អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

រាត្រីឆ្លងឆ្នាំ ពិភពលោកបាញ់កាំជ្រួចអបអរ ខណៈ រុស្ស៊ី បាញ់មីស៊ីលស្រោចលើ អ៊ុយក្រែន

ពិភពលោកអបអរឆ្នាំថ្មី ភ្លើងកាំជ្រួចបាញ់ព្រោតព្រាត ខណៈពេលដែល ប្រជាជនអ៊ុយក្រែននៅក្រុងកៀវ រន្ធត់តក់ស្លុតព្រោះតែគ្រាប់មីស៊ីលរបស់រុស្ស៊ី ដែលបាញ់ស្រោចលើទឹកដីអ៊ុយក្រែន នៅរាត្រីថ្ងៃឆ្លងឆ្នាំថ្មី។ ភាគីទាំងពីរសន្យាប្រយុទ្ធយកជ័យជម្នះនៅទីបំផុត។

សណ្ឋាគារ​រងការវាយប្រហារ​មីស៊ីល​របស់​រុស្ស៊ី នៅថ្ងៃទី​៣១​ធ្នូ ២០២២
សណ្ឋាគារ​រងការវាយប្រហារ​មីស៊ីល​របស់​រុស្ស៊ី នៅថ្ងៃទី​៣១​ធ្នូ ២០២២ AP - Efrem Lukatsky
ផ្សាយពាណិជ្ជកម្ម

ប្រមាណ៣០នាទី បន្ទាប់ពីរំលងអាធ្រាត្រឈានចូលឆ្នាំថ្មី មីស៊ីលរុស្ស៊ី បាញ់ស្រោចលើសង្កាត់ពីរ នៅរដ្ឋធានីកៀវរបស់អ៊ុយក្រែន។ អភិបាលតំបន់កៀវ លោក Oleskiy Kouleba បានប្រកាសថា «នេះហើយជារបៀបដែលរុស្ស៊ីផ្ញើសារជូនពរឆ្នាំថ្មី ប៉ុន្តែ យើងនឹងតស៊ូប្រយុទ្ធតទៅទៀត»។

ការវាយប្រហារពីសំណាក់រុស្ស៊ី លើរដ្ឋធានីកៀវនៅយប់ឆ្លងឆ្នាំថ្មីនេះ ត្រូវអ៊ុយក្រែនរាយការណ៍ថា ស្លាប់មនុស្សម្នាក់ និងរបួសជាង២០នាក់។ ចំណែកនៅប៉ែកខាងត្បូងប្រទេសវិញ ការបាញ់ផ្លោងនិងទម្លាក់គ្រាប់ បានបង្កការបំផ្លិចបំផ្លាញនិងភ្លើងចេះ ពលរដ្ឋអ៊ុយក្រែន ១០នាក់រងរបួស។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kouleba ចោទប្រកាន់រុស្ស៊ីថា « បង្កឧក្រិដ្ឋសង្គ្រាម និងអបអរបុណ្យឆ្លងឆ្នាំថ្មី ដោយសម្លាប់មនុស្ស »។

ក្នុងសម្រាប់សារជូនពរឆ្នាំថ្មី ប្រធានាធិបតីអ៊ុយក្រែន សន្យាថានឹងប្រយុទ្ធរហូតទាល់តែទទួលជ័យជម្នះ។ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ពន្យល់ទៀតថា “រុស្ស៊ី សត្រូវរបស់យើង អាចរំខានភាពស្ងប់ស្ងាត់របស់យើង ក៏ប៉ុន្តែ មិនអាចកម្ទេចគំនិតស្មារតីរបស់យើងបានទេ។ អ៊ុយក្រែន នឹងមិនអត់ឱនឲ្យសោះឡើយ ចំពោះនរណាដែលបញ្ជាឲ្យវាយប្រហារបាញ់ស្រោចមកលើយើង ហើយអ្នកបាញ់ប្រហារនោះ ក៏មិនត្រូវលើកលែងដែរ។ ឆ្នាំ២០២៣ ជាឆ្នាំដែលយើងត្រូវឈ្នះសង្គ្រាម »។ នេះបើតាមសាររបស់លោកប្រមុខរដ្ឋអ៊ុយក្រែន។

ភាគីរុស្ស៊ីវិញ នៅក្នុងសារជូនពរឆ្នាំថ្មី ប្រធានាធិបតី ពូទីន បានថ្លែងសាមគ្គីភាពប្រកៀកស្មានឹងយុទ្ធជនរុស្ស៊ី ដែលបើតាមលោកចៅហ្វាយវិមានក្រេមឡាំងរូបនេះ គឺពួកទាហានរុស្ស៊ីប្រយុទ្ធដើម្បី « យុត្តិធម៌ប្រវត្តិសាស្ត្រ និងដើម្បីការពារប្រជាជនរុស្ស៊ីនៅលើទឹកដីប្រវត្តិសាស្ត្ររបស់ខ្លួន »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ