អានតួអត្ថបទ
បាឡែន-បារាំង

មានការខ្វល់ខ្វាយដល់សុខភាព ត្រីបាឡែន Beluga ដែលប្រទះឃើញនៅក្នុងទន្លេសែនប្រទេសបារាំង

ហេតុការណ៍ចម្លែកមួយបានកើតឡើង ខណៈដែលត្រីបាឡែនមួយក្បាលត្រូវបានគេប្រទះឃើញនៅតាមដងទន្លេ Seine កាលពីថ្ងៃអង្គារកន្លងទៅ ប៉ុន្តែ គិតមកដល់ពេលនេះ ត្រីបាឡែន Beluga មួយនេះមើលទៅហាក់ដូចជាមានសុខភាពមិនល្អ ហើយនេះបានបង្កឲ្យមានការព្រួយបារម្ភជាខ្លាំងពីសំណាក់អាជ្ញាធរ ដែលកំពុងរកវិធីសាស្រ្តយ៉ាងណាក្នុុងការជួយសង្គ្រោះវា។

អ្ណកសង្គ្រោះកំពុងបង្ហោះដ្រូននៅលើទន្លេសែនដើម្បីតាមមើលត្រីបាឡែន
អ្ណកសង្គ្រោះកំពុងបង្ហោះដ្រូននៅលើទន្លេសែនដើម្បីតាមមើលត្រីបាឡែន REUTERS - PASCAL ROSSIGNOL
ផ្សាយពាណិជ្ជកម្ម

យោងតាមអាជ្ញាធរក្នុងតំបន់ ត្រីបាឡែន Beluga ដែលបានហែលមកដល់ដងទន្លេ សែន ក្នុងប្រទេសបារាំងមើលទៅហាក់ដូចជាស្គមជាងធម្មតា ។ ត្រីបាឡែន នេះត្រូវបានគេប្រទះឃើញលើកដំបូងកាលពីថ្ងៃអង្គារនៅក្នុងទន្លេ ហើយការពិតទៅត្រីបាឡែននេះ ជាត្រីបាឡែនទី២ ហើយដែលបានហែល មកដល់ទន្លេ សែន នេះ។ កាលពី២ខែមុន មានត្រីបាឡែនមួយប្រភេទទៀតដែលបានមកជាប់គាំងនៅលើដងទន្លេនេះដែរ តែក៏បានស្លាប់ដោយការអត់ឃ្លាន។

ត្រីបាឡែន Beluga នេះជាប្រភេទសត្វដែលជិតផុតពូជមួយ ដែលភាគច្រើនរស់នៅក្នុងតំបន់អាកទិក ប៉ុន្ដែដោយហេតុដ៏កម្រមួយ វាបានចំណាកស្រុកមកដល់ ដងទន្លេ សែន ត្រង់ចំណុចមួយ មានចម្ងាយប្រហែលជា 70 គីឡូម៉ែត្រ ពីទីក្រុងប៉ារីស។ ក្រុមអ្នកសង្គ្រោះ និងអាជ្ញាធរក្នុងតំបន់ បានធ្វើការយ៉ាងសកម្ម ក្នុងការសង្គ្រោះត្រីបាឡែននេះ ហើយយោងតាមការសង្កេត ត្រួតពិនិត្យមក ត្រីបាឡែននេះមើលទៅហាក់ដូចជាមាន ការផ្លាស់ប្តូរពណ៌ស្បែក និងស្រកទម្ងន់ជាលំដាប់។

បើយោងតាម អនុប្រធានក្រុមស្រាវជ្រាវថនិកសត្វសមុទ្របារាំង យ៉ាងណាមិញ សត្វនេះមើលទៅមានសមត្ថភាពសួតល្អនៅឡើយ តែយ៉ាងណាក្តី ក្រុមជួយសង្គ្រោះកំពុងមានការលំបាកក្នុងការជួយសង្គ្រោះត្រីបាឡែននេះចេញពីដងទន្លេ Seine ។

អាជ្ញាធរក៏បានស្នើឱ្យអ្នកទស្សនារក្សាចម្ងាយរបស់ពួកគេ ព្រោះត្រីបាឡែន នេះងាយចាញ់ជាមួយនឹងសំលេងរំខានណាស់។ គោលដៅសំខាន់ក្នុងពេលនេះ គឺការកាត់បន្ថយភាពរំខាន និងធ្វើយ៉ាងណាអោយវាមានអាហារគ្រប់គ្រាន់ ជៀសវាងការស្លាប់ដោយភាពអត់ឃ្លានដូចត្រីបាឡែន​មួយទៀត​ ដែលបានជាប់នៅដងទន្លេ សែន កាលពី២ខែមុន។

គួរបញ្ជាក់ថាត្រីបាឡែន Beluga នេះអាចម្តងម្កាលធ្វើចំណាកស្រុកទៅភាគខាងត្បូង តែវាអាចរស់នៅក្នុងទឹកសាបបានរយៈពេលខ្លីតែប៉ុណ្ណោះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ