អានតួអត្ថបទ

ស៊ែរ​ប៊ី និង កូសូវ៉ូ ប្រឈម​មុខ​ដាក់​គ្នា​ថ្មី និង​ផ្តើម​បិទ​ព្រំដែន

នៅ​អឺរ៉ុប ប្រទេស ស៊ែរប៊ី និង កូសូវ៉ូ បាន​ប្រកាស​បិទ​​ព្រំដែន ប៉ែក​ខាង​ជើង​ កាលពីថ្ងៃ​ពុធ ​ បន្ទាប់ពី​លេច​កំហឹងប្រជាជន​​ ប្រមាណ​ជា​ង​ ១០ថ្ងៃមកហើយ។ កូសូវ៉ូ តាមរយៈ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ចោទប្រកាន់​ ស៊ែរប៊ី ថាចេះតែ​រករឿង​បង្កហេតុ​ បង្កអស្ថិរភាព ដោយ​សំអាង​លើ រុស្ស៊ី​ ជា​ខ្នង​បង្អែក ហើយ​ការ​យក​រុស្ស៊ី​ជាទី​អាងនេះ​ គឺ«​ខុសធ្ងន់ហើយ»។​ ចំពោះ​ស្ថានការណ៍​ប្រឈម​មុខ​ដាក់គ្នា រវាង ស៊ែរប៊ី និង កូសូវ៉ូ​ នៅពេលនេះ​ ប្រទេស អាល្លឺម៉ង់ បាន​សម្តែងក្តីព្រួយបារម្ភ​ជាខ្លាំង​។ ​

នៅថ្ងៃពុធ ភាគខាងជើង ស៊ែរប៊ី  ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន ចំនួន ២ ក្នុងចំណោម ៥ ត្រូវបិទទ្វារ។
នៅថ្ងៃពុធ ភាគខាងជើង ស៊ែរប៊ី ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន ចំនួន ២ ក្នុងចំណោម ៥ ត្រូវបិទទ្វារ។ REUTERS - OGNEN TEOFILOVSKI
ផ្សាយពាណិជ្ជកម្ម

នៅភាគខាងជើង​ ស៊ែរប៊ី  ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន ចំនួន​ ២ ក្នុង​ចំណោម​ ៥ ត្រូវបិទទ្វារ​។ ការ​បិទច្រកផ្លូវ​​​ជា​ដំបូង គឺ​មកពី​ពលរដ្ឋ​ស៊ែរប៊ី ផ្តើ​ម​យក​ឡាន​កាំមីញ៉ុង ទៅ​បង្ខាំង​ផ្លូវ​ ពីរបីថ្ងៃ​ហើយ​ ទើប​ភាគី កូសូវ៉ូ សម្រេ​ច​ចិត្ត​បិទ​ទ្វារព្រំដែន​ជា​ផ្លូវការ​ដែរ។

ឬសគល់នៃបញ្ហា ព្រោះតែ ពលរដ្ឋ​​នៅ​ភាគ​ខាងជើង កូសូវ៉ូ ដែល​ភាគច្រើន​ជា​ជនជាតិ​ដើម  ស៊ែរប៊ី  មិន​ពេញចិត្ត​នឹងការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កូសូវ៉ូ ហើយ​ក្នុង​ចិត្ត​របស់​ពួកគេ​ក៏​មិនដែល​ទទួល​ស្គាល់​ រដ្ឋបាល​ក្រុងព្រីស្ទីណា (Pristina) ជា​រដ្ឋាភិបាល​ របស់ខ្លួន​ដែរ។​ ​ ពលរដ្ឋនៅភាគខាងជើង កូសូវ៉ូ  នេះ មាន​ដើមកំណើត​ស៊ែរប៊ី ​​ប្រមាណ​ ៥ ម៉ឺននាក់​ នៅតែបន្ត​ទទួល​ស្គាល់ថា រដ្ឋធានី ប៊ែលហ្គ្រាដ (Belgrade ) របស់​ស៊ែរប៊ី គឺជា​រដ្ឋធានីផ្លូវការ​របស់ខ្លួន បើទោះបី​ជា​ កូសូវ៉ូ បាន​ទទួល​ឯករាជ្យ តាំងពី​ឆ្នាំ​ ២០០៨​ ទៅហើយ​ក្តី​។

ក្នុងតំបន់​នេះ ប្រមាណ ​២អាទិត្យ​មុន មន្ត្រី​ប៉ូលីស​ជាន់​ខ្ពស់​ម្នាក់ ដើមកំណើត​​ស៊ែរប៊ី ត្រូវ​អាជ្ញាធរ​កូសូវ៉ូ  ចាប់ខ្លួន​និង​កាត់ទោស។ ភ្លាមៗ​ ពួក​ក្រុម​ពលរដ្ឋនៅភាគខាងជើងនេះ បាន​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​វិញ ហើយ​បណ្តា​ចៅក្រម រដ្ឋអាជ្ញា និង​មន្ត្រី​រដ្ឋការ​ជាច្រើននាក់​ ក៏​បាន​សម្រុក​នាំគ្នា​​លាឈប់​ពី​តំណែង​ដែរ ជាការ​សម្តែង​មតិ​មិន​ទទួល​ស្គាល់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កូសូវ៉ូ នៅលើ​តំបន់​របស់ខ្លួន។

សញ្ញាណ​ស្ថានការណ៍​កាន់តែ​មិន​ស្រួល​ ព្រោះ​គំនិត​ប្រកាន់​ជាតិ​សាសន៍​និងជាតិ​និយម កាន់តែ​ផុស​កញ្ជ្រោល​ឡើង​ នៅ​ខាងស៊ែរប៊ី។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ស៊ែរប៊ី បាន​ចេញ​បញ្ជា​ឲ្យ​កងទ័ព​ទាហាន​ ឋិត​នៅក្នុង​ភាព​ប្រចាំការជានិច្ច ដើម្បី​ត្រៀម​ប្រយុទ្ធ ហើយ​ថ្ងៃ​ពុធដែរ​ ភាគី​ រុស្ស៊ី ក៏​បាន​សម្តែង​ការ​គាំទ្រ​ ស៊ែរប៊ី ថែមទៀត ដែល​អាច​​​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​ កាន់តែ​ឡើង​ក្តៅ​មួយ​កម្រិត​ទៀត។ ចំណែក រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​ របស់​អាល្លឺម៉ង់ ក៏​បាន​សម្តែង​ក្តីព្រួយ​បារម្ភ និង​ថ្កោលទោស​ ស៊ែរប៊ី ដែល​ចង់​បញ្ឆេះ​គំនិត​ជាតិនិយម​។​

ទន្ទឹម​នឹងគ្នា​នេះដែរ មេបញ្ជាការ លោក Angelo Michele Ristuccia អ្នក​តំណាងបេសកម្មរបស់​អង្គការ​អូតង់ ដើម្បី​សន្តិភាព​និង​សន្តិភាព ដែលឈរជើងលើទឹកដី​កូសូវ៉ូ បាន​អំពាវនាវឲ្យ​ភាគីទាំង​ពីរ​ទម្លាក់​ចោល​ការ​អុជអាល​គំនិត​ជាតិនិយម ហើយ​បញ្ជៀស​កំហឹង​ជាតិ​សាសន៍ និង​វិលទៅរក​តុ​ចរចាជជែក​គ្នា​ ទើប​មា​នដំណោះស្រាយ​សន្តិភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ