អានតួអត្ថបទ
អាល្លឺម៉ង់-នុយក្លេអ៊ែរ

រដ្ឋាភិបាល​អាល្លឺម៉ង់ សម្រេច​បន្ដដំណើរការ​​ស្ថានីយ៍​អគ្គិសនី​នុយក្លេអ៊ែរ​ទាំង​​​​៣ចុង​ក្រោយ

ស្ថិតក្នុងបរិបទវិបត្តិថាមពល ខ្វះអគ្គិសនីប្រើប្រាស់ លោកអូឡាហ្វ ស្ហុលស៍ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​សម្រេច​ចិត្ត ឲ្យ​ស្ថានីយ៍​អគ្គិសនីនុយក្លេអ៊ែរ ចំនួន​៣ចុងក្រោយ អាចបន្តដំណើរការ​ រហូតដល់ខែ​មេសាឆ្នាំ​២០២៣។ តាម​ធម្មតា ស្ថានីយ៍នុយក្លេអ៊ែរទាំងនេះ ត្រូវគ្រោង​​បិទដំណើរការទាំងស្រុង នៅចុងឆ្នាំ​នេះ ដោយគោរពតាម​គោលនយោបាយ​​ឈប់ប្រើ​​នុយក្លេអ៊ែរទាំងស្រុង។ ការសម្រេច​ របស់​លោក​ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់នាពេលនេះ កំពុងតែត្រូវបាន​បក្សបរិស្ថាននិយម ដែលស្ថិតក្នុងរដ្ឋាភិបាលចម្រុះ មិនពេញចិត្តជាខ្លាំង។​

ស្ថានីយ៍អគ្គិសនី​នុយក្លេអ៊ែរ  'Emsland' ស្ថិតនៅតំបន់​ Lingen ភាគខាងលិចអាល្លឺម៉ង់ ដែលមាន​ការចម្រូងចម្រាស់បំផុត ទាក់ទិននឹង​ការ​បន្ត​ដំណើរការ​។ រូបថតថ្ងៃទី ១៨ មីនា ២០២២
ស្ថានីយ៍អគ្គិសនី​នុយក្លេអ៊ែរ 'Emsland' ស្ថិតនៅតំបន់​ Lingen ភាគខាងលិចអាល្លឺម៉ង់ ដែលមាន​ការចម្រូងចម្រាស់បំផុត ទាក់ទិននឹង​ការ​បន្ត​ដំណើរការ​។ រូបថតថ្ងៃទី ១៨ មីនា ២០២២ AP - Martin Meissner
ផ្សាយពាណិជ្ជកម្ម

នៅក្នុងលិខិតរបស់​លោក ​អូឡាហ្វ ស្ហុលស៍ បានសរសេរបញ្ជាក់ថា ស្ថានីយ៍ អគ្គិសនីអគ្គិសនី​នុយក្លេអ៊ែរចំនួន៣ចុងក្រោយ គឺស្ថានីយ៍ Isar 2 ស្ថានីយ៍ Neckarwestheim 2 នឹងស្ថានីយ៍ Emsland នឹងត្រូវបន្តដំណើរការ​ផលិតចរន្តអគ្គិសនី រហូតដល់ថ្ងៃទី​១៥ខែមេសា ឆ្នាំ​២០២៣។ រដ្ឋាភិបាល​នឹងបង្កើតក្របខណ្ឌច្បាប់ពិសេស ដើម្បី​ឲ្យ​ស្ថានីយ៍ទាំង៣នេះ អាចបន្តដំណើរការបាន។

គួរបញ្ជាក់ថា តាមគម្រោង​ពីមុន គឺស្ថានីយ៍នុយក្លេអ៊ែរទាំង​៣ចុងក្រោយ​នេះ ត្រូវបញ្ឈប់ដំណើរការទាំងស្រុងនៅដំណាច់ឆ្នាំ​២០២២ ដោយ​អនុឡោមតាមផែនការនយោបាយ របស់រដ្ឋាភិបាលអាល្លឺម៉ង់ ​ឈប់ប្រើប្រាស់​​អគ្គិសនី ដើរដោយ​ថាមពលនុយក្លេអ៊ែរ។ ក៏ប៉ុន្តែស្ថិតក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន ដែលធ្វើ​ឲ្យ​មាន​វិបត្តិខ្វះថាមពលអគ្គិសនី​ រដ្ឋាភិបាលអាល្លឺម៉ង់បាន​ពិចារណា ចង់ឲ្យស្ថានីយ៍​នុយក្លេអ៊ែរទាំងនេះ អាចបន្តដំណើរការ​​ជាបណ្តោះអាសន្ន ប្រសិន​បើលក្ខខណ្ឌសុវត្ថិភាពអាចធានាបាន។ ជាគំនិត ដែលត្រូវបាន​ក្រុមគណបក្សបរិស្ថាននិយម ដែលចូលរួម​ក្នុងរដ្ឋាភិបាលចម្រុះ បានតវ៉ារិះគន់ជាខ្លាំង។

ក្រោយ​ការ​ជជែកវែកញែក ជាច្រើនសប្តាហ៍ ទីបំផុត លោក​អូឡាហ្វ ស្ហុលស៍ បានសម្រេច​អារកាត់ ថា​ត្រូវតែបន្តដំណើរការ​បន្តិចទៀត។ លោក Christian Lindner រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់ បាន​សរសេរលើTwitter ថាជាការសម្រេចដោយ​សមហេតុផល ព្រោះថា​ស្ថានីយ៍នុយក្លេអ៊ែរទាំង៣នេះ អាចផលិត​ចរន្តអគ្គិសនី បាន​ចំនួន​៦%ដែរ​ នៃតម្រូវការរួម។ លោក​បន្តថា​ វាជាកាតព្វកិច្ចរបស់​រដ្ឋាភិបាល ដែលត្រូវស្វែងរកដំណោះស្រាយ ធានាឲ្យ​មានការផ្គត់ផ្គង់ចរន្តអគ្គិសនីគ្រប់គ្រាន់ ដើម្បីឆ្លងកាត់រដូវរងារខាងមុខនេះ។

ដោយឡែក យោងតាម​កាសែតអាល្លឺម៉ង់ Bild ការ​សម្រេចរបស់​លោក​អូឡាហ្វ ស្ហុលស៍នេះ គឺជា​ការ​បំបាក់​មុខលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Robert Habeck ដែលជាមនុស្សមកពីបក្ស​​បរិស្ថាននិយម ​ដែល​ប្រឆាំងដាច់ខាតនឹងថាមពលអគ្គិសនីដើរដោយ​នុយក្លេអ៊ែរ ។ ភាពរកាំរកូស ដែលអាចនឹងធ្វើឲ្យ​ដួលរលំរដ្ឋាភិបាលចម្រុះ។ ដូចគ្នាដែរ លោក Martin Kaiser នាយកប្រតិបត្តិ​អង្គការGreenpeace នៅអាល្លឺម៉ង់ បាន​លើកឡើងថា ការសម្រេចបន្តដំណើរការស្ថានីយ៍នុយក្លេអ៊ែរទាំង៣នេះ​ គឺជាការសម្រេច ដែលគ្មានការទទួលខុសត្រូវ ព្រោះវានឹងធ្វើឲ្យ​ប្រជាជន​អាល្លឺម៉ង់ ប្រឈម​​ហានិភ័យ។

គួរបញ្ជាក់ដែរថា ស្ថិតក្នុងបរិបទខ្វះថាមពលប្រើប្រាស់ ដោយសារតែឈប់ទិញឧស្ម័នរបស់រុស្ស៊ី អាល្លឺម៉ង់ ក៏បាន​ងាកទៅ​ប្រើប្រាស់​ថាមពលធ្យូងថ្មវិញដែរ បើទោះបីជាដឹងថា វាជាប្រភពបញ្ចេញឧស្ម័នកាបូនិក​ខ្លាំងក៏ដោយ​។ ស្ថានីយ៍អគ្គិសនីដើរដោយចំហេះធ្យូងថ្មជាច្រើន ត្រូវបាន​រដ្ឋាភិបាលអាល្លឺម៉ង់ សម្រេចឲ្យ​បន្តដំណើរការដល់ពាក់កណ្តាល​ឆ្នាំ​​២០២៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ