អានតួអត្ថបទ

ពិភពលោក​ជួបអាកាសធាតុក្តៅខ្លាំងបំផុត នៅ​៨ឆ្នាំមកនេះ

បន្ទាប់ពីចុះថមថយបន្តិច​នៅឆ្នាំ ២០២១ សីតុណ្ហភាព​នៅទូទាំង​ពិភពលោកបានចាប់ក្តៅខ្លាំងឡើង​វិញ នៅ​ឆ្នាំ​២០២២។ តាម​របាយការណ៍​របស់​ទីភ្នាក់ងារអឺរ៉ុប​ខាងតាមដាន​ការប្រែប្រួលអាកាសធាតុ (Copernicus Climate Change Service) ចុះផ្សាយ​កាលពីថ្ងៃ​អង្គារ ​ឆ្នាំ ២០២២​បាន​ជាប់ចំណាត់ថ្នាក់​ទី​៥ ក្នុងចំណោម​ឆ្នាំ​ក្តៅខ្លាំងបំផុត​នៅក្នុងប្រវត្តិសាស្រ្ត​មនុស្ស​ជាតិនៅលើ​ផែនដី។

ភ្លើងឆេះព្រៃ​នៅព័រទុយហ្កាល់​នៅខែ​កក្កដា​ឆ្នាំ ២០២២
ភ្លើងឆេះព្រៃ​នៅព័រទុយហ្កាល់​នៅខែ​កក្កដា​ឆ្នាំ ២០២២ AP - Joao Henriques
ផ្សាយពាណិជ្ជកម្ម

នៅ​៨ឆ្នាំមកនេះ ​ពិភពលោក​​ជួបអាកាសធាតុក្តៅខ្លាំង មិនធ្លាប់​មាននៅក្នុងកំណត់ត្រា។ ខណៈពេល​ដែល​ឆ្នាំ ២០១៦នៅតែ​​ជាប់ចំណាត់ថ្នាក់​លេខ១ ក្នុងនាមជាឆ្នាំដែលក្តៅខ្លាំងជាងគេ​បំផុតក្នុងពិភពលោក រលកកំដៅខុសប្រក្រតី​​នៅអាស៊ី និងនៅអឺរ៉ុប​បាន​ធ្វើឲ្យ​ឆ្នាំ ២០២២ស្ថិតនៅ​លេខរៀងទី​៥ ក្នុងចំណោមឆ្នាំ​ដែលក្តៅបំផុត។​ នេះបើតាម​របាយការណ៍​របស់​ទីភ្នាក់ងារ​អឺរ៉ុប​ខាងតាមដាន​ការប្រែប្រួល​អាកាសធាតុ(Copernicus Climate Change Service)។

សម្រាប់​ប្រធាន​ទីភ្នាក់ងារ​អឺរ៉ុប ជាមួយ​អាកាសធាតុក្តៅខ្លាំង​ជារៀងរាល់ឆ្នាំ ផែនដី​មាន​អាកាសធាតុចុះ​ត្រជាក់មកវិញ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏កម្រ​ពីពេលនេះ ទៅថ្ងៃអនាគត។​​នៅក្នុង​របាយការណ៍ចុះផ្សាយ​កាលពីថ្ងៃអង្គារ ទីភ្នាក់ងារ​អឺរ៉ុប​ខាងតាមដាន​អាកាសធាតុ​បាន​ផ្តោតសំខាន់សាជាថ្មី​លើ​តួនាទី​របស់​បាតុភូត ឡា នីញ៉ា La Nina។ តាម​របាយការណ៍​ខាងលើ ទោះមាន​បាតុភូត​ ឡា នីញ៉ាដែលជួយជំរុញ​ឲ្យមានអាកាសធាតុត្រជាក់ក្តី  ក៏សីតុណ្ហភាព​នៅលើផែនដី​នៅឆ្នាំ ២០២២បានឡើង​ក្តៅខ្លាំងជាង​ឆ្នាំ​២០២១ទៅទៀត។

ក្រៅពីសីតុណ្ហភាពឡើងក្តៅខ្លាំងដែលជាដើមហេតុនៃការរលាយផ្ទាំងទឹកកកនៅប៉ូលខាងជើង ពិភពលោក​បានរងគ្រោះជាហូរហែ ដោយសារ​គ្រោះមហន្តរាយធម្មជាតិ ដែលជា​ផលវិបាក​នៃការប្រែប្រួលអាកាសធាតុ ដែលមានដូចជា​គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ​នៅប៉ាគីស្ថាន ភ្លើងឆេះព្រៃ​ និង​ភាពរាំងស្ងួតហួតហែង​មិនធ្លាប់មាននៅអឺរ៉ុប នៅកេនយ៉ា នៅ​តំបន់​អាហ្វ្រិកខាងកើត។

របាយការណ៍​របស់ទីភ្នាក់ងារ​អឺរ៉ុបបង្ហាញថា នៅមួយទសវត្សរ៍​ចុងក្រោយនេះ សីតុណ្ហភាពជាមធ្យម​នៅក្នុងពិភពលោក​បាន​កើនឡើង​ប្រមាណ ១,១៤​អង្សារ បើប្រៀបធៀប​នឹង​សម័យបុរេឧស្សាហកម្ម។ អង្គការ​សហប្រជាជាតិ​បាន​ព្រមានហើយថា ផែនដី ឡើង​កំដៅ ត្រឹម១,១៤​អង្សា ផែនដី​ជួបគ្រោះមហន្តរាយធម្មជាតិ​ បង្កការខូចខាត​ធ្ងន់ធ្ងរ​ប៉ុណ្ណឹងទៅហើយ ចុះទម្រាំ ផែនដីឡើង​កំដៅ​បន្ថែម ២,៤អង្សា ក្នុងករណី ដែលគេ​មិនកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ តើ​​អនាគតផែនដី​ដែលជា​ជម្រក​របស់មនុស្ស​លោកនឹង​ក្លាយទៅជាយ៉ាងណា?

ខណៈដែល​ការបញ្ចេញ​ឧស្ម័ន​កាបូនិក មេតាន ដែលជា​ឧស្ម័ន​ផ្ទះកញ្ចក់ប្រភពធ្វើ​ឲ្យ​ផែនដីឡើងកំដៅ ​នៅតែបន្តមានច្រើន នៅក្នុងពិភពលោក របាយការណ៍របស់​ទីភ្នាក់ងារ​អឺរ៉ុប​បានទាមទារ​ឲ្យ​គេប្រញាប់​ចាត់វិធានការ​បន្ទាន់​ដើម្បីកាត់បន្ថយ​ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដើម្បីជួយបញ្ចៀសសពិភពលោក​ពីគ្រោះមហន្តរាយធម្មជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ