អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ថានឹងមិនរារាំងប៉ូឡូញក្នុងការបញ្ជូនរថក្រោះ Leopard ទៅឲ្យអ៊ុយក្រែន

អស់រយៈពេលជាច្រើន​ថ្ងៃមកហើយ ដែល​ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់​ទទួលសម្ពាធ​​ឲ្យ​បញ្ជូនរថក្រោះ​ទៅ​ឲ្យ​អ៊ុយក្រែន ទាំង​សម្ពាធ​ពី​អ៊ុយក្រែន ក៏ដូចជា​សម្ពាធ​ពី​សំណាក់​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​អូតង់។ នៅពេលនេះ លោក អូឡាហ្វ ស្ហុលស៍ ត្រូវរង​សម្ពាធ​មួយបន្ថែម​ទៀត គឺ​ពី​សំណាក់​រដ្ឋមន្រ្តីការបរទេស​អាល្លឺម៉ង់​ខ្លួនឯងផ្ទាល់ ដែល​មក​ពី​គណបក្ស​ក្នុង​រដ្ឋាភិបាល​ចម្រុះជាមួយគ្នា ហើយដែល​បង្ហាញជំហរចង់​អនុញ្ញាត​ឲ្យ​ប៉ូឡូញ​បញ្ជូន​ទៅឲ្យអ៊ុយក្រែន​នូវរថក្រោះ​ធុន Leopard ដែល​ទិញពីអាល្លឺម៉ង់​។

រថក្រោះធុន Leopard ផលិតដោយអាល្លឺម៉ង់ នៅក្នុង​អំឡុងសមយុទ្ធ​ក្នុង​ប្រទេសហ្វាំងឡង់ កាលពីខែឧសភា​ឆ្នាំ២០២២
រថក្រោះធុន Leopard ផលិតដោយអាល្លឺម៉ង់ នៅក្នុង​អំឡុងសមយុទ្ធ​ក្នុង​ប្រទេសហ្វាំងឡង់ កាលពីខែឧសភា​ឆ្នាំ២០២២ AP - Heikki Saukkomaa
ផ្សាយពាណិជ្ជកម្ម

នៅក្នុងបទសម្ភាសន៍​ជាមួយទូរទស្សន៍​បារាំង កាល​ពីយប់ថ្ងៃ​អាទិត្យ លោកស្រី អាណាឡេណា ប៊ែរបុក (Annalena Baerbock) បានលើកឡើង​ថា អាល្លឺម៉ង់​ដឹង​ថា រថក្រោះ​មាន​សារៈសំខាន់ខ្លាំង​ សម្រាប់​អ៊ុយក្រែន ហើយថា អាល្លឺម៉ង់​នឹង​មិន​រារាំង​ប៉ូឡូញ មិន​ឲ្យ​បញ្ជូន​រថក្រោះ​ទៅ​ឲ្យ​អ៊ុយក្រែន​នោះទេ ប្រសិនបើ​ប៉ូឡូញស្នើសុំ ក៏ប៉ុន្តែ រហូតមកទល់នឹងពេលនេះ អាល្លឺម៉ង់​នៅមិនទាន់​បាន​ទទួល​សំណើជាផ្លូវការ​ពី​សំណាក់​ប៉ូឡូញ​នៅឡើយនោះទេ។

គួរបញ្ជាក់ថា ប៉ូឡូញ​ រួមជាមួយនឹងហ្វាំងឡង់ ធ្លាប់​បាន​លើកឡើង​​អំពី​គម្រោង​ចង់​បញ្ជូន​រថក្រោះ​ជាច្រើន​គ្រឿង​ទៅ​ឲ្យ​អ៊ុយក្រែន។ ក៏ប៉ុន្តែ រថក្រោះទាំងនេះ ជារថក្រោះដែលទិញ​ពី​អាល្លឺម៉ង់ ដូច្នេះ ប៉ូឡូញ ក៏ដូចជា​ហ្វាំងឡង់ដែរ ត្រូវការ​ជាចាំបាច់​នូវ​ការឯកភាព​ពី​សំណាក់​រដ្ឋាភិបាល​អាល្លឺម៉ង់​ជាមុន ទើប​អាច​បញ្ជូន​រថក្រោះ​ទាំងនេះ​បន្ត​ទៅ​ឲ្យ​អ៊ុយក្រែន​បាន។

គិតរហូតមកទល់នឹងពេលនេះ លោក​អូឡាហ្វ ស្ហុលស៍ តែងតែ​ប្រកាន់​នូវ​ជំហរមួយ​ថា អាល្លឺម៉ង់​នឹង​មិន​ធ្វើ​អ្វី​តែឯងនោះទេ គឺ​ចាំបាច់​ត្រូវតែ​ធ្វើ​រួមគ្នា​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេងទៀត។ ជាពិសេស អាល្លឺម៉ង់​ចង់​ឲ្យ​អាមេរិក​បញ្ជូន​រថក្រោះ​ធុន M1 Abrams ទៅ​ឲ្យ​អ៊ុយក្រែន​ដែរ​ ទើប​អាល្លឺម៉ង់​សុខចិត្ត​បញ្ជូន​រថក្រោះ ធុន Leopard ​របស់​ខ្លួន​ទៅជាមួយគ្នា​។

ការសម្រេច​អនុញ្ញាត ឬ​មិន​អនុញ្ញាត​ឲ្យ​បញ្ជូនរថក្រោះ​អាល្លឺម៉ង់​ទៅ​ឲ្យ​អ៊ុយក្រែន គឺ​ជា​សិទ្ធិអំណាច​របស់​លោក​អូឡាហ្វ ស្ហុលស៍ ដែល​ជា​ប្រមុខរដ្ឋាភិបាល​។ ក៏ប៉ុន្តែ ការលើកឡើង​ជាសាធារណៈ​របស់​លោក​ស្រី អាណាឡេណា ប៊ែរបុក អាច​ជា​តម្រុយមួយ​នៃ​ជំហរចម្រូងចម្រាស​គ្នា នៅ​ក្នុង​ចំណោម​រដ្ឋាភិបាល​អាល្លឺម៉ង់ ហើយ​វា​អាច​ជា​សម្ពាធ​មួយ​បន្ថែម​ទៀត​ ​ទៅលើលោក​អូឡាហ្វ ស្ហុលស៍ ពីព្រោះ​ថា លោកស្រី អាណាឡេណា ប៊ែរបុក មកពី​គណបក្ស​ដ៏សំខាន់​មួយ ដែលមាន​សំឡេងច្រើន​លំដាប់ទីពីរ នៅ​ក្នុង​ចំណោម​គណបក្ស​ទាំងបី នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ ​ដឹកនាំ​ដោយ​អូឡាហ្វ ស្ហុលស៍ បច្ចុប្បន្ន។

កាលពីថ្ងៃសុក្រ​កន្លងទៅនេះ ប្រធានគណៈកម្មការការពារជាតិ​នៅ​សភាអាល្លឺម៉ង់ ហើយ​ដែល​មក​ពី​គណបក្ស​ទីបី នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ ក៏​ធ្លាប់​បាន​ទាមទារ​ផងដែរ​ឲ្យ​លោក​អូឡាហ្វ ស្ហុលស៍ បញ្ជូន​រថក្រោះ​ទៅ​ឲ្យ​អ៊ុយក្រែន ឬ​បើ​អាល្លឺម៉ង់​មិន​បញ្ជូន​រថក្រោះ​ទៅ​ដោយផ្ទាល់ខ្លួនឯងទេ​នោះ យ៉ាងហោចណាស់ គួរ​តែ​អនុញ្ញាត​ឲ្យ​ប្រទេស​ផ្សេង​យក​រថក្រោះដែល​ទិញពីអាល្លឺម៉ង់​ បញ្ជូន​បន្តទៅ​ឲ្យ​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ