អានតួអត្ថបទ

រុស្ស៊ី៖ព្រឹត្តិការណ៍បាញ់រះនៅក្នុងជំរំហ្វឹកហាត់យោធាបណ្តាលឲ្យស្លាប់យ៉ាងតិច ១១នាក់ និងរបួស ១៥នាក់

នៅ​ក្នុង​ប្រទេស​រុស្ស៊ី ក្រសួង​ការពារជាតិ​បាន​បញ្ជាក់​ពី​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១១នាក់ និង​របួស ១៥នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​បាញ់​រះ​នៅ​ទីលាន​ហ្វឹកហាត់​យោធា​មួយ​ស្ថិត​ក្នុង​តំបន់​ប៊ែលហ្គោរ៉ូដ​ក្បែរ​ព្រំដែន​ប្រទេស​អ៊ុយក្រែន។ ឧបទ្ទរវហេតុ​នេះ​បាន​កើត​មាន​ឡើង ខណៈ​ដែល​រុស្ស៊ី​កំពុង​បន្ត​យុទ្ធនាការ​កេណ្ឌទ័ព​ដើម្បី​យក​ទៅ​ជួយ​ទ័ព​រុស្ស៊ី​នៅ​លើ​សមរភូមិ​សង្រ្គាម​អ៊ុយក្រែន និង​ចំ​ពេល​ដែល​តំបន់​ប៊ែរហ្គោរ៉ូដ​បាន​រង​ការ​វាយប្រហារ​ច្រើន​ដង​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

នៅរុស្ស៊ី ព្រឹត្តិការណ៍បាញ់រះនៅក្នុងជំរំហ្វឹកហាត់យោធាបណ្តាលឲ្យស្លាប់យ៉ាងតិច ១១នាក់ និងរបួស ១៥នាក់។
នៅរុស្ស៊ី ព្រឹត្តិការណ៍បាញ់រះនៅក្នុងជំរំហ្វឹកហាត់យោធាបណ្តាលឲ្យស្លាប់យ៉ាងតិច ១១នាក់ និងរបួស ១៥នាក់។ © AP Photo
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ក្រសួង​ការពារជាតិ​រុស្ស៊ី ព្រឹត្តិការណ៍​បាញ់រះ​នៅ​ទីលាន​ហ្វឹកហាត់​យោធា​ក្នុង​តំបន់​ប៊ែលហ្គោរ៉ូដ​ស្ថិត​ក្បែរ​ព្រំដែន​អ៊ុយក្រែន​ជា​អំពើ​ភេរវកម្ម​ដែល​បង្ក​ឡើង​ដោយ​ភេរវជន​ចំនួន​ពីរ​រូប​មាន​ដើមកំណើត​ពី​ប្រទេស​មួយ​ជា​សមាជិក​របស់​សហគមន៍​នៃ​រដ្ឋ​ឯករាជ្យ។ សហគមន៍​នៃ​រដ្ឋ​ឯករាជ្យ​ដែល​ក្រសួង​ការពារជាតិ​រុស្ស៊ី​ចង់​និយាយ​នេះ គឺ​សម្ព័ន្ធ​នៃ​ក្រុម​ប្រទេស​អតីត​សហភាព​សូវៀត។ តាម​ក្រសួង​ការពារជាតិ​រុស្ស៊ី​ដដែល ភេរវជន​ទាំង​ពីរ​ត្រូវ​បាន​បាញ់​សម្លាប់​ភ្លាមៗ​ដោយ​កម្លាំង​ប៉ូលិស​តំបន់​ប៊ែលហ្គោរ៉ូដ តែ​មិន​បាន​ផ្តល់​អត្តសញ្ញាណ​របស់​ជន​ដៃដល់​ទាំង​ពីរ​នាក់ អ្នក​បាត់បង់​ជីវិត​ទាំង ១១នាក់ និង​អ្នក​របួស​ទាំង ១៥នាកក់​ទេ។

គួរ​បញ្ជាក់​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ភាព​តានតឹង​បាន​ឡើង​ដល់​កំពូល​នៅ​ក្នុង​តំបន់​ប៊ែលហ្គោរ៉ូដ​ដោយ​រដ្ឋអំណាច​បាន​លើក​ឡើង​ពី​វត្តមាន​នៃ​ការ​បាញ់​ផ្លោង​សឹង​រាល់​ថ្ងៃ​មក​ពី​អ៊ុយក្រែន។ ក្នុង​ថ្ងៃ​សៅរ៍ ទី១៥ តុលា រដ្ឋអំណាច​តំបន់​ប៊ែលហ្គោរ៉ូដ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​វាយប្រហារ​លើ​ឃ្លាំង​ស្តុក​ប្រេង​មួយ ហើយ​កាល​ពី​ថ្ងៃ​សុក្រ ទី១៤ តុលា គឺ​ការ​វាយប្រហារ​លើ​មជ្ឈមណ្ឌល​អគ្គិសនី​ដែល​បាន​បណ្តាល​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី។ តែ​មក​ដល់​ពេល​នេះ អ៊ុយក្រែន​នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​លើក​ឡើង​របស់​រដ្ឋអំណាច​តំបន់​ប៊ែលហ្គោរ៉ូដ​ទេ។

ព្រឹត្តិការណ៍​បាញ់​រះ​នៅ​​ទីលាន​ហ្វឹកហាត់​យោធា​នា​ថ្ងៃ​សៅរ៍ ទី១៥ តុលា​បាន​កើត​មាន​ឡើង ខណៈ​ដែល​រដ្ឋអំណាច​រុស្ស៊ី​បាន​ព្រមាន​ក្នុង​សប្តាហ៍​នេះ​ពី​ហានិភ័យ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ពី​អ៊ុយក្រែន។ មួយ​វិញ​ទៀត រឿងរ៉ាវ​មួយ​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​រុស្ស៊ី​កំពុង​បន្ត​យុទ្ធនាការ​កេណ្ឌទ័ពបម្រុង​ទៅ​ជួយ​ទ័ព​នៅ​លើ​សមរភូមិ​សង្រ្គាម​អ៊ុយក្រែន។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​រុស្ស៊ី​នឹង​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ព្រឹត្តិការណ៍​ថ្មី​ចុង​ក្រោយ​នៅ​តំបន់​ប៊ែលហ្គោរ៉ូដ​ទេ។ តែ​កន្លង​មក រុស្ស៊ី​មិន​ញញើត​វាយ​បក​ចាស់​ដៃ​លើ​ទង្វើ​វាយប្រហារ​លើ​ផលប្រយោជន៍​ខ្លួន។ ថ្មីៗ​នេះ រុស្ស៊ី​បាន​បាញ់​មីស៊ីល​ស្រោច​លើ​អ៊ុយក្រែន​នៅ​ក្រោយ​ការ​បំផ្ទុះ​លើ​ស្ពាន​ឆ្លង​ទៅ​តំបន់​គ្រីមេ​ដែល​រុស្ស៊ី​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ