អានតួអត្ថបទ
ហ្វាំងឡង់-ស៊ុយអែត-តួកគី-អូតង់

ហ្វាំងឡង់បានលើកឡើងជាលើកទី១ ពីបេក្ខភាពរបស់អង្គការអូតង់ដោយគ្មានស៊ុយអែត

នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់ ប្រមុខ​ការទូត​លោក​ប៉េកា ហាវីស្តូ​បាន​លើក​ឡើង​ក្នុង​ថ្ងៃ​អង្គារ ទី២៤ មករា​ពី​បេក្ខភាព​របស់​ហ្វាំងឡង់​ចូល​អង្គការ​អូតង់​ដោយ​មិន​រង់ចាំ​ប្រទេស​ស៊ុយអែត។ តែ​លោក​ហាវីស្តូ​មិន​ភ្លេច​បញ្ជាក់​ថា វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​ហ្វាំងឡង់​ត្រូវ​សម្រេចចិត្ត​យ៉ាង​នោះ និង​ថា ជម្រើស​ចូល​អូតង់​រួម​គ្នា​ជាមួយ​ប្រទេស​ស៊ុយអែត​នៅ​តែ​ជា​ជម្រើស​អាទិភាព​ទី១ ដដែល។ ការ​លើក​ឡើង​របស់​ហ្វាំងឡង់​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ភាព​តានតឹង​ថ្មី​រវាង​ស៊ុយអែត និង​ប្រទេស​តួកគី។

ប្រមុខ​ការទូត​ហ្វាំងឡង់ លោក​ប៉េកា ហាវីស្តូ
ប្រមុខ​ការទូត​ហ្វាំងឡង់ លោក​ប៉េកា ហាវីស្តូ REUTERS - SERGEJS MIKUSA
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​កាណាល់​ទូរទស្សន៍​រដ្ឋ​មួយ​ដែល​ប្រមុខ​ការទូត​ហ្វាំងឡង់​លោក​ប៉េកា ហាវីស្តូ​បាន​បញ្ជាក់​ថា ហ្វាំងឡង់​ត្រូវ​ធ្វើ​ការ​វាយតម្លៃ​លើ​ស្ថានការណ៍​ជាក់ស្តែង​ដើម្បី​សម្រេច​លើ​ជម្រើស​ចូល​អង្គការ​អូតង់។ តាម​លោក​ហាវីស្តូ មាន​ជម្រើស​ពីរ​ដែល​ហ្វាំងឡង់​អាច​ពិចារណា​ពេល​នេះ ទី១ ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ដោយ​គ្មាន​ប្រទេស​ស៊ុយអែត បើ​ស៊ុយអែត​មិន​អាច​ទៅ​មុខ​បាន និង​ទី២ បន្ត​រងចាំ​ស៊ុយអែត​ដើម្បី​ធ្វើ​ដំណើរ​រួម​គ្នា។ តែ​លោក​ហាវីស្តូ​មិន​ភ្លេច​រម្លឹក​ថា ជម្រើស​ធ្វើ​ដំណើរ​រួម​គ្នា​ជាមួយ​ស៊ុយអែត​នៅ​តែ​ជា​ជម្រើស​ទី១ ដែល​ហ្វាំងឡង់​ចង់​បាន។

ការ​លើក​ឡើង​របស់​ហ្វាំងឡង់​ដូច​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ភាព​តានតឹង​ថ្មី​រវាង​ប្រទេស​ស៊ុយអែត និង​ប្រទេស​តួកគី។ ភាព​តានតឹង​ថ្មី​នោះ គឺ​ការ​ដុតគម្ពី​សាសនា​អ៊ីស្លាម​របស់​ជនស្តាំនិយមជ្រុល​ស៊ុយអែត​នៅ​ក្នុង​បាតុកម្ម​រៀបចំ​ក្បែរ​ស្ថានទូត​តួកគី​ក្នុង​ក្រុង​ស្តុកខុល ប្រទេស​ហ្វាំងឡង់​នា​ចុង​សប្តាហ៍​កន្លង​ទៅ។ នេះ​ជា​ព្រឹត្តិការណ៍​ទី២ ដែល​តួកគី​មិន​អាច​ទទួល​យក​បាន បន្ទាប់​ពី​ព្រឹត្តិការណ៍​ជួបជុំ​របស់​ក្រុម​គាំទ្រ​គួដឌីស្ថាន​កាល​ពី​សប្តាហ៍​កន្លង​ទៅ។ ក្នុង​ថ្ងៃ​ចន្ទ ទី២៣ មករា ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​បាន​បញ្ជាក់​ដោយ​មិន​លាក់លៀម​ថា ស៊ុយអែត​មិន​អាច​ពឹង​លើ​ការ​គាំទ្រ​របស់​តួកគី​ក្នុង​ការ​ចូល​ជា​សមាជិក​អូតង់​បាន​ទៀត​ឡើយ។

គឺ​ព្រឹត្តិការណ៍​ទាំង​ពីរ​ផ្ទួន​គ្នា​នៅ​ស៊ុយអែត​នេះ​ហើយ​ដែល​ប្រមុខ​ការទូត​ហ្វាំងឡង់​លោក​ហាវីស្តូ​យល់​ថា អាច​ធ្វើ​ឲ្យ​ការ​សុំ​ចូល​អូតង់​របស់​ហ្វាំងឡង់ និង​ស៊ុយអែត​មាន​ភាព​យឺតយ៉ាវ។ យ៉ាង​ណា​ក៏​ដោយ ប្រមុខ​ការទូត​ស៊ុយអែត​បាន​សុំ​ឲ្យ​លោក​ហាវីស្តូ​បំភ្លឺ​លំអិត​បន្ថែម​នូវ​អ្វី​ដែល​បាន​លើក​ឡើង។ គួរ​រម្លឹក​ថា ហ្វាំងឡង់ និង​ស៊ុយអែត​បាន​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​អូតង់​រួម​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០២២។ តែ​ដើម្បី​អាច​ចូល​បាន ​លុះ​ត្រា​តែ​មាន​ការ​យល់ព្រម​ពី​សមាជិក​អូតង់​ទាំង ៣០ប្រទេស ក្នុង​នោះ​ក៏​មាន​តួកគី​មួយ​ដែរ។

ចំណោត​នៅ​ត្រង់​ថា តួកគី​កំពុង​បន្ត​រារាំង​បេក្ខភាព​ស៊ុយអែត​ដោយ​បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន ពិសេស​ឲ្យ​ស៊ុយអែត​ឈប់​គាំទ្រ​ពួក​គួដឌីស្ថាន PKK នៅ​តួកគី និង​លើក​បំរាម​ហាម​លក់​អាវុធ​ឲ្យ​តួកគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ