អានតួអត្ថបទ
រុស្ស៊ី-អង្គការសហប្រជាជាតិ-សិទ្ធិមនុស្ស

សន្និបាត​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស បើកឆាក​ជាមួយ​​ការថ្កោលទោស​រុស្ស៊ី ស្តីពី​ការរំលោភ​សិទ្ធិមនុស្ស

ថ្ងៃចន្ទទី​១២កញ្ញា ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ មានទីតាំង​នៅទីក្រុងហ្សឺណែវ បានចាប់​ផ្តើម​បើកសន្និបាទប្រចាំឆ្នាំរបស់ខ្លួន ដែលមានរយៈពេល១ខែ។ នៅក្នុងសុន្ទរកថាបើកសន្និបាទនេះ លោកស្រី ណាដា អាល់ ណាស្ហ៊ីហ្វ អគ្គស្នងការស្តីទី នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស បាន​ថ្លែង​ថ្កោលទោសរុស្ស៊ី ដោយ​ប្រើពាក្យ​យ៉ាងធ្ងន់​ៗ ស្តីពីស្ថានភាព​​​រំលោភសិទ្ធិមនុស្ស​នៅ​ក្នុងប្រទេសរុស្ស៊ី តួយ៉ាងការគំរាម សំឡុត ដាក់សំពាធ ដើម្បីបំបិទសំឡេង​ប្រឆាំង​រិះគន់។

លោកស្រី Nada al-Nashif ឧត្តមស្នងការ (បណ្តោះអាសន្ន) នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក្នុងពេលថ្លែងសុន្ទកថា បើកសន្និបាត ថ្ងៃទី១២​កញ្ញា ២០២២ នៅក្រុងហ្សឺណែវ
លោកស្រី Nada al-Nashif ឧត្តមស្នងការ (បណ្តោះអាសន្ន) នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក្នុងពេលថ្លែងសុន្ទកថា បើកសន្និបាត ថ្ងៃទី១២​កញ្ញា ២០២២ នៅក្រុងហ្សឺណែវ AP - Salvatore Di Nolfi
ផ្សាយពាណិជ្ជកម្ម

ថ្វីបើ​ក្នុងនាមជា​អគ្គស្នងការបណ្តោះអាសន្ន ទំរាំ​លោក Volker Türk ឡើងមកធ្វើជាអគ្គស្នងការថ្មី តែលោកស្រី Nada al-Nashif មិនបានតមមាត់ទេ ក្នុងការថ្លែងរិះគន់រុស្ស៊ីទាក់ទិននឹងការរំលោភសិទ្ធិមនុស្ស​។​ លោក​ស្រីបានលើកឡើងថា អាជ្ញាធររុស្ស៊ី បាន​ធ្វើសកម្មភាព​ជាច្រើន ផ្ទុយពី​គោលការណ៍គ្រិះ​នៃសិទ្ធិសេរីភាព ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរុស្ស៊ី។ អំពើទាំងនោះ មានដូចជា ការគំរាម សំឡុត ការដាក់សំពាធ ទៅលើអ្នកដែលចង់បញ្ចេញមតិ មិនថាអ្នកនយោបាយ ឬអ្នកកាសែតឯករាជ្យ។ សិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិសេរីភាពជួបជុំ បង្កើតជាសមាគម​ផ្សេងៗ ត្រូវរួចខើចសឹងតែលែងមាននៅរុស្ស៊ី។

លោកស្រីបានបន្តទៀតថា ការងាររបស់បណ្តាញសារព័ត៌មាននៅរុស្ស៊ី​ ត្រូវបាន​គេរំខានយារយី តាមរយៈការបិទខ្ទប់ប្រភពចំណូល បានមកពីបណ្តាញអ៊ីនធ័រនិត ព្រមទាំងទម្រង់រូបភាព​រារាំងផ្សេងៗទៀត ដែលវាប្រឆាំងនឹង​ពហុភាពនៃវិស័យ​ព័ត៌មានសេរី។ លោកស្រី Nada al-Nashif បានអំពាវនាវផងដែរ ឲ្យ​រដ្ឋាភិបាលរុស្ស៊ី ត្រូវពិចារណាឡើងវិញ ចំពោះវិធានការ​កណ្តាប់ដៃ ដែលខ្លួនបាន​ប្រើបណ្តាញសារព័ត៌មាន ឬអង្គការសង្គមស៊ីវីល​ ដោយចោទថា “បានទទួលប្រាក់ឧបត្ថម្ភពីបរទេស”  “មនុស្សទទួលឥទ្ធិពល​ពីបរទេស” “ស្ថាប័នមានទំនាក់ទំនងជាមួយ​ប្រទេសផ្សេង” ឬ “ស្ថាប័នដែលធ្វើសកម្មភាពប្រឆាំងនឹងសន្តិសុខរបស់រុស្ស៊ី” ជាដើម ។ល។

គួរបញ្ជាក់ថា រុស្ស៊ីបានដកខ្លួនចេញពី​ក្រុមប្រឹក្សាសិទ្ធិមនុស្សហើយ បន្ទាប់ពី​មហាសន្និបាតនៃអង្គការសហប្រជាជាតិ បានបោះឆ្នោត​ដកបេក្ខភាពរុស្ស៊ី​។ តែរុស្ស៊ី នៅមាននាមជាប្រទេសសង្កេតការណ៍ ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ដូច្នេះ តាមការគ្រោងទុក នៅថ្ងៃអង្គារទី​១៣កញ្ញានេះ តំណាងរដ្ឋាភិបាលរុស្ស៊ី អាចមានសិទ្ធិឆ្លើយតបវិញ នៅក្នុងសន្និបាទ​ ចំពោះសម្តីថ្កោលទោសរបស់លោកស្រី Nada al-Nashif។

គួរបញ្ជាក់ដែរថា កាលពីខែ​ឧសភា ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានចាប់ផ្តើម​បើក​ការ​ស៊ើបអង្កេតមួយដែរ ទាក់ទិននឹង​សកម្មភាព​រំលោភសិទ្ធិមនុស្ស បង្កឡើងដោយកងទ័ពរុស្ស៊ី នៅក្នុង​សង្គ្រាមអ៊ុយក្រែន។ ថ្ងៃទី​២៣កញ្ញាខាងមុខនេះ ក្រុមការងារស៊ើបអង្កេតនឹងអាន​សេចក្តីសន្និដ្ឋាន ចំពោះមុខអង្គសន្និបាទនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស​។

ដោយ​ឡែក មានមតិខ្លះទៀតក្នុងចំណោម​មន្ត្រីការទូត បានលើកឡើងថាក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវតែបើកការស៊ើបអង្កេតឯករាជ្យ​មួយទៀត ស្តីពីការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសរុស្ស៊ី ហើយត្រូវតែងតាំង​អ្នករាយការណ៍​ពិសេសម្នាក់ផង។ តែយ៉ាងណាក៏ដោយ ក្រុមប្រទេសអឺរ៉ុបអះអាងថា គេពុំសូវមានសង្ឃឹមថា គំនិតនេះនឹងបានទទួល​ការគាំទ្រ សម្លេងភាគច្រើន ក្នុង​ចំណោមសមាជិកទាំង​៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ