អានតួអត្ថបទ
អាល្លឺម៉ង់-ការពារជាតិ

លោកអូឡាហ្វ ស្ហុលស៍ ​ចង់ធ្វើ​ឲ្យ​កងទ័ព​​អាល្លឺម៉ង់ មាន​​​គ្រឿង​​សព្វាវុធល្អ ទំនើប​ផុតគេ​នៅអឺរ៉ុប

លោកអូឡាហ្វ ស្ហុលស៍ ប្រមុខដឹកនាំរដ្ឋាភិបាល​អាល្លឺម៉ង់ បានថ្លែងកាលពីថ្ងៃសុក្រទី​១៦កញ្ញាថា អាល្លឺម៉ង់ ត្រូវតែធ្វើ​យ៉ាងណា ដើម្បីឲ្យ​​មានកងទ័ព ដែលបំពាក់ដោយ​គ្រឿងសព្វាវុធល្អ និង​ទំនើប​ជាងគេបំផុតនៅអឺរ៉ុប។​ លោក​ក៏បាន​ថ្លែងអំពាវនាវផងដែរ ថាប្រទេសអឺរ៉ុប ត្រូវតែពង្រឹងតួនាទី​ឲ្យ​បាន​កាន់តែធំ នៅក្នុង​ក្របខណ្ឌអង្គការ​អូតង់ ដើម្បីការពារសន្តិសុខ​។

លោកអធិការបតិអាល្លឺម៉ង់ Olaf Scholz កំពុងថ្លែងសុន្ទរកថាក្នុងសន្និសីទស្តីពី​ទស្សនវិស័យ​ការពារជាតិ នៅក្រុង​ប៊ែរឡាំង ថ្ងៃទី ១៦ កញ្ញា ២០២២
លោកអធិការបតិអាល្លឺម៉ង់ Olaf Scholz កំពុងថ្លែងសុន្ទរកថាក្នុងសន្និសីទស្តីពី​ទស្សនវិស័យ​ការពារជាតិ នៅក្រុង​ប៊ែរឡាំង ថ្ងៃទី ១៦ កញ្ញា ២០២២ AP - Carsten Koall
ផ្សាយពាណិជ្ជកម្ម

ក្នុងនាមអាល្លឺម៉ង់ ជាប្រទេសដែលមាន​ប្រជាជនច្រើនជាងគេ ព្រមទាំងមានសេដ្ឋកិច្ចនាំមុខគេនៅអឺរ៉ុប គឺកងទ័ពអាល្លឺម៉ង់ ត្រូវតែក្លាយជាសសរទ្រូងដ៏សំខាន់ ដើម្បីការពារ​អឺរ៉ុប។ កងទ័ពអាល្លឺម៉ង់ ត្រូវតែក្លាយជាកងទ័ព ដែលមានសមត្ថភាព និង​គ្រឿងសព្វាវុធ ទំនើប​ជាងគេបំផុតនៅអឺរ៉ុប។​ នេះគឺជាសម្តីថ្លែងការណ៍ របស់​លោក អូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ នៅចំពោះមុខថ្នាក់ដឹកនាំកងទ័ពអាល្លឺម៉ង់ កាលពីថ្ងៃសុក្រទី​១៦កញ្ញា។

គួររំលឹកថា ការលើកទ័ពឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន បានធ្វើឲ្យ​ប្រែប្រួលទាំងស្រុង នូវគោលនយោបាយ​​ការពារជាតិ​អាល្លឺម៉ង់ ដែលពីមុនមក មិនសូវចាប់អារម្មណ៍ទៅលើវិស័យកងទ័ព​។ ដោយ​ឃើញស្ថានការណ៍នេះ អាល្លឺម៉ង់ បានចាប់ផ្តើមបើកកញ្ចប់​ទឹកប្រាក់​ចំនួន ១០ម៉ឺនលានអឺរ៉ូ ដើម្បីធ្វើទំនើបកម្មកងទ័ពខ្លួន ទាំងផ្នែក​ហ្វឹកហាត់បច្ចេកទេស បំពាក់គ្រឿងសព្វាវុធទំនើប និងរៀបចំយុទ្ធសាស្ត្រថ្មី​។

អតីតរដ្ឋមន្ត្រីការពារជាតិ​អាល្លឺម៉ង់ម្នាក់ បាន​លើកឡើងថា “អ្នកនៅជុំវិញអាល្លឺម៉ង់ មិនមែន​មានតែ​មិត្តទៀត​នោះទេ”។ ក៏​ប៉ុន្តែ​គំនិត​យល់ឃើញ​នេះ មិនត្រូវ​បាន​ថ្នាក់ដឹកនាំនយោបាយ សេដ្ឋកិច្ច ព្រមទាំងសង្គម​ ទទួលស្គាល់នោះទេ  ហើយទើបតែភ្ញាក់រលឹកនៅពេលនេះតែប៉ុណ្ណោះ។ អតីតរដ្ឋមន្ត្រីរូបនេះ បាន​អះអាងថា បើ​ក្រឡេកទៅមើល​ស្ថានភាពរបស់​កងទ័ពអាល្លឺម៉ង់ បច្ចុប្បន្ន នោះទើបយើងដឹងថា វាគឺជា​ផល​វិភាគ​នៃការគិតខុស។​

គួរបញ្ជាក់ថា ក្រៅពីបាន​បង្ហាញចេតនាចង់ធ្វើទំនើបកម្មកងទ័ព លោក​អូឡាហ្វ ស្ហុលស៍ បានលើកឡើងថា អាល្លឺម៉ង់បានត្រៀមខ្លួនហើយ ដើម្បីទទួលខុសត្រូវ ឈានមុខគេ ក្នុងការ​ការពារ​សន្តិសុខ​របស់ទ្វីបអឺរ៉ុប។ ទន្ទឹមគ្នានេះ លោក​បាន​បន្ថែមថា ក្រុមប្រទេសអឺរ៉ុបទាំងអស់ ត្រូវ​ចាប់ផ្តើមពង្រឹង និង​ទទួលស្គាល់តួនាទីខ្លួន ឲ្យច្បាស់លាស់ នៅក្នុងក្របខណ្ឌអង្គការអូតង់។ លោក​ក៏បាន​អះអាងផងដែរថា ថាលោកគាំទ្រគំនិត បង្កើតអគ្គបញ្ជាការដ្ឋានកងទ័ពអឺរ៉ុប ដែលនឹងក្លាយជាទីចាត់ការរួមមួយ សម្រាប់​ចាត់ចែងប្រតិបត្តិការនានា តួយ៉ាងដូចជាការរំដោះ​ជន្លៀសមនុស្ស ប្រតិបត្តិការបណ្តុះបណ្ដាលជាដើម។

យ៉ាងណាក៏ដោយ លោកអូឡាហ្វ ស្ហុលស៍ បាន​លើកឡើងពីឧបសគ្គមួយចំនួន ដើម្បីពង្រឹងចំណងសហប្រតិបត្តិការកងទ័ពរវាងប្រទេសសមាជិកអឺរ៉ុប។ ក្នុងនោះលោក​បាន​អះអាងថា អ្វីដែលអឺរ៉ុបត្រូវដោះស្រាយ​បន្ទាន់ គឺ​ប្រព័ន្ធគ្រឿងសព្វាវុធនៅអឺរ៉ុប​ ដែលមានច្រើនជ្រុល បច្ចេកទេសមិនដូចគ្នា មិន​ស៊ីសង្វាក់គ្នា សម្ភារៈប្រើប្រាស់ក៏ខុសគ្នា ហើយ​ជាងនេះទៀត គឺការបញ្ហាប្រកួតប្រជែងគ្នា រវាង​សហគ្រាសផលិត​គ្រឿងសព្វាវុធនៅអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ