អានតួអត្ថបទ

សង្រ្គាមនៅអ៊ុយក្រែនជាប្រធានបទនៃកិច្ចសន្ទនាថ្នាក់ប្រមុខការទូតរវាងអាមេរិក និងចិន

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី៣១ តុលា រុស្ស៊ី​បាន​បាញ់​មីស៊ីល​ជា​ច្រើន​គ្រាប់​ទៅបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី​ក្នុង​តំបន់​ជា​ច្រើន​របស់​អ៊ុយក្រែន ពិសេស​តំបន់​ក្បែរ​ទីក្រុង​កៀវ។ យោង​តាម​ទាហាន​អ៊ុយក្រែន មាន​មីស៊ីល​ជាង ៥០គ្រាប់​ត្រូវ​បាន​ទាហាន​រុស្ស៊ី​បាញ់​ចេញ​ពី​សមុទ្រ​កាភ្ជៀន និង​ពី​តំបន់​រ៉ូស្តូវ។ ចៅហ្វាយ​ក្រុង​កៀវ​បាន​បញ្ជាក់​ថា តំបន់​មួយ​ភាគ​របស់​ក្រុង​កៀវ​គ្មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់ ហើយ​មាន​តំបន់​ខ្លះ​គ្មាន​ទឹក​ប្រើប្រាស់។ គួរ​រម្លឹក​ថា​កាល​ពី​ថ្ងៃ​ចន្ទ ទី១០ និង​ថ្ងៃ​ចន្ទ ទី១៧ តុលា រុស្ស៊ី​ធ្លាប់​បាន​វាយប្រហារ​ទ្រង់ទ្រាយ​ដូច​គ្នា​ដោយ​ប្រើ​ដ្រូន​របស់​ប្រទេស​អ៊ីរ៉ង់។

ប្រមុខការទូតអាមេរិកលោកអង់តូនី ប៊្លីនកិន (រូបស្តាំ) និងសមភាគិចិនលោកវ៉ាង យី។
ប្រមុខការទូតអាមេរិកលោកអង់តូនី ប៊្លីនកិន (រូបស្តាំ) និងសមភាគិចិនលោកវ៉ាង យី។ AP - Stefani Reynolds
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ចន្ទ ទី៣១ តុលា​នេះ​ជា​ថ្ងៃ​ចន្ទ​លើក​ទី៣ ដែល​រុស្ស៊ី​បាន​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​របស់​អ៊ុយក្រែន​ជា​ច្រើន​កន្លែង ពិសេស​ក្នុង​ទីក្រុង​កៀវ​ដោយ​ប្រើ​ដ្រូនអ៊ីរ៉ង់ ឬ​មីស៊ីល។ តែ​កំណត់​សម្គាល់​នៃ​ការ​វាយប្រហារ​ជា​ថ្មី​នេះ​បាន​កើត​មាន​ឡើង ២ថ្ងៃ​ក្រោយ​ពី​មាន​ការ​វាយប្រហារ​លើ​នាវាចម្បាំង​រុស្ស៊ី​ក្នុង​តំបន់​គ្រីមេ​ដែល​ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​អ៊ុយក្រែន​ដោយ​មាន​ជំនួយ​ពី​ទាហាន​ជើងទឹក​អង់គ្លេស។ តែ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​អ៊ុយក្រែន និង​អង់គ្លេស​បដិសេធ​យ៉ាង​ដាច់​អហង្ការ។

មួយ​វិញ​ទៀត ការ​ស្រោច​មីស៊ីល​ជា​ថ្មី​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ក្នុង​ថ្ងៃ​ចន្ទ ទី៣១ តុលា​បាន​កើត​មាន​ឡើង ក្រោយ​ពី​ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន និង​សមភាគិ​ចិន​លោក​វ៉ាង យី​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ក្នុង​ថ្ងៃ​អាទិត្យ ទី៣០ តុលា។ ក្រៅ​ពី​ទំនាក់ទំនង និង​កិច្ចសប្រតិបត្តិការ​ទ្វេភាគី​អាមេរិក ចិន ឥស្សរជន​ទាំង​ពីរ​ក៏​បាន​និយាយ​ច្រើន​ពី​សង្រ្គាម​នៅ​អ៊ុយក្រែន។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក​នេដ ប្រៃស៍​បាន​បញ្ជាក់​ថា លោក​អង់តូនី ប៊្លីនកិន​បាន​និយាយ​ជាមួយ​លោក​វ៉ាង យី​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​រក្សា​ខ្សែ​ទូរគមនាគមន៍​ឲ្យ​នៅ​ចំហ និង​ត្រូវ​គ្រប់គ្រង​ទំនាក់ទំនង​អាមេរិក ចិន​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ។

ចំណែក​ក្រសួង​ការបរទេស​ចិន​បាន​បញ្ចាក់​ថា ការ​នាំ​ទំនាក់ទំនង​ចិន អាមេរិក​ទៅ​រក​ផ្លូវ​នៃ​ការ​អភិវឌ្ឍន៍​ស្ថិរភាព​មិន​ត្រឹម​ជា​ផលប្រយោជន៍​សម្រាប់​ចិន និង​អាមេរិក​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ការ​រង់ចាំ​ចង់​បាន​ពី​សហគមន៍​អន្តរជាតិ​ដែរ។ ទាក់ទង​នឹង​សង្រ្គាម​អ៊ុយក្រែន លោក​វ៉ាង យី​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​អស់​មាន​ការ​អត់ធ្មត់ និង​ឲ្យ​មាន​កិច្ចខិតខំប្រឹងប្រែង​ការទូត​បន្ថែម​ទៀត​ដើម្បី​ទប់​ស្ថានភាព​កុំ​ឱ្យ​ធ្លាក់​កាន់​តែ​អាក្រក់​ទៅ។ គួរ​បញ្ជាក់​ថា កិច្ចសន្ទនា​រវាង​លោក​វ៉ាង យី​និង​សមភាគី​អាមេរិក​បាន​ធ្វើ​ឡើង ក្រោយ​ពី​លោក​វ៉ាង យី​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​រុស្ស៊ី​លោក​ស៊ែរហ្កី ឡាវរ៉ូវ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ តុលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ