អានតួអត្ថបទ
សហភាពអឺរ៉ុប

នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ ចង់​ពង្រីក​សហភាពអឺរ៉ុប ឱ្យ​កាន់​តែ​ធំ នាពេល​អនាគត

នៅ​ថ្ងៃចន្ទទី ២៩​សីហា ២០២២​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ បាន​បង្ហាញ​ទស្សនៈ​វិស័យរបស់​លោក​ជុំ​វិញ​​​​អនាគតរបស់​​សហភាព​អឺរ៉ុប។ លោក អូឡាហ្វ ស្ហុលស៍ ចង់​ពង្រីក​សហភាពអឺរ៉ុប ឱ្យ​កាន់​តែ​ធំ មាន​សមាជិកកើន​ដល់​​ពី​៣០ទៅ​៣៦​ប្រទេស និង​លែង​មាន​ហើយ​សិទ្ធិ​ប្រឆាំង​វេតូ ព្រោះបើ​តាម​លោក​ស្ហុលស៍ សិទ្ធិវេតូ​នេះ​ មាន​ន័យ​ស្មើ​នឹង​ការ​ធ្វើ​ឱ្យ​គាំង​ស្ថាប័នអឺរ៉ុប។

ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ លោក  Olaf Scholz ថ្លែង​សុន្ទរកថា​ស្តីពី​អនាគត​អឺរ៉ុប នៅទីក្រុង​ប្រាក ថ្ងៃទី ២៩ សីហា ២០២២
ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ លោក Olaf Scholz ថ្លែង​សុន្ទរកថា​ស្តីពី​អនាគត​អឺរ៉ុប នៅទីក្រុង​ប្រាក ថ្ងៃទី ២៩ សីហា ២០២២ AP - Petr David Josek
ផ្សាយពាណិជ្ជកម្ម

ខុស​ពី​មេដឹកនាំ​អាល្លឺម៉ង់​មុនៗ លោក​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ អូឡាហ្វ ស្ហុលស៍ ដែល​បាន​ឡើង​ដឹកនាំ​ប្រទេសកាលពី​​១០​ខែមុន បាន​ប្រកាស​គាំទ្រ​គំនិត​ផ្តួច​ផ្តើមរបស់​លោក​ប្រធានាធិបតី​បារាំង អេម៉ាណុយអែល ម៉ាក្រុង ​ចង់​បង្កើត​សហគមន៍​នយោបាយ​អឺរ៉ុប​។ ជាង​នេះ​ទៅ​ទៀត ក្នុង​ឱកាស​ថ្លែង​សុន្ទរកថា​ស្តីពី​អនាគត​អឺរ៉ុប នៅទីក្រុង​ប្រាក ថ្ងៃចន្ទទី ២៩សីហា​ លោក ស្ហុលស៍ បាន​ប្រកាស​ចេតនា​ចង់​ពង្រីកសហភាពអឺរ៉ុប ឆ្ពោះ​ទៅទិស​ខាង​កើត ទៅរក​បណ្តា​ប្រទេស​នៅ​តំបន់​បាល់​កង់ (៦ប្រទេស ៖ សែរប៊ី ម៉ុងតេណេហ្ក្រោ ម៉ាសេដ្វានខាង​​ជើង អាល់បានី កូសូវ៉ូ បូស្នីអែហ្សេហ្កោវីន) ព្រមទាំង​អ៊ុយក្រែន ម៉ុលដាវី និងហ្សកហ្ស៊ី។ សម្រាប់​លោក អូឡាហ្វ ស្ហុលស៍ អឺរ៉ុប​គួរ​តែ​មាន​សមាជិក​ដល់​៣០ទៅ ៣៦​ប្រទេស និង​ខុស​ពី​សហភាព​អឺរ៉ុប​នាពេល​បច្ចុប្បន្ន។ ស្នូល​អឺរ៉ុប​នឹង​រំកិល​ទៅ​ទិស​ខាង​កើត ហើយ​អឺរ៉ុប​នឹង​ជា​ប្រយោជន៍​សម្រាប់​យើង​គ្រប់​គ្នា​។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​លោក ស្ហុលស៍​ដដែល។

បើអនាគត​​សហភាព​អឺរ៉ុប​មាន​ទ្រង់ទ្រាយ​ថ្មី​ ធំ មាន​ប្រយោជន៍​នយោបាយ សេដ្ឋកិច្ច និង​ប្រព័ន្ធ​សង្គម​ធំជាង​មុន ច្បាប់វិធាន​ផ្ទៃក្នុង​ក៏​ត្រូវតែ​​ប្តូរ​ផ្លាស់​ដែរ មាន​ជា​អាទិ៍​ “​ការ​សម្រេច​ជា​ឯកច្ឆន្ទ”។ ​បើ​តាម​ លោក​ស្ហុលស៍ ​ហានិភ័យ​​នៃការ​សម្រេច​ជា​ឯកច្ឆន្ទ​ ដែល​អឺរ៉ុប​ប្រកាន់​យក​នាពេល​នេះ គឺ ​ប្រទេស​មួយអាចប្រើសិទ្ធិ​​​វេតូ​រារាំង​ប្រទេស​ផ្សេង​មិន​ឱ្យ​វិវឌ្ឍ​បាន។ សមាជិក​កាន់​តែ​ច្រើន វេតូ​​ក៏​អាច​កើន​ឡើង​ច្រើន​ដែរ។ ដូច្នេះ សហភាពអឺរ៉ុបនាពេល​អនាគត​នឹង​សម្រេចការ ​ដោយ​យក​តាមសំឡេង ​​“ភាគ​ច្រើន​”វិញ ទាក់ទង​នឹង​ប្រធានបទ​នយោបាយការបរទេស ហើយបន្ត​ពង្រីក​បន្តិចម្តងៗ នៅក្នុង​វិស័យ​ផ្សេង​ទៀត ដូច​ជានៅពេល​សម្រេច​នយោបាយ​ពន្ធដារ​ជា​ដើម។

លោក​ស្ហុលស៍​បាន​ទទួល​ស្គាល់​ថា អាល្លឺម៉ង់​អាច​រង​ផលវិបាក​ពី​នយោបាយ​ យកតាម​​សំឡេងភាគ​ច្រើន ប៉ុន្តែ​គោលការណ៍​ “ជា​ឯកច្ឆន្ទ”​ អាច​ដំណើរការ​បាន​ល្អ​តែ​ក្នុង​ករណី​គ្មាន​សម្ពាធ​តឹង​តែង​ប៉ុណ្ណោះ។ ឥលូវអឺរ៉ុប​ខុស​ពី​មុន​ នេះ​គឺ​ដោយហេតុ​តែ​រុស្ស៊ី​ធ្វើ​សង្គ្រាម ​ឈ្លានពាន​​អ៊ុយក្រែន​។ នេះ​បើ​តាម​លោក​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ដដែល ដែល​ធានា​​ ជា​លក្ខណៈ​បុគ្គល​ជួយ​ក្រូអាស៊ី រ៉ូម៉ានី ប៊ុលហ្ការី ឱ្យ​បាន​ចូល​ក្នុង​ក្រុម​ប្រទេស​មាន​ចរាចរណ៍​សេរី Schengen ក្នុង​ពេល​ឆាប់ៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ