អានតួអត្ថបទ

លោកម៉ាក្រុង៖រុស្ស៊ីមិនអាច និងមិនត្រូវឈ្នះសង្រ្គាមនៅអ៊ុយក្រែនទេ

កិច្ចប្រជុំកំពូល​រយៈពេល ៣ថ្ងៃ​នៃ​ក្រុម​ប្រទេស G៧ បាន​បិទបញ្ចប់​នៅ​ថ្ងៃ​អង្គារ ទី២៨ មិថុនា។ ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​លើក​ឡើង​ពី​វិបត្តិ​ស្បៀង វិបត្តិ​ថាមពល និង​បាន​បរិហារ​លើ​ឧក្រិដ្ឋកម្មសង្រ្គាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ នៅ​ក្នុង​រឿង​ប្រេង និង​ឧស្ម័ន​ឡើង​ថ្លៃ​ត្រូវ​បាន​លោក​ម៉ាក្រុង​ចោទ​ក្រុម​ប្រទេស​ផលិត និង​ក្រុម​អ្នកក្រឡុក​ហាងឆេង​ថា​ជា​ក្រុម​ឆ្លៀតឱកាសនិយម​កេងចំណេញ​ពី​សង្រ្គាម​នៅ​អ៊ុយក្រែន។ បន្ទាប់​មក លោក​ម៉ាក្រុង​បាន​បកស្រាយ​លើ​សំណូមពរ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​ចំពោះ G៧ និង​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន។ តាម​លោក​ម៉ាក្រុង រុស្ស៊ី​មិន​អាច និង​មិន​ត្រូវ​ឈ្នះ​សង្រ្គាម​នៅ​អ៊ុយក្រែន​ទេ។

ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង។
ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង។ AP - Markus Schreiber
ផ្សាយពាណិជ្ជកម្ម

« ជា​ដំបូង ខ្ញុំ​គិត​ថា គេ​ត្រូវ​សាទរ​ពី​ការ​ប្តេជ្ញាចិត្ត និង​ភាព​ក្លាហាន​របស់​ប្រធានាធិបតី​អ៊ុយក្រែន ក្រុម​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​អស់ ប្រជាជន និង​ទាហាន​អ៊ុយក្រែន។ ថ្លែង​តាម​វីដេអូ​ទៅ​កាន់​ក្រុម​ប្រទេស Gប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​ចង់​ឃើញ​សង្រ្គាម​បិទបញ្ចប់​នៅ​ដំណាច់​ឆ្នាំ។ ដូច​អស់​លោក​ដឹង​ស្រាប់​ហើយ សង្រ្គាម​មួយ​នេះ​បាន​កើត​មាន ៤ខែ​មក​ហើយ។

ដំណាច់​ឆ្នាំ​នៅ​ឆ្ងាយ​នៅ​ឡើយ ហើយ​យើង​ពិត​ជា​អាច​យល់​បាន​ពី​រយៈពេល​នេះ មាន​ន័យ​ថា​មិនមែន​ថ្ងៃ​ស្អែក​ទេ។ គ្មាន​អ្នក​ណា​ម្នាក់​អាច​មើល​ឃើញ​ថា សង្រ្គាម​មួយ​នេះ​បិទបញ្ចប់​នៅ​ប៉ុន្មាន​សប្តាហ៍ ឬ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ទេ។ ខ្ញុំ​សង្ឃឹម ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ច្រក​ចេញ​ពី​សង្រ្គាម​អាច​នឹង​ទទួល​បាន​នៅ​ដំណាច់​ឆ្នាំ។ តែ​អ្វី​ដែល​ច្បាស់ រុស្ស៊ី​មិន​អាច និង​មិន​ត្រូវ​ឈ្នះ​សង្រ្គាម​នៅ​អ៊ុយក្រែន​ឡើយ។

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​រុស្ស៊ី​ពូទីន គាត់​បាន​បកស្រាយ​យ៉ាង​ច្បាស់​លើ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​ច្រើន​ដង។ តាម​រយៈ​ការ​លើក​ឡើង​នេះ ពូទីន​បាន​ទម្លាយ​ចេញ​នូវ​ការ​លាក់លៀម​ដែល​គាត់​ខ្លួន​ឯង​បាន​រក្សា​ទុក​ជា​យូរ​តាំង​ពី​ជម្លោះ​បាន​ចាប់​ផ្តើម​ដំបូង។ អស់​លោក​មាន​នៅ​ចាំ​ទេ នៅ​ពេល​ដែល​មាន​កិច្ចចរចា​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ព្រំដែន​ជាមួយ​ប្រទេស​បេឡារុស។

កាល​ណោះ​យើង​មាន​អារម្មណ៍​ថា ពូទីន​ចង់​ចរចា។ ឥឡូវ​នេះ​គឺ​ច្បាស់​ហើយ ការ​ឈ្លានពាន​អ៊ុយក្រែន​ពី​សំណាក់​រុស្ស៊ី​មាន​គោលដៅ​មួយ គឺ​ទាមទារ​ឲ្យ​អ៊ុយក្រែន​ទម្លាក់​អាវុធ​ចុះចាញ់។ នេះ​គេ​មិន​ហៅ​ថា​ជា​ការ​ចរចា​ទេ។

ដូច្នេះ​យើង យើង​នឹង​បន្ត​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។ យើង​នឹង​បន្ត​គាំទ្រ​ប្រទេស និង​ប្រជាជន​អ៊ុយក្រែន​រហូត​ទទួល​បាន​ជ័យជំនះ​ទាំង​ស្រុង​តាម​ផ្លូវអាវុធ ឬ​មួយ​ក៏​ទទួល​បាន​លទ្ធភាព​នៃ​កិច្ចចរចា​ដែល​អ៊ុយក្រែន​ចង់​បាន និង​តាម​លក្ខខណ្ឌ​ទាមទារ​របស់​អ៊ុយក្រែន។ គ្មាន​ជម្រើស​ផ្សេង​ដែល​ក្រុម G៧ ឬ​បារាំង​គាំទ្រ​ទេ។ ខ្ញុំ​មើល​ឃើញ​ថា អ្វី​ដែល​ពូទីន​បាន​លើក​ឡើង​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​បំភិតបំភ័យ​ជា​ថ្មី​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ