អានតួអត្ថបទ
បារាំង-អ៊ុយក្រែន

សង្រ្គាមអ៊ុយក្រែន៖បារាំងគ្រោងហ្វឹកហាត់ទាហានអ៊ុយក្រែនចំនួន ២ ០០០នាក់នៅលើទឹកដីបារាំង

នៅ​ក្នុង​ប្រទេស​បារាំង រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​លោក​សេបាស់ស្យៀង ឡឺក័រនុយ​បាន​ប្រកាស​នៅ​ក្នុង​កាសែត​បារាំង Le Parisien ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អាទិត្យ ទី១៦ តុលា​ថា បារាំង​នឹង​ទទួល​បង្ហាត់បង្រៀន​ទាហាន​អ៊ុយក្រែន​ចំនួន ២ ០០០នាក់​នៅ​លើ​ទឹកដី​បារាំង។ កន្លង​មក បារាំង​ក៏​ធ្លាប់​បាន​បង្ហាត់បង្រៀន​ទាហាន​អ៊ុយក្រែន​ដែរ ពិសេស​បង្រៀន​ឲ្យ​ចេះ​ប្រើ​កាំភ្លើងធំ​ឈ្មោះ កាណុង សេហ្សា « Canons Caesar »។ តែ​កម្មវិធី​ហ្វឹកហ្វឺន​ទាហាន​អ៊ុយក្រែន​ដែល​ប្រកាស​ដោយ​រដ្ឋមន្រ្តី​ការពារជាតិ​ពេល​នេះ​មាន​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​គិត​តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន។

កាំភ្លើងធំបារាំង​ឈ្មោះ កាណុង សេហ្សា « Canons Caesar »។ បារាំង​បាន​ឲ្យ​អ៊ុយក្រែន​ចំនួន ១២គ្រឿង និង​គ្រោង​ឲ្យ​បន្ថែម​ទៀត។
កាំភ្លើងធំបារាំង​ឈ្មោះ កាណុង សេហ្សា « Canons Caesar »។ បារាំង​បាន​ឲ្យ​អ៊ុយក្រែន​ចំនួន ១២គ្រឿង និង​គ្រោង​ឲ្យ​បន្ថែម​ទៀត។ © leparisien
ផ្សាយពាណិជ្ជកម្ម

មាន​ទាហាន​អ៊ុយក្រែន​រហូត​ដល់​ទៅ ២ ០០០នាក់​នឹង​ទទួល​បាន​ការ​បណ្តុះបណ្តាល​ពី​បារាំង​នូវ​មេរៀន​ចំនួន ៣ គឺ​មេរៀន​ស្តីពី​ការ​ប្រយុទ្ធ​ទូទៅ មេរៀន​ស្តីពី​ឡូជីស្ទិក និង​មេរៀន​ស្តីពី​ការ​ប្រើប្រាស់​ឧបករណ៍​យោធា​ដែល​បារាំង​បាន​ផ្តល់​ឲ្យ។ ការ​បណ្តុះបណ្តាល​ស្តីពី​ការ​ប្រើប្រាស់​ឧបករណ៍​យោធា​ផ្តោត​សំខាន់​លើ​កាំភ្លើងធំ​ឈ្មោះ កាណុង សេហ្សា « Canons Caesar » គ្រាប់មីស៊ីល Milan ប្រឆាំង​រថក្រោះ គ្រាប់មីស៊ីល Mistra ប្រឆាំង​យន្តហោះ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែនអាកាស​ឈ្មោះ Crotale។ ប្រព័ន្ធ​មីស៊ីល​ការពារ​ដែន​អាកាស​នេះ​នឹង​បញ្ជូន​ឪ្យ​អ៊ុយក្រែន​នា​ពេល​ឆាប់ៗ​ខាង​មុខ​ដូច​ដែល​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​បញ្ជាក់​ក្នុង​សប្តាហ៍​នេះ។

តើ​មាន​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែនអាកាស Crotaleចំនួន​ប៉ុន្មាន​ដែល​បារាំង​នឹង​ផ្តល់​ឲ្យ​អ៊ុយក្រែន?។ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​លោក​សេបាស់ស្យៀង ឡឺក័រនុយ​មិន​បាន​បញ្ជាក់​លំអិត​ទេ។ តែ​លោក​បាន​ត្រឹម​អះអាង​ថា ចំនួន​នឹង​មាន​គួរ​សម​ដើម្បី​ឲ្យ​អ៊ុយក្រែន​អាច​ការពារ​ដែនអាកាស​របស់​ខ្លួន​បាន។ ទន្ទឹម​គ្នា​នេះ លោក​សេបាស់ស្យៀង ឡឺក័រនុយ​មិន​ភ្លេច​បញ្ជាក់​ថា  ការ​ឲ្យ​ទៅ​អ៊ុយក្រែន​នឹង​មិន​ខ្វះ​សម្រាប់​កងទ័ព​បារាំង​ទេ ព្រោះ​បារាំង​គ្រោង​ជំនួស​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ឈ្មោះ Crotale នេះ​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ឈ្មោះ Mamba ដែល​ថ្មី​ជាង និង​ល្អ​ជាង។

បន្ទាប់​មក រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បារាំង​រូប​នេះ​ដដែល​មិន​ភ្លេច​បញ្ជាក់​ថា បារាំង​ស្ថិត​ក្នុង​ចំណោម ៥ប្រទេស​ដែល​បាន​ផ្តល់​ជំនួយ​យោធា​ឲ្យ​អ៊ុយក្រែន​ច្រើន​ជាង​គេ និង​ថា​ទាក់ទង​នឹង​ជំនួយ​យោធា​នេះ បារាំង​មិន​សូវ​និយាយ​ច្រើន​ប៉ុន្មាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ