អានតួអត្ថបទ
រុស្ស៊ី-ច្បាប់

រុស្ស៊ី​ឈានទៅបង្កើតច្បាប់​ដើម្បី​ជួយ​ទ្រទ្រង់​កងទ័ព នៅ​ក្នុង​សង្រ្គាមអ៊ុយក្រែន

សភា​ឌូម៉ា​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​សេដ្ឋកិច្ច​នៃ​យុគសង្រ្គាម។ នៅ​ក្នុង​អង្គសភា កាលពី​ថ្ងៃអង្គាទី ៥​កក្កដា អ្នកតំណាងរាស្រ្ត​រុស្ស៊ី​បាន​លើកដៃ ភ្លាមភ្លែត គាំទ្រ​សេចក្តីព្រាងច្បាប់​ពីរ​ដែល​អនុញ្ញាត បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ចាត់វិធានការ​សេដ្ឋកិច្ច​ពិសេស ដើម្បី គាំទ្រ​ប្រតិបត្តិការទ័ព​រុស្ស៊ី នៅ​ទឹកដីអ៊ុយក្រែន។ នៅក្នុង​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន​ជាង​៤ខែមកនេះ រុស្ស៊ី​បាន​ចំណាយ​កម្លាំងទ័ព និង​សព្វាវុធ​ច្រើន​សន្ធឹកសន្ធាប់ ប៉ុន្តែ អាច​រំកិល​ចូលកាន់កាប់​ទឹកដី​មួយផ្នែកតូច​របស់​អ៊ុយក្រែន។ អ៊ុយក្រែន​ដែលចាប់ទទួល​សព្វាវុធ​ទំនើបៗ​ពីប្រទេស​លោកខាងលិច ដើម្បីទប់ទល់​នឹង​កងទ័ព​រុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី នៅសភា​ឌូម៉ា នៅខែ​មីនា​ឆ្នាំ ២០២០
ប្រធានាធិបតីរុស្ស៊ី នៅសភា​ឌូម៉ា នៅខែ​មីនា​ឆ្នាំ ២០២០ AP - Alexei Nikolsky
ផ្សាយពាណិជ្ជកម្ម

សេចក្តីព្រាងច្បាប់​ថ្មី​ទាំងពីរ​ដែល​សមាជិកសភា​រុស្ស៊ី​អនុម័ត​គាំទ្រ​ កាលពីថ្ងៃ​អង្គារ មានចែង​ពីការផ្តល់​សិទ្ធិ​ដល់​រដ្ឋាភិបាល ក្នុង​ការចាប់តម្រូវឲ្យ​ក្រុមហ៊ុន​ឯកជន​ត្រូវតែ​ផ្គត់ផ្គង់​ទំនិញ វត្ថុធាតុដើម និង​បុគ្គលិក​របស់​ខ្លួន សម្រាប់​គាំទ្រ​សកម្មភាពធ្វើ​សង្រ្គាមរបស់​រុស្ស៊ី​នៅអ៊ុយក្រែន។ តាមរយៈ​សេចក្តីព្រាងច្បាប់​ទាំងពីរ រុស្ស៊ី​ចាប់ផ្តើម​អនុវត្ត​របប​សេដ្ឋកិច្ច​ក្នុង​បរិបទ​សង្រ្គាម។

ជាក់ស្តែង តាម​សេចក្តីព្រាង​ច្បាប់​ទី១ ដែល​ស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស​Reuters រដ្ឋអំណាច​រុស្ស៊ី​អាច​ចេញវិធានការ​សេដ្ឋកិច្ច​ពិសេស នៅក្នុង​អំឡុង​ពេល​មាន​ប្រតិបត្តិការ​ទ័ព ដែល​នៅ​ក្នុង​នោះ ក្រុមហ៊ុនត្រូវ​ផ្គត់ផ្គង់​ទំនិញ និងសេវា​ទៅ​ឲ្យកងទ័ព ទៅតាមការបញ្ជា​របស់​រដ្ឋាភិបាល។ កំណត់សំគាល់​ដែល​មាន​ភ្ជាប់​នៅក្នុង​សេចក្តីព្រាងច្បាប់ បាន​បង្ហាញថា កងទ័ព​រុស្ស៊ី​ត្រូវការ​សម្ភារៈថ្មីៗ និងការជួសជុល​អាវុធ ដើម្បី​អាច​បន្ត​យុទ្ធនាការ​នៅអ៊ុយក្រែន។

នៅចំពោះមុខ​សមាជិកសភាឌូម៉ា ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី លោក Louri Borissov បាន​និយាយថា គំនិតផ្តួចផ្តើម​ច្បាប់ស្តីពីវិធានការសេដ្ឋកិច្ច​ពិសេស ធ្វើឡើង ដោយសារ​មានតម្រូវការចាំបាច់​សម្រាប់​គាំទ្រ​កងទ័ព នៅក្នុង​កាលៈទេសៈ​មួយ ដែល​សេដ្ឋកិច្ច​រុស្ស៊ី​រងការដាក់សម្ពាធ​ដ៏ធំធេង​ពីសំណាក់​ក្រុមប្រទេស​លោកខាងលិច នៅ​៤ខែមកនេះ។ ៤ខែ​ដែល​រុស្ស៊ី​ចាប់ផ្តើមសង្រ្គាមឈ្លានពាន​អ៊ុយក្រែន នៅក្រោម​ស្លាកឈ្មោះថា ​ប្រតិបត្តិការទ័ពពិសេស​នៅអ៊ុយក្រែន។ “បន្ទុក​លើ​ឧស្សាហកម្ម​យោធា​រុស្ស៊ី​បាន​កើនឡើងច្រើនអនេក។ ដូច្នេះ​ដើម្បី​ធានា​ការផ្គត់ផ្គង់​អាវុធយុទ្ធភណ្ឌ​សម្រាប់​កងទ័ព​រុស្ស៊ី គេ​ចាំបាច់​ត្រូវតែ​ប្រើ​ឲ្យអស់​លទ្ធភាព ដើម្បី​ពង្រឹង​វិស័យ​ឧស្សាហកម្ម​យោធា។” នេះជាប្រសាសន៍​របស់​ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី។

សេចក្តីព្រាងច្បាប់​មួយទៀត ដែល​សភាឌូម៉ា​បាន​អនុម័តផងដែរ មាន​ចែង​ពីការធ្វើកំណែទម្រង់​ច្បាប់ការងារ​ដើម្បី​អនុញ្ញាត​ឲ្យរដ្ឋាភិបាល​មាន​សិទ្ធិ​កំណត់ម៉ោង​ធ្វើការ​របស់​បុគ្គលិក​ក្រុមហ៊ុន​ដែលជាប់កាតព្វកិច្ច​បម្រើការ​ឲ្យ​កងទ័ព​រុស្ស៊ី។ ទៅតាម​សេចក្តីព្រាងច្បាប់ រដ្ឋាភិបាល​មាន​សិទ្ធិ ចាប់តម្រូវ​ឲ្យ​បុគ្គលិក​របស់​ក្រុមហ៊ុន​ទាំងនោះ ធ្វើការ​ពេលយប់ គ្មាន​ថ្ងៃ​សៅរ៍អាទិត្យ គ្មាន​ថ្ងៃ​បុណ្យ និង​គ្មានសិទ្ធិ​បានទទួល​ថ្ងៃឈប់ប្រចាំឆ្នាំ។ ទោះយ៉ាងណា បើតាម ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី ការងារ​បន្ថែមម៉ោង​នឹងមិនធ្វើឡើង​ក្នុងទ្រង់ទ្រាយធំ ហើយ​បុគ្គលិក​របស់​ក្រុមហ៊ុន​ជាប់កាតព្វកិច្ច​នឹងទទួល​បានប្រាក់ឧបត្ថម្ភ​បន្ថែម ពីលើ​ប្រាក់ខែ។

បន្ទាប់ពីការអនុម័ត ភ្លាមៗ នៅ​សភាឌូម៉ា សេចក្តីព្រាងច្បាប់ទាំងពីរ​នឹងត្រូវសមាជិក​សភា ពិភាក្សា​បិទទ្វារ​បន្តទៀត នៅ​ថ្ងៃ​ពុធ មុននឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ព្រឹទ្ធសភា​រុស្ស៊ី​បោះឆ្នោត​អនុម័ត។ បន្ទាប់មក គឺប្រធានាធិបតី​រុស្ស៊ី​ លោក​ពូទីន ដែលជា​អ្នកចុះហត្ថលេខា ធ្វើ​ឲ្យ​ច្បាប់ទាំងពីរ​ចូលជាធរមាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ