អានតួអត្ថបទ
អូតង់

សមាជិក​អូតង់​១៤​ប្រទេស​ ព្រមតាម​​អាល្លឺម៉ង់​ ពង្រឹង​ប្រព័ន្ធការពារ​ដែនអាកាស

នៅថ្ងៃព្រហស្បតិ៍​ទី ១៣​តុលា​២០២២​នេះ ក្នុង​ជំនួប​​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អូតង់ សមាជិក​អង្គការ​​​ចំនួន ១៤​ប្រទេស បាន​ព្រមព្រៀងជាមួយ​​អាល្លឺម៉ង់ រួម​​គ្នា​ទិញ​សម្ភារៈ​បរិក្ខារ​ ការពារ​​​ដែន​អាកាស​និង​ខែល​ប្រឆាំង​មីស៊ីល ក្នុង​ក្របខ័ណ្ឌ​នៃការបំពាក់​​ប្រព័ន្ធការពារ​អាកាសអឺរ៉ុប។ នេះ​ជា​គម្រោងសម្រួល​ការ​​ទិញ​ប្រព័ន្ធការពារ​ដែនអាកាស ​ដែល​​ស្នើ​ឡើង​ដោយ​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ អូឡាហ្វ ស្ហុលស៍ កាលពី​រដូវ​ក្តៅ។

ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការពារ​ជាតិ​អូតង់ ថ្ងៃទី ១២​តុលា​២០២២
ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការពារ​ជាតិ​អូតង់ ថ្ងៃទី ១២​តុលា​២០២២ AP - Olivier Matthys
ផ្សាយពាណិជ្ជកម្ម

ផ្តួចផ្តើម​ដោយ​អាល្លឺម៉ង់ សម្ព័ន្ធមិត្ត​អង់គ្លេស ប៊ែលហ្សិក ប៊ុលហ្ការី សាធារណរដ្ឋ​ឆែក អេស្តូនី លីទុយអានី លេតូនី ហុងគ្រី ហូឡង់ ន័រវេស ស្លូវាគី ស្លូវេនី និង​រូម៉ានី ព្រមទាំង​ហ្វាំងឡង់​ដែលទើប​សុំ​ចូល​ជា​សមាជិក​អង្គការ​អូតង់ បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ជូន​ដំណឹងទៅ​​​អង្គការ​អូតង់ ស្តី​អំពី ចេតនា​ចង់​ទិញ​រួម​គ្នា ​នូវ​ប្រព័ន្ធ​ការពារ​ដែន​អាកាស ដូច​ជា​Arrow3​របស់​អ៊ីស្រាអែល ដែល​អាច​បាញ់​បាន​រយៈ​ឆ្ងាយ ឬ​ Partiot របស់​អាមេរិក និង​​ Iris-T​ផលិត​ដោយ​ក្រុមហ៊ុន​​អាល្លឺម៉ង់។ សម្រាប់​លោកស្រី​​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាល្លឺម៉ង់ Christine Lambrecht ការ​ប្រជុំ​ធនធានបែប​នេះ​ ជា​ទំនួល​​ខុស​ត្រូវការពារ​សន្តិសុខ​អឺរ៉ុប​រួម​។

អគ្គលេខាធិការ​រង​អង្គការ​អូតង់​ លោក Mircea Geoana បាន​ចេញ​សេចក្តី​ថ្លែងការណ៍អបអរភ្លាម​ថា មធ្យោបាយ​ថ្មី​ ​អន្តរប្រតិបត្តិការនិង​អាច​បញ្ចូល​ប្រកប​ដោយ​តម្លាភាព​ក្នុង​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​និង​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​អូតង់ នឹង​មក​ពង្រឹង​សមត្ថភាព​ការពារ​សម្ព័ន្ធ​អាត្លង់ទិក​ ពី​ការ​គំរាមកំហែង​ផ្លូវអាកាសនិងមីស៊ីល​។ ជា​គំនិត​ផ្តួចផ្តើម​ដ៏​ល្អ ព្រោះ​អូតង់​ត្រូវ​ការ​ប្រព័ន្ធការពារ​ដែន​អាកាស ប្រព័ន្ធ​ខែល​ប្រឆាំង​នឹង​មីស៊ីល និង​ប្រព័ន្ធ​ប្រឆាំង​នឹង​ដ្រូន។ នេះ​ជា​ការ​លើក​សរសើរ​របស់​បារាំង ដែល​មិន​បាន​ភ្ជាប់​ខ្លួន​នឹង​គម្រោង​របស់​អាល្លឺម៉ង់​នេះ​ទេ។

ហេតុអ្វី ? មក​ពីបារាំង​មាន​ប្រព័ន្ធ​ការពារអាកាស​ រយៈ​មធ្យម MAMBA កំពុង​ដំណើរការ​យ៉ាង​ពេញ​ទំហឹងទៅហើយ​ ក្នុង​បណ្តាញ​ត្រួត​ពិនិត្យ​អាកាស​អូតង់​​។ ប្រព័ន្ធ​ការពារ​អាកាស​បារាំង កំពុង​ធានាការពារ​អាកាស​និងការពារ​កងទ័ព​បារាំង ប្រចាំការ​នៅ​ប្រទេស​រូម៉ានី​​ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ពង្រឹង​ការ​ការពារ​ព្រំដែន​ខាង​កើត​អូតង់។

សូម​បញ្ជាក់​ថា​ បណ្តាប្រទេស​លោក​ខាង​លិចភាគ​ច្រើន ដែល​មាន​នយោបាយ​កំហិត​​ថវិកា​យោធា​តាំងពី​ចប់​សង្គ្រាម​ត្រជាក់​មក ពុំ​សូវ​មាន​បំពាក់​ប្រព័ន្ធការពារ​ដែន​អាកាស​ទេ ប៉ុន្តែចាប់​ផ្លាស់​​ជំហរ​នៅ​ពេលឃើញសង្គ្រាម​​​ផ្ទុះឡើង​​​​នៅអ៊ុយក្រែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ