​ផលិតផលក្នុង​ស្រុកសរុប ទៅតាម​ការទាមទារ​របស់​អូតង់។

ដើម្បីបង្កើត​មូលនិធិ​កងទ័ពពិសេស ១០០​ពាន់លាន​អឺរ៉ូ អាល្លឺម៉ង់​ត្រូវការ​ខ្ចីប្រាក់បំណុល​បន្ថែម។ ដូច្នេះ​ដើម្បី​ជៀស​រួចផុត​ពី​សំណាញ់​ច្បាប់​រឹតបន្តឹង​ថវិកាដែលមាន​គោលដៅ​កាត់បន្ថយ ប្រាក់បំណុល​សាធារណៈ រដ្ឋាភិបាល​អាល្លឺម៉ង់ ត្រូវការ​ចាំបាច់​ការធ្វើកំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ។

ថ្លែងទៅកាន់​សមាជិកសភា​កាលពីថ្ងៃសុក្រ ប្រមុខការបរទេស​អាល្លឺម៉ង់ លោកស្រី Annalena Baekbock បាននិយាយ​ថា “នេះជាពេលវេលា​ដែល​អាល្លឺម៉ង់​អាច​និយាយ​ថា អាល្លឺម៉ង់​នៅទីនេះ នៅពេលអឺរ៉ុប​ត្រូវការអាល្លឺម៉ង់”។

សម្រាប់​អាល្លឺម៉ង់ ដែលជាប្រទេស​មានសេដ្ឋកិច្ច​នាំមុខគេ នៅអឺរ៉ុប កញ្ចប់ថវិកាពិសេស​សម្រាប់​កងទ័ព​នឹង​ជួយ​ឲ្យអាល្លឺម៉ង់​អាច​ការពារ​ទឹកដី និងគោរព​ករណីយកិច្ចរបស់ខ្លួន ក្នុងនាមជាសមាជិក​របស់​អូតង់។

មួយផ្នែកធំ​នៃ​កញ្ចប់ថវិកាពិសេស ដែលស្មើ​នឹង​៤០,៩ពាន់លាន​អឺរ៉ូ នឹង​ត្រូវគេ​ប្រើ សម្រាប់​កងទ័ព​ជើងអាកាស ដូចជា​ការទិញ យន្តហោះចម្បាំង អាមេរិកាំង និងអឺរ៉ុប ចំនួន​៣៥គ្រឿង ឧទ្ធម្ភាគចក្រធុនធ្ងន់ Chinook របស់​ប៊ូអីង ៦០គ្រឿង។ ២០ពាន់​លាន​ដុល្លារសម្រាប់​កងទ័ពជើងទឹក ចំណែក ១៦ពាន់​លានដុល្លារ​សម្រាប់​កងទ័ពជើងគោក ជាមួយ​ការទិញបន្ថែម រថក្រោះ ជាច្រើនគ្រឿង។

ជាមួយថវិកាកងទ័ពពិសេស ១០០​ពាន់​លាន​អឺរ៉ូ អាល្លឺម៉ង់ ជាប្រទេស​ធំទី​៣​ក្នុងលោក បន្ទាប់​ពីអាមេរិក និង​ចិន ដែលបាន​បោះទុន​វិនិយោគ ដ៏ច្រើនសម្បើម​ទៅលើ​វិស័យកងទ័ព។ នៅថ្ងៃ​សុក្រ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​រុស្ស៊ី លោកស្រី Maria Zakharova បាន​ប្រតិកម្ម​ភ្លាម ដោយ​ថា ការសម្រេច​បោះឆ្នោត របស់​រដ្ឋសភាអាល្លឺម៉ង់បាន​បញ្ជាក់ថា អាល្លឺម៉ង់ កំពុង​ធ្វើ​យោធូបនីយកម្ម។ ដោយ​និយាយ​យោងដល់​របបណាហ្ស៊ី អាល្លឺម៉ង់ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​រុស្ស៊ី បាន​បន្ថែមថា ជាមួយ​បទពិសោធន៍​ពីអតីតកាល គេ​ដឹងហើយថា តើ​ការធ្វើយោធូបនីយកម្ម​របស់អាល្លឺម៉ង់បាន​បញ្ចប់ដោយ​របៀបណា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ