អានតួអត្ថបទ
អាល្លឺម៉ង់

សមត្ថកិច្ច​អាល្លឺម៉ង់​​បំបែក​​បណ្តាញ​​ស្តាំ​ជ្រុល​និយម ដែល​ប៉ុនប៉ង​វាយ​​ប្រហារ​ដោយ​អាវុធ​​នៅ​​​រដ្ឋសភា

កាលពីថ្ងៃពុធ ទី​៧ធ្នូ សមត្ថកិច្ច​នគរបាល​អាល្លឺម៉ង់ ដោយ​ទទួល​បាន​ការបង្គាប់ពី​រដ្ឋអាជ្ញា បានបំបែក​ក្រុម​បណ្តាញស្តាំនិយមជ្រុល ដែល​មានគម្រោងប៉ុន​ប៉ងធ្វើរដ្ឋប្រហារ តាមរយៈការវាយប្រហារដោយ​អាវុធ ទៅលើស្ថាប័នរដ្ឋអាល្លឺម៉ង់ ដែលមានជាអាទិ៍រដ្ឋសភាអាល្លឺម៉ង់។ ក្នុង​ចំណោម​មនុស្ស​២៥នាក់ ដែលត្រូវបាន​ចាប់ខ្លួន គឺមាន​ម្នាក់ដែលត្រូវគេសង្ស័យថា អាចមានទំនាក់ទំនងជាមួយ​ចារកិច្ចរុស្ស៊ីផងដែរ។

បុរសចំណាស់ ឈ្មោះ Heinrich XIII Prince Reuss ជាប់សាច់ឈាមអតីត​រាជវង្ស កំពុងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពីបទឃុបឃិតជាមួយ​ក្រុម​ស្តាំជ្រុលនិយម ប៉ុនប៉ងវាយ​ប្រហារដោយអាវុធ ទៅលើ​ស្ថាប័នរដ្ឋអាល្លឺម៉ង់។ ហ្រ្វង់ហ្វ័រ ថ្ងៃទី ៧ ធ្នូ ២០២២
បុរសចំណាស់ ឈ្មោះ Heinrich XIII Prince Reuss ជាប់សាច់ឈាមអតីត​រាជវង្ស កំពុងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពីបទឃុបឃិតជាមួយ​ក្រុម​ស្តាំជ្រុលនិយម ប៉ុនប៉ងវាយ​ប្រហារដោយអាវុធ ទៅលើ​ស្ថាប័នរដ្ឋអាល្លឺម៉ង់។ ហ្រ្វង់ហ្វ័រ ថ្ងៃទី ៧ ធ្នូ ២០២២ AP - Boris Roessler
ផ្សាយពាណិជ្ជកម្ម

យោងតាមការចុះផ្សាយរបស់បណ្តាញ​ព័ត៌មានអាល្លឺម៉ង់ ប្រតិបត្តិការចុះបង្ក្រាប​បំបែក​បណ្តាញ​ស្តាំនិយមជ្រុល​ កាលពីថ្ងៃពុធ គឺជាប្រតិបតិ្តការដ៏ធំ​​បំផុត របស់សមត្ថកិច្ចអាល្លឺម៉ង់។ នគរបាល​ប្រមាណ​​​៣០០០នាក់ បានចេញ​ប្រតិបត្តិការ​ ហើយការចុះឆែកឆេរ ត្រូវបានធ្វើនៅទូទាំងប្រទេស ចំនួន​១៣០ទីតាំង ដើម្បី​រឹបអូសភស្តុតាង និងចាប់ខ្លួន​មនុស្ស​សរុប២៥នាក់ នៅព្រឹកព្រលឹមថ្ងៃពុធ ទី​៧ធ្នូ។ ប្រតិការចាប់ខ្លួន​បានធ្វើឡើងផងដែរ នៅអ៊ីតាលី និងនៅអូទ្រីស។

យោងតាមរដ្ឋអាជ្ញាអាល្លឺម៉ង់ ទទួលបន្ទុក​ការស៊ើបអង្កេតសំណុំរឿងនេះ គឺ​បណ្តាញ​ស្តាំជ្រុលនិយមដែល​ត្រូវបាន​បង្ក្រាប​ គឺជាក្រុម​មនុស្ស​ ដែលឃោសនាប្រឆាំងនឹង​របបដឹកនាំបែបប្រជាធិបតេយ្យ ព្រមទាំងប្រឆាំងចំពោះអំណាចស្ថាប័នរដ្ឋអាល្លឺម៉ង់។ លោកស្រី Nancy Faeser លើកឡើងថា​ ក្រុម​ជ្រុលនិយមរវើរវាយ​នេះ មានកម្រោង​ជាក់ច្បាស់ ប្រើប្រាស់​ក្រុម​ប្រដាប់អាវុធមួយក្តាប់តូចរបស់ខ្លួន ចូលទៅវាយប្រហារនៅតាម​ស្ថាប័នរដ្ឋធំៗ ដែលមានដូចជា​អាគារ​រដ្ឋសភាអាល្លឺម៉ង់ជាដើម។

ក្នុងចំណោមមនុស្ស២៥នាក់ដែលត្រូវបាន​ចាប់ខ្លួន គឺមានជាអាទិ៍ បុរសចំណាស់ម្នាក់អាយុជាង​៧០ឆ្នាំ ឈ្មោះ Reuss ដែលគេស្គាល់ថាជាអ្នកជាប់ខ្សែស្រឡាយ វង្សត្រកូលអតីតស្តេចនៅតំបន់ Thuringe ភាគខាងលិចអាល្លឺម៉ង់​។ ក្រៅពីនេះ មានអតីតវរសេនីត្រីដឹកនាំក្រុមឆ័ត្រយោង នៃកងទ័ពអាល្លឺម៉ង់​ម្នាក់ផង។ ស្ត្រី​អតីតសមាជិកសភា បក្សស្តាំនិយមជ្រុលម្នាក់ ក៏មានឈ្មោះក្នុងចំណោមអ្នកត្រូវបាន​គេចាប់ខ្លួនដែរ។ បន្ថែមពីនេះ មនុស្ស​២៧នាក់ផ្សេងទៀត កំពុងប្រឈម​នឹងដីការចាប់ខ្លួន។

ដោយឡែក រដ្ឋអាជ្ញាអាល្លឺម៉ង់ អះអាងថាគេបានចាប់ខ្លួន​មេក្លោងដែលរៀប​គម្រោង​ វាយប្រហារប្រដាប់អាវុធនៅសភាអាល្លឺម៉ង់នេះ ដែលជាស្ត្រីជនជាតិរុស្ស៊ីម្នាក់។ តាមការសង្ស័យរបស់សមត្ថកិច្ច ស្ត្រីរូបនេះ បានព្យាយាមទាក់ទងជាមួយ​អាជ្ញាធររុស្ស៊ី ដើម្បីឲ្យ​ជួយទំនុកបម្រុងគាំទ្រផែនការឧក្រិដ្ឋរបស់ខ្លួន​។​ យ៉ាងណាក៏ដោយ ស្ថានទូតរុស្ស៊ី​​ប្រចាំក្រុងប៊ែរឡាំង បានបដិសេធច្រានចោលទាំងស្រុង ថាខ្លួន​គ្មានអ្វីពាក់ព័ន្ធ ជាមួយ​បណ្តាញ​ស្តាំនិយមជ្រុលអាល្លឺម៉ង់​នេះទេ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែល​សមត្ថកិច្ចអាល្លឺម៉ង់ បាន​បើក​ប្រតិបត្តិការ​បំបែក​ក្រុមស្តាំនិយមជ្រុល ដែល​ប៉ុនប៉ងធ្វើសកម្មភាពហិង្សា ប្រឆាំងនឹង​អាជ្ញាធររដ្ឋ ក៏ដូចជារបបលទ្ធិប្រជាធិបតេយ្យ។ បណ្តាញជ្រុលនិយមបែបរវើរវាយ​នេះ មានមនុស្ស​គាំទ្រដើរតាម​យ៉ាងហោច២ម៉ឺននាក់ នៅអាល្លឺម៉ង់។ អាជ្ញាធរអាល្លឺម៉ង់ ចាត់ទុកការគំរាមកំហែង​ពីសំណាក់ក្រុមនេះ ថាធ្ងន់ធ្ងរនិងគ្រោះថ្នាក់ខ្លាំងជាង​ក្រុមភេរវកម្ម​ជីហាតទៅទៀត។ កាលពី​ពាក់កណ្តាល​ឆ្នាំនេះ សមត្ថកិច្ចអាល្លឺម៉ង់ បានចាប់ខ្លួនសមាជិកក្រុមស្តាំនិយមជ្រុលមួយទៀត ដែល​ប៉ុនប៉ងចាប់ខ្លួន​លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ ព្រោះលោកជាអ្នកចេញវិធានការរឹតត្បិត ទាក់ទិននឹងកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ