អានតួអត្ថបទ
បារាំង-សង្គ្រាមអ៊ុយក្រែន

បារាំងសន្យា​ប្រគល់​រថពាសដែក​​​ធុនស្រាល ប្រភេទ ​AMX-10 ទៅ​ឲ្យ​​កងទ័ព​អ៊ុយក្រែន

រដ្ឋាភិបាល​បារាំង បានប្រកាសកាលពីល្ងាចថ្ងៃពុធ ទី​៤មករាថា​ នឹងប្រគល់រថពាសដែក​ធុនស្រាល ប្រភេទ AMX ដែលផលិត​ដោយ​បច្ចេកវិទ្យាកងទ័ពបារាំង ទៅឲ្យ​អ៊ុយក្រែន។ លោក​ប្រធានាធិបតីបារាំង ម៉ាក្រុង បាន​ឆ្លើយតបទៅនឹងសំណើរសុំ របស់ប្រធានាធិបតីអ៊ុយក្រែន ដើម្បី​បង្កើន​សមត្ថភាព និងសន្ទុះយកឈ្នះលើកងទ័ពរុស្ស៊ី។ គួរបញ្ជាក់ថា បារាំង​ផ្តល់ជាជំនួយរថពាសដែក បំពាក់​ដោយ​កាណុងកាំភ្លើង ទៅឲ្យ​អ៊ុយក្រែន​នេះ​​ វាគឺជាការបោះជំហានថ្មី​ និងដំបូងបំផុតហើយ ពីក្រុម​ប្រទេសលោកខាងលិច នៅក្នុងបរិបទសង្គ្រាមអ៊ុយក្រែន​។ កាយវិការនេះ អាចនឹងញាំងឲ្យ​ប្រទេសលោកខាងលិចផ្សេងទៀត ដែលនៅស្ទាក់ស្ទើរនោះ ធ្វើតាមបារាំងក៏ថាបាន។

រថពាសដែកធុនស្រាល ប្រភេទ AMX 10 RC របស់​កងទ័ពបារាំង
រថពាសដែកធុនស្រាល ប្រភេទ AMX 10 RC របស់​កងទ័ពបារាំង AFP - FRANCOIS NASCIMBENI
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបាននិយាយគ្នាតាមទូរស័ព្ទ​ ជាមួយ​លោក​ប្រធានាធិបតីវ្លូឌីមៀរ ហ្សេឡេនស្គី អស់រយៈពេលជាងមួយម៉ោង លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង បានសម្រេចឆ្លើយតប យល់ព្រមប្រគល់​រថពាស​ដែក​ធុនស្រាលប្រភេទ AMX-10 RC ទៅជួយកងទ័ពអ៊ុយក្រែន។ ជាជំនួយ ដែលបារាំងមានចេតនា ចូលរួមដើម្បី​បន្ថែមកម្លាំងសមត្ថភាពឲ្យ​កងទ័ពអ៊ុយក្រែនយកឈ្នះលើសមរភូមិកាន់តែខ្លាំងថែមទៀត ចំពោះមុខ​ការឈ្លានពានរបស់រុស្ស៊ី។ នេះបើផ្អែកតាម​ការបញ្ជាក់ ពីវិមានប្រធានាធិបតីបារាំង។

សូមបញ្ជាក់ថា រថពាសដែក AMX-10 RC របស់បារាំង ជារថពាសដែកធុនស្រាល ទំងន់២៥តោន ផលិតទសវត្សឆ្នាំ​១៩៨០ មានបំពាក់ដោយ​កាណុង​ពីលើទំហំ១០៥mm ហើយ​អាចបើកបរ​បាន ក្នុងល្បឿនខ្ទង់៨០គីឡូម៉ែត្រក្នុងមួយម៉ោង​។ យោងតាមអ្នកជំនាញកងទ័ពបារាំង ថ្វីបើរថពាសដែកនេះចាស់បន្តិចមែន តែមានវាមានសមត្ថភាពខ្ពស់ ហើយអាចចល័តបាន​យ៉ាងរហ័ស ពីសមរភូមិទៅសមរភូមិមួយ។ តែយ៉ាងណា មិនទាន់មានការបញ្ជាក់ច្បាស់ ថាបារាំងនឹងប្រគល់ឲ្យ​អ៊ុយក្រែន ចំនួន​ប៉ុន្មានគ្រឿងទេ។ បច្ចុប្បន្ន កងទ័ពបារាំងមានរថពាសដែកប្រភេទនេះ ចំនួន២៥០គ្រឿង ហើយ​កំពុងតែរៀបចំដាក់មកជំនួសដោយរថពាសដែកប្រភេទថ្មីទំនើបជាង​​ ឈ្មោះ Jaguar ទំងន់២៥តោនដូចគ្នា។

គួរកត់សំគាល់ថា នេះជាលើកទីមួយហើយ ដែល​រថពាសដែក ផលិត​ដោយ​បច្ចេកវិទ្យាកងទ័ពប្រទេសលោកខាងលិច ត្រូវបាន​បានប្រគល់ទៅឲ្យ​កងទ័ពអ៊ុយក្រែន។ តាមរយៈកាយវិការនេះ បារាំងចង់​បើកទំព័រមុនគេ ក្នុងការបោះជំហានជួយ​អ៊ុយក្រែន​ឲ្យកាន់តែខ្លាំងក្លា។ រហូតមកទល់ពេលនេះ អាល្លឺម៉ង់នៅតែស្ទាក់ស្ទើ មិនទាន់សម្រេចថាប្រគល់ឬមិនប្រគល់ រថពាសដែកប្រយុទ្ធ ប្រភេទ Leopard-2 ទៅឲ្យ​អ៊ុយក្រែនទេ។ អ្នកវិភាគខ្លះ គិតថា ការសម្រេចរបស់បារាំង អាចនឹងជំរុញឲ្យ​អាល្លឺម៉ង់ធ្វើតាម។

ប្រភពពីវិមានប្រធានាធិបតីបារាំង បញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិបារាំង និង​អ៊ុយក្រែន នឹងជួបនិយាយគ្នា ក្នុងពេល​ដ៏ខ្លីខាងមុខ ដើម្បីនិយាយលំអិត អំពីចំនួនរថពាសដែក ព្រមទាំងដំណើរការនៃដឹកជញ្ជូនប្រគល់វាទៅដល់កងទ័ពអ៊ុយក្រែន​។​ បន្ថែមពីនេះ ភាគីទាំងពីរបន្តនិយាយគ្នា អំពីជំនួយសព្វាវុធបន្ថែមផ្សេងទៀត ដើម្បី​ពង្រឹងសមត្ថភាពកងទ័ពអ៊ុយក្រែន។ នៅលើទំព័រTwitter កាលពីល្ងាចថ្ងៃទី៤មករា លោកម៉ាក្រុង បានសរសេរ បារាំងនឹងជួយអ៊ុយក្រែន រហូតទាល់តែអ៊ុយក្រែនបានជ័យជំនះ ហើយ​អឺរ៉ុបបានសន្តិភាពឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ