អានតួអត្ថបទ

អាល្លឺម៉ង់​ សង្ស័យ រុស្ស៊ី នៅពីក្រោយ​ការ​​ធ្វើ​ឲ្យ​ខូចខាត​​ប្រព័ន្ធ​ខ្សែកាប​រថភ្លើង ២កន្លែង

កាល​ពីចុងសប្តាហ៍​កន្លងទៅនេះ នៅអាល្លឺម៉ង់ ​​មាន​ការ​ខូច​ខាត​ប្រព័ន្ធ​ខ្សែកាប​ផ្លូវ​ដែក ដែល​បង្កចេញពី​ចេតនា​វិច្ឆេទកម្ម​បំផ្លិច​បំផ្លាញ និង​បាន​បង្កឲ្យ​កកស្ទះ​ចរាចរណ៍​រថភ្លើង ចម្ងាយ​ប្រមាណ​ ៥៤០ គីឡូម៉ែត្រ​ និងរាំង​​ស្ទះ​ការ​ធ្វើ​ដំណើរ​​ អស់​រយៈពេលប្រមាណ​ ៣ ​ម៉ោង។​ ហេតុការណ៍​នេះ បាន​ធ្លាក់​ទៅលើ​ផ្លូវ​រថភ្លើង​ ២ កន្លែង នៅប៉ែក​ខាង​លិច​និង​ខាង​កើត​ប្រទេស​អាល្លឺម៉ង់​។​ អ្នក​នយោបាយ​ក្នុងស្រុក​អាល្លឺម៉ង់ បាន​អំពាវនាវ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និងបាន​​​ដាក់​ការ​សង្ស័យលើ​ រុស្ស៊ី ដែលអាច​នៅពីក្រោយការធ្វើឲ្យខូចខាតប្រព័ន្ធខ្សែកាបរថភ្លើងនេះ។  

ទិដ្ឋភាព​ប្រជុំ​សភា​អាល្លឺម៉ង់។
ទិដ្ឋភាព​ប្រជុំ​សភា​អាល្លឺម៉ង់។ AP - Markus Schreiber
ផ្សាយពាណិជ្ជកម្ម

​ប្រធានគណៈកម្មាធិការ​សភាទទួល​បន្ទុកកិច្ចការអឺរ៉ុប របស់អាល្លឺម៉ង់ បានចោទប្រកាន់​ត្រង់ៗតែម្តងថា រុស្ស៊ី​មាន​ជាប់​ពាក់ព័ន្ធ​​នឹង​វិច្ឆេទកម្មបំផ្លិចបំផ្លាញនេះ ឬ​ជា​អំពើ​របស់រុស្ស៊ី​តែម្តង ពីព្រោះ​តែ អាល្លឺម៉ង់​ បាន​គាំទ្រ​ អ៊ុយក្រែន និង​ប្រឆាំងនឹង​សង្គ្រាមឈ្លានពាន​​របស់​រុស្ស៊ី។

តាមរយៈ​ការ​ចុះផ្សាយ​របស់​កាសែតក្នុងស្រុក​​ Funke, ​អ្នកនយោបាយខាងបរិស្ថាននិយម លោក Anton Hofreiter ដែលស្និទ្ធនឹងអធិការបតីអាល្លឺម៉ង់ផង​ ​ ក៏​បាន​ភ្ជាប់​ការ​បំផ្លាញ​នេះ ទៅនឹង​ការ​ធ្វើឲ្យ​ធ្លាយ​ឧស្ម័ន​ហ្គាស់ ចេញពី​​បំពង់​បង្ហូរ​ឧស្ម័ន​ Nord Steam ទី១ និងទី២​ ដែលធ្វើ​ឲ្យ​ខូច​ហើយ​អាក់​ខាន​ផ្គត់​ផ្គង់ឧស្ម័នហ្គាស់​។ លោក Anton Hofreiter លើកឡើង​ពេញ​មាត់តែម្តងថា នេះក៏​​ជា​ស្នាដៃ​រុស្ស៊ីដែរ​។​

កាសែត​អាល្លឺម៉ង់​ជាច្រើន​ ឲ្យដឹង​ថា ការ​ខូចខាតប្រព័ន្ធខ្សែកាបផ្លូវដែកនោះ ជា​ស្នាដៃ​របស់​អ្នក​ជំនាញ និង​​ជាអ្នក​ក្តោបក្តាប់ព័ត៌មាន​ផ្ទៃក្នុង​បាន​ច្រើន​ពី​ប្រព័ន្ធផ្លូវរថភ្លើង​ របស់ក្រុមហ៊ុន​ជាតិ​អាល្លឺម៉ង់។ កាសែត​ Der Spiegel ដ៏ល្បីល្បាញ​ បាន​ប្រាប់​ដែរថា នគរបាល​ក្រុង​ប៊ែរឡាំង​ទទួល​បន្ទុកប្រឆាំង​​ភេវរកម្ម និងបទគំរាម​កំហែង​ដល់​សន្តិសុខជាតិ កំពុងតែ​បើក​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ។

ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូន នៅចុង​សប្តាហ៍​កន្លងទៅនេះ គឺបង្កើតក្តីព្រួយបារម្ភក្នុងរង្វង់ថ្នាក់ដឹកនាំស្រុកទេស អាល្លឺម៉ង់។ អ្នកនយោបាយ និងអ្នកទទួលខុសត្រូវជាន់ខ្ពស់ បានអំពាវនាវឲ្យរឹតបណ្តឹងសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូនរបស់ជាតិទាំងមូល។ ​

ហេតុ​ដូច្នេះហើយ ទើប​ អ្នកនយោបាយខាង​បរិស្ថាន​និយម​ បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាលអាល្លឺម៉ង់​ទម្លាក់​កញ្ចប់​ថវិកា ​២០ ពាន់​លានអឺរ៉ូ ដើម្បី​ជួសជុល​ហេដ្ឋារចនា​សម្ព័ន្ធ​ចាស់ៗ ហើយ​ពង្រឹង​សុវត្ថិភាព​ឲ្យ​ប្រសើរឡើង រួម​ទាំង​សុវត្ថិភាព​ខាង​បច្ចេកវិទ្យាព័ត៌មាន​វិទ្យា​របស់​នគរបា​ល​សមត្ថកិច្ច​ត្រួត​កិច្ចការហេដ្ឋារចនា​សម្ព័ន្ធ​ ​នេះ​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ