អានតួអត្ថបទ
រុស្ស៊ី-អង់គ្លេស-អ៊ុយក្រែន

រុស្ស៊ីបន្តអះអាងជាថ្មីពីការមានភស្តុតាងដែលថា អង់គ្លេសនៅពីក្រោយការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream

សង្រ្គាម​ពាក្យ​សម្តី​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​ប្រទេស​រុស្ស៊ី និង​ប្រទេស​អង់គ្លេស​ជុំវិញ​ការ​ផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream នៅ​ក្នុង​សមុទ្រ​បាល់ទិក​កាល​ពី​ថ្ងៃទី២៦ កញ្ញា។ នៅ​ថ្ងៃ​អង្គារ ទី១ វិច្ឆិការ អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​រុស្ស៊ី​លោក​ឌីមីទ្រី ប៉េស្កូវ​បាន​ចោទ​អង់គ្លេស​ពី​បទ​ជា​អ្នក​បំផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream។ អង់គ្លេស​តាម​រយៈ​អ្នកនាំពាក្យ​នាយករដ្ឋមន្រ្តី​បាន​ឆ្លើយ​បក​វិញ​ដោយ​យល់​ឃើញ​ថា ការ​ចោទ​របស់​រដ្ឋអំណាច​រុស្ស៊ី​មាន​គោលដៅ​បង្វែរ​ចំណាប់​អារម្មណ៍​របស់​ពលរដ្ឋ​រស្ស៊ី​ពី​ភាព​បរាជ័យ​របស់​ទាហាន​រុស្ស៊ី​នៅ​សមរភូមិ​សង្រ្គាម​អ៊ុយក្រែន និង​ថា ទង្វើ​របស់​រដ្ឋអំណាច​រុស្ស៊ី​របៀប​នេះ​ជា​ទម្លាប់​មួយ​របស់​រុស្ស៊ី។ គួរ​បញ្ជាក់​ថា​ក្នុង​ថ្ងៃ​សៅរ៍ ទី២៩ តុលា កងទ័ព​រុស្ស៊ី​ក៏​បាន​ចោទ​អង់គ្លេស​ក្នុង​រឿងរ៉ាវ​ដូច​គ្នា​នេះ។ តែ​នៅ​ក្នុង​ការ​ថ្លែង​របស់​អ្នកនាំ​ពាក្យ​វិមាន​ក្រឹមឡាំង​ពេល​នេះ លោក​ប៉េស្កូវ​បាន​ព្រមាន​ច្បាស់ៗ​ថា រុស្ស៊ី​នឹង​មិន​ទុក​ឲ្យ​ទង្វើ​ទាំង​អស់​នេះ​បន្ត​គ្មាន​ចម្លើយ​តប​វិញ​ទេ។

អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​រុស្ស៊ី​លោក​ឌីមីទ្រី ប៉េស្កូវ​។
អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​រុស្ស៊ី​លោក​ឌីមីទ្រី ប៉េស្កូវ​។ AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

« ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​យើង​មាន​ភស្តុតាង​ដែល​បញ្ជាក់​ថា ប្រតិបត្តិការ និង​ការ​សម្របសម្រួល​នៃ​ការ​វាយប្រហារ​លើ​ឆកសមុទ្រ​សេបាស្តូប៉ូល​ត្រូវ​បាន​រៀបចំ និង​ដឹកនាំ​ដោយ​ក្រុម​អ្នកជំនាញ​កងទ័ព​អង់គ្លេស។ យើង​ក៏​មាន​ភស្តុតាង​ដែល​បញ្ជាក់​ផង​ដែរ​ថា អង់គ្លេស​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទង្វើ​វិច្ឆេទកម្ម ទង្វើ​ភេរវកម្ម​ប្រឆាំង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ដ៏​សំខាន់។

មិនមែន​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​រុស្ស៊ី​ទេ តែ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អន្តរជាតិ។ ព័ត៌មាន​នេះ​គួរ​តែ​ត្រូវ​បាន​ធ្វើ​ការ​វិភាគ​ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត​ពី​គ្រប់​គ្នា​ទាំង​អស់។ ទោះ​បី​ជា​ក្រុម​ប្រទេស​លោក​ខាង​លិច​បន្ត​នៅ​ស្ងៀមស្ងាត់ មិន​និយាយ​ស្តី​អ្វី​ដែល​យើង​មិន​អាច​ទទួល​យក​បាន​ក៏​ដោយ​ក៏​យើង​សង្ឃឹម​ថា ការ​វិភាគ​លើ​ព័ត៌មាន​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង។ សកម្មភាព​របស់​អង់គ្លេស​ទាំង​អស់​នេះ​នឹង​មិន​អាច​បន្ត​ទុក​ចោល​ដោយ​គ្មាន​ចម្លើយ​នោះ​ទេ។ នា​ពេល​ខាង​មុខ យើង​នឹង​គិតគូរ​ស្វែង​រក​វិធានការ​ដើម្បី​ឆ្លើយ​តប​វិញ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ