អានតួអត្ថបទ

រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលីបំពេញទស្សនកិច្ចនៅអឺរ៉ុបដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ

រដ្ឋមន្រ្តី​ការពារជាតិ​អូស្រ្តាលី​លោក Richard Marles ផ្តើម​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​នៅ​អឺរ៉ុប​ដោយ​ចាប់​ផ្តើម​នា​ថ្ងៃ​ចន្ទ ទី២៩ សីហា​រហូត​ដល់​ថ្ងៃទី១ កញ្ញា។ បារាំង​ជា​ប្រទេស​ដែល​លោក Marles បំពេញ​ទស្សនកិច្ច​មុន​គេ មុន​នឹង​លោក​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អង់គ្លេស និង​បញ្ចប់​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ តាំង​ពី​គណបក្ស​ពលករ​នៅ​អូស្រ្តាលី​ឈ្នះ​ឆ្នោត​នា​ការ​បោះឆ្នោត​សភា​ក្នុង​ខែ​ឧសភា​កន្លង​ទៅ នេះ​ជា​លើកទី១ ដែល​លោក Marles បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប។

រដ្ឋមន្រ្តី​ការពារជាតិ​អូស្រ្តាលី​លោក Richard Marles ផ្តើម​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​នៅ​អឺរ៉ុប​ដោយ​ចាប់​ផ្តើម​នា​ថ្ងៃ​ចន្ទ ទី២៩ សីហា​រហូត​ដល់​ថ្ងៃទី១ កញ្ញា។
រដ្ឋមន្រ្តី​ការពារជាតិ​អូស្រ្តាលី​លោក Richard Marles ផ្តើម​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​នៅ​អឺរ៉ុប​ដោយ​ចាប់​ផ្តើម​នា​ថ្ងៃ​ចន្ទ ទី២៩ សីហា​រហូត​ដល់​ថ្ងៃទី១ កញ្ញា។ © AP
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​នៃ​ទស្សនកិច្ច​លើក​ដំបូង​នៅ​អឺរ៉ុប​របស់​ប្រមុខ​ការពារជាតិ​អូស្រ្តាលី​លោក Richard Marles មាន​ច្រើន។ នៅ​ក្នុង​ប្រទេស​បារាំង លោក Marles សង្ឃឹម​ភ្ជាប់ និង​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច​រវាង​បារាំង និង​អូស្រា្តលី។ ទំនាក់ទំនង​ដែល​បាន​ស្គាល់​ភាព​ល្អក់ កករ និង​រកាំរកូស​ដោយសារ​តែ​រដ្ឋាភិបាល​អូស្រា្តលី​ក្នុង​ជំនាន់​នាយករដ្ឋមន្រ្តី​លោក​ស្កុត ម៉ូរីសុន​បាន​លុប​ចោល​វិញ​នូវ​កុងត្រា​ទិញ​នាវាមុជទឹក​បារាំង​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០២១ និង​បាន​ងាក​ទៅ​ទិញ​នាវាមុជទឹក​អាមេរិក​វិញ។ គួរ​រម្លឹក​ថា នៅ​ក្នុង​កុងត្រា​ដែល​រដ្ឋាភិបាល​របស់​លោក​ស្កុត ម៉ូរីសុន​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​បារាំង Naval Group កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៦ អូស្រ្តាលី​បាន​សន្យា​ទិញ​នាវា​មុជទឹកបារាំង​ចំនួន ១២គ្រឿង​ក្នុង​ប្រាក់​ចំនួន ៥៦ ០០០លានអឺរ៉ូ។

គឺ​ទើប​នៅ​ក្រោយ​ការ​ជាប់​ឆ្នោត​របស់​គណបក្ស​ពលករ​នៅ​អូស្រា្តលី​ដែល​ទំនាក់ទំនង​រវាង​ក្រុង​ប៉ារីស និង​ក្រុង​កង់បេរ៉ា​បាន​ស្គាល់​ភាព​ប្រសើរ​ឡើង​វិញ​បន្តិច។ នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​នា​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​បារាំង​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ នាយករដ្ឋមន្រ្តី​ថ្មី​អូស្រា្តលី​លោក​អង់តូនី អាល់បានីស៊ី​បាន​សន្យា​បិទ​ជា​ស្ថាពរ​នូវ​ទំព័រ​អាប់អួរ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ កាល​ណោះ លោក​អាល់បានីស៊ី​បាន​ចាត់​ទុក​បារាំង​ជា​ដៃគូ​ចាស់​ជាង​គេ​មួយ​របស់​អូស្រា្តលី។ ដូច្នេះ បេសកកម្ម​របស់​ប្រមុខ​ការពារជាតិ​អូស្រា្តលី​នៅ​បារាំង​ពេល​នេះ​ជា​ការ​បន្ត​ស្តារ និង​ពង្រឹង​​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​បារាំង និង​អូស្រា្តលី។

បន្ទាប់​ពី​បារាំង លោក Richard Marles បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អង់គ្លេស​ដែល​នៅ​ទីនោះ លោក​នឹង​ទៅ​ទស្សនកិច្ច​នៅ​ការដ្ឋាន​របស់​ក្រុមហ៊ុន Naval អង់គ្លេស។ ជា​ទស្សនកិច្ច​ខាន​មិន​បាន ព្រោះ​អូស្រា្តលី​ត្រូវ​សម្រេចចិត្ត​ពី​ពេល​នេះ​ទៅ​ខែ​មីនា ឆ្នាំ ២០២៣ ថា តើ​នឹង​ត្រូវ​ទិញ​នាវាមុជទឹក​ដើរ​ដោយ​នុយក្លេអ៊ែរ​របស់​អង់គ្លេស ឬ​របស់​អាមេរិក។ ប្រទេស​ចុង​ក្រោយ គឺ​អាល្លឺម៉ង់​ដែល​លោក Richard Marles ត្រូវ​ចូលរួម​នៅ​ក្នុង​តុមូល​ជាមួយ​ក្រុម​អ្នក​ទទួល​ខុសត្រូវ​ក្នុង​វិស័យ​ការពារ។ ក្រៅ​ពី​ពង្រឹង​ភាព​ជា​ដៃគូ​ផ្នែក​សន្តិសុខ​ជាមួយ​ប្រទេស​អឺរ៉ុប​ទាំង ៣ ទស្សនកិច្ច​របស់​ប្រមុខ​ការពារជាតិ​អូស្រា្តលី​នៅ​អឺរ៉ុប​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​ឡើង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក​ដែល​សហភាព​អឺរ៉ុប​មិន​បាន​មើល​រំលង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ