អានតួអត្ថបទ

ប្រធានាធិបតីកូសូវ៉ូ​សុខចិត្ត​ចុះពីតំណែង និង​ប្រគល់​ខ្លួន​ទៅឲ្យ​តុលាការ​អន្តរជាតិ​ក្រុងឡាអេ

ប្រធានាធិបតី កូសូវ៉ូ និង​មនុស្សជំនិត ៣នាក់ផ្សេងទៀត ត្រូវ​បាន​តុលាការ​ទីក្រុងឡាអេ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សម្រេច​ដាក់​ឃុំ ក្នុង​បទចោទប្រកាន់ ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម ក្នុងអំឡុង​សង្រ្គាម​ប្រយុទ្ធគ្នា​ជាមួយ កងទ័ព​ស៊ែរប៊ី កាល​ពី ៣០ឆ្នាំមុន។ លោក Hashim Thaci អតីត​ប្រធានផ្នែក​នយោបាយ​របស់​ក្រុមឧទ្ទាម​ដើម្បី​ឯករាជ្យ​កូសូវ៉ូ បាន​ប្រកាស​ចុះ​ចេញពី​តំណែង ប្រធានាធិបតី នៅ​ព្រឹកថ្ងៃ ព្រហស្បតិ៍ មុន​នឹងធ្វើដំណើរ​ទៅ ទីក្រុង​ឡាអេ ដើម្បី​ប្រឈម​នឹង​ការចោទប្រកាន់​របស់​តុលាការ។ 

លោកប្រធានាធិបតី Hashim Thaci ក្នុង​ពេល​ដើរត្រួតពលទ័ព​កូសូវ៉ូ នៅទីក្រុង​Pristina កាលពីខែធ្នូ ២០១៨
លោកប្រធានាធិបតី Hashim Thaci ក្នុង​ពេល​ដើរត្រួតពលទ័ព​កូសូវ៉ូ នៅទីក្រុង​Pristina កាលពីខែធ្នូ ២០១៨ AP - Visar Kryeziu
ផ្សាយពាណិជ្ជកម្ម

តាមសេចក្តីប្រកាស​របស់​តុលាការ​ពិសេស នៅទីក្រុង​ឡាអេ លោក​ប្រធានាធិបតី​កូសូវ៉ូ Hashim Thaci និង​ជនសង្ស័យ​បីរូប​ផ្សេងទៀត ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​របស់​តុលាការ នៅទឹកដីហូឡង់ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក​ Hashim Thaci ដែល​ដឹកនាំ​កូសូវ៉ូ ជាង​១០​ឆ្នាំ បាន​សុខចិត្ត​ចុះចេញពី​តំណែង និង​បាន​ប្រគល់​ខ្លួន​ទៅ​ឲ្យ​តុលាការ​អន្តរជាតិ នៅទីក្រុង​ឡាអេ។ លោកប្រធានាធិបតី​កូសូវ៉ូ Hashim Thaci អាយុ ៥២​ឆ្នាំ បាន​អះអាង​ថា លោក​ចុះចេញ​ពី​តំណែង ដើម្បី​រក្សា​ការពារ​ភាពថ្លៃថ្នូរ​មុខងារ​ប្រធានាធិបតី​កូសូវ៉ូ ពោល​គឺ​នៅបន្ទាប់ពីចៅក្រម​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ បាន​សម្រេច ចោទប្រកាន់​រូបលោក​ជា​ផ្លូវការ កាលពី​ខែ​មិថុនា​កន្លងទៅ។

នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​ព្រហស្បតិ៍ លោក​ Hashim Thaci និយាយ​ថា វាជា​កាលៈទេសៈ​មួយ ដ៏​លំបាក សម្រាប់​គ្រួសារ របស់​លោក និង​អ្នកដែលជឿ​ទុកចិត្ត​លើ​លោក នៅក្នុង​រយៈពេល ៣​ទសវត្សរ៍ នៃ​ការប្រយុទ្ធ ដើម្បី​សេរីភាព ឯករាជ្យភាព និង​ការកសាងជាតិ​កូសូវ៉ូ។ ​ប៉ុន្តែ មេក្រុម​នយោបាយ​របស់​ឧទ្ទាម​ដើម្បី​ឯករាជ្យ​កូសូវ៉ូ បាន​សន្យា​ដែរ​ថា លោក​នឹង​សហការ​ជាមួយ​តុលាការ​អន្តរជាតិ ពីព្រោះ​លោក​ជឿ​ទៅលើ​ការពិត ការផ្សះផ្សារជាតិ និង​អនាគត​របស់​កូសូវ៉ូ។

តាម​កាសែត​ក្នុងស្រុក លោក​ប្រធានាធិបតី Hashim Thaci និង​ជនសង្ស័យ​បីរូប​ទៀត ដែល​ជិតស្និទ្ធ​នឹង​លោក ដូចជា អតីត​អ្នកនាំពាក្យ ហើយ​និង​អតីត​ប្រធាន​ក្រុមស៊ើបការណ៍សម្ងាត់​របស់​ពួកឧទ្ទាម​ជាដើម បានធ្វើដំណើរ​តាម​យន្តហោះ​យោធា​កូសូវ៉ូ នៅទីក្រុង​Pristina សំដៅ​ទីក្រុង​ឡាអេ។ អ្នកទាំង៤ ត្រូវ​គេ​សង្ស័យថា មានជាប់ពាក់ព័ន្ធ​នឹង​ការបាត់ខ្លួន ដោយ​បង្ខំ​របស់អ្នកប្រឆាំង​អាល់បានី ការធ្វើទារុណកម្ម និង​ការសម្លាប់​រង្គាល​លើ​ជនជាតិ​ស៊ែប៊ី ជនជាតិ​រ៉ូម នៅក្នុង និង​ក្រោយ​សង្រ្គាមកូសូវ៉ូ នៅ​ចុងទសវត្សរ៍ ឆ្នាំ ១៩៩០។

លោក​ប្រធានាធិបតី Thaci ធ្លាប់​បាន​អះអាងថា លោក​គ្មានកំហុស និង​ថា ដោយ ចោទប្រកាន់​រូបលោក តុលាការ​អន្តរជាតិ​កំពុង​ព្យាយាម​សរសេរ កែប្រែ​ប្រវត្តិសាស្រ្ត។

សូមបញ្ជាក់ថា នៅក្នុង​សង្រ្គាម​កូសូវ៉ូ ដែល​បាន​សម្លាប់ មនុស្ស​ជាង ១៣ ០០០​នាក់ ដែលភាគច្រើន​ជា​ជនជាតិ​អាល់បានី ក្រុមឧទ្ទាម ដើម្បី​ឯករាជ្យ កូសូវ៉ូ និង​កងទ័ព ស៊ែរប៊ី ​បាន​ធ្វើសង្រ្គាម​ប្រយុទ្ធ គ្នា ដោយ​គ្មាន​ត្រាប្រណី។ អតីត​មេដឹកនាំ​កងទ័ព និង​ប៉ូលិស​ស៊ែរប៊ី ធ្លាប់​ត្រូវ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ សម្រេច​ផ្តន្ទាទោស​រួចហើយ ក្នុងបទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម សង្រ្គាម ដែលនៅក្នុង​នោះ ប្រជាជន​ស៊ីវិល​អាល់បានី រាប់ម៉ឺននាក់ ត្រូវ​បាន​សម្លាប់ ធ្វើទារុណកម្ម និង​ផ្លាស់ទី ចេញពីផ្ទះសម្បែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ