អានតួអត្ថបទ
រញ្ជួយដីតួកគី-ស៊ីរី

ហេតុអ្វីបានជាការរញ្ជួយដីនៅតួកគីពេលនេះមានសភាពធ្ងន់ធ្ងរខ្លាំង?

កាលពីពេល​កន្លងមក តួកគី​ក៏តែងតែ​ជួប​នឹង​គ្រោះរញ្ជួយដី​ជាញឹកញាប់​ដែរ គ្រាន់តែ​ភាគច្រើន​ជា​ការរញ្ជួយដី​ក្នុងកម្រិតទាប។ ការរញ្ជួយដីកាលពីថ្ងៃចន្ទ ជា​ការរញ្ជួយដ៏ខ្លាំង​មិន​ធ្លាប់មាន​នៅតួកគី នៅ​ក្នុងរយៈពេល​ជាង ៨០​ឆ្នាំកន្លងទៅនេះ។ វាក៏​ជា​គ្រោះរញ្ជួយដីមួយ ដែល​បង្ក​ឲ្យ​មាន​ការ​ខូចខាត​យ៉ាងសម្បើម​កម្រមាន​ផងដែរ។

អគារជាច្រើន​ត្រូវរលំរាបដល់ដី ដោយសារ​គ្រោះរញ្ជួយដី ៧,៨រ៉ិចទ័រ នៅ​តួកគី កាល​ពីថ្ងៃចន្ទ ៧ កុម្ភៈ ២០២៣
អគារជាច្រើន​ត្រូវរលំរាបដល់ដី ដោយសារ​គ្រោះរញ្ជួយដី ៧,៨រ៉ិចទ័រ នៅ​តួកគី កាល​ពីថ្ងៃចន្ទ ៧ កុម្ភៈ ២០២៣ REUTERS - UMIT BEKTAS
ផ្សាយពាណិជ្ជកម្ម

ហេតុអ្វីបានជាតួកគីតែងតែជួបនឹង​គ្រោះរញ្ជួយដី​ញឹកញាប់បែបនេះ?

ការ​រញ្ជួយដី​កើតឡើង ដោយសារ​ចលនា​ផ្លាកតិកតូនិក។ សម្បក​ផែនដី​យើង ត្រូវ​ចែកចេញ​ជា​ផ្នែក​​ដាច់ពីគ្នា ខ្លះតូចខ្លះធំ ដែល​យើង​ហៅថា “ផ្លាកតិកតូនិក”។ ផ្លាកតិកតូនិក​នេះ​​ក៏​មិនមែន​នៅ​នឹងថ្កល់​មួយកន្លែងដែរ។ ​វាមាន​ចលនា​ជាប់ជាប្រចាំ ហើយ​មាន​ចលនា​​នៅ​ក្នុងទិសដៅផ្សេងៗគ្នា អាស្រ័យ​ទៅ​តាម​ផ្លាកតិកតូនិក​នីមួយៗ។

ចលនា​ផ្លាកតិកតូនិក​នេះ​ កើតឡើង​ក្នុងល្បឿន​យឺតៗ ខ្លះ​​អាច​ទៅដល់ ៤​ទៅ៥សង់ទីម៉ែត្រ​ក្នុងមួយឆ្នាំ ហើយ​ខ្លះ​ត្រឹម១ទៅ២សង់ទីម៉ែត្រ​ក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ បន្តិចម្តងៗ នៅពេលដែល​ផ្លាកតិកតូនិក​កកិតគ្នា វា​បង្កើត​ឲ្យ​មាន​ជាគ្រោះរញ្ជួយដី។

ហេតុដូច្នេះ​ហើយ​បាន​ជា​គ្រោះរញ្ជួយដី តែងតែកើតមាន នៅ​តាម​បណ្តោយ​ព្រំដែន រវាង​ផ្លាកតិកតូនិក។ ចំណែក​តួកគី គឺ​ជា​ប្រទេស​ដែល​ស្ថិត​នៅ​ត្រង់​តំបន់ ដែល​ជា​ចំណុច​ប្រសព្វ រវាង​ផ្លាកតិកតូនិក​រហូត​ដល់​ទៅ ៤ឯណោះ។

ប្រទេស​តួកគី​ទាំងមូល គឺ​ជា​កូនផ្លាកតិកតូនិក​មួយទៅហើយ គឺ​ផ្លាកតិកតូនិកអាណាតូលី ដែល​មាន​ចលនា​ពី​កើតទៅលិច។ នៅខាងជើង ជាប់នឹង​ផ្លាកតិកតូនិក​អាណាតូលីនេះ​ គឺ​ផ្លាកតិកតូនិក​អឺរ៉ាស៊ី ដែល​មាន​ចលនា​ចាក់ចុះ​មក​ខាង​ត្បូង។ ចំណែក​ទៅ​ខាងត្បូង គឺ​ផ្លាកតិកតូនិក​អារ៉ាប់ (​ត្បូង​ឆៀងខាង​កើត) និង​​ផ្លាកតិកតូនិក​អាហ្វ្រិក (ត្បូងឆៀងខាងលិច) ដែល​​​មាន​ចលនា​ចាក់ឡើង​ទៅ​ទិសខាងជើង។

នេះហើយជាហេតុផល ដែល​ធ្វើ​ឲ្យ​តួកគី​ត្រូវ​ជួប​នឹង​គ្រោះរញ្ជួយដី​ជាញឹកញប់។ គ្រោះ​រញ្ជួយដី​ កាល​ពីថ្ងៃ​ចន្ទ៦កុម្ភៈ ​កើតឡើង​នៅ​ជាយប៉ែក​ខាងកើត​​ផ្លាកតិកតូនិក​អាណាតូលី ត្រង់​ព្រំដែន​ជាមួយនឹង​​ផ្លាកតិកតូនិក​អារ៉ាប់។

ហេតុអ្វី​បាន​ជា​គ្រោះរញ្ជួយដី​លើកនេះ​មាន​សភាពធ្ងន់ធ្ងរ?

លក្ខណៈធ្ងន់ធ្ងរ​នៃ​គ្រោះរញ្ជួយដី​នៅ​តួកគី​លើកនេះ គឺ​ដោយសារ​តែ​មាន​កត្តា​ ៣​ផ្សំបញ្ចូល​គ្នា៖ កម្លាំងរញ្ជួយ ជម្រៅនៃ​ចំណុចរញ្ជួយ​ និង​ប្រភេទនៃ​ចលន​ារញ្ជួយ។

​ការរញ្ជួយដី​នេះ មានកម្រិត​រញ្ជួយ​រហូត​ដល់ទៅ ៧,៨​រ៉ិចទ័រ (ការរញ្ជួយ​ដី​ចាប់ពីកម្រិត ៧រ៉ិចទ័រឡើងទៅ គឺ​គេចាត់ទុក​ជា​កម្រិតធ្ងន់)។ លើកចុងក្រោយ​ ដែល​តួកគី​ស្គាល​់គ្រោះរញ្ជួយដី​កម្រិត ៧,៨រ៉ិចទ័រនេះ គឺ​កាល​ពី​ឆ្នាំ ១៩៣៩ មានន័យថា នេះ​ជា​ការរញ្ជួយដី​ខ្លាំងមិនធ្លាប់កើតមាន​នៅ​ក្នុង​ប្រទេសតួកគី នៅ​ក្នុង​រយៈពេល​ជាង ៨០​ឆ្នាំកន្លងទៅ។

ក្រៅពី​កម្រិតជួយខ្លាំង កត្តា​ទីពីរ គឺ​ជម្រៅ​នៃ​ចំណុចរញ្ជួយ។ ជាទូទៅ ក្នុងកម្រិត​រញ្ជួយ​ស្មើគ្នា នៅពេលដែល​ចំណុចរញ្ជួយ​កាន់តែ​រាក់ វា​ធ្វើ​ឲ្យ​ប៉ះពាល់​​កាន់តែធ្ងន់ធ្ងរ ទៅ​ដល់​ផ្ទៃដី​​ផ្នែក​ខាងលើ។ ការរញ្ជួយដី​នៅ​តួកគី​នេះ មាន​ចំណុចរញ្ជួយ​​រាក់ គឺ​ជម្រៅ​ពីផ្ទៃដី ចុះទៅខាងក្រោម​​ត្រឹមប្រហែល​ជាង ២០​គីឡូម៉ែត្រ​តែប៉ុណ្ណោះ។

កត្តាទីបី គឺ​ប្រភេទ​នៃ​ចលនា​រញ្ជួយ (​ទិសដៅ​នៃ​ការកកិត​រវាង​ផ្លាកតិកតូនិក)។ ការរញ្ជួយដី​នៅ​តួកគី គឺ​កើតឡើង​តាមយន្តការមួយ ដែលគេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា “Strike-Slip Fault” មានន័យថា ​ផ្លាកតិកតូនិក​មួយ​មានចលនា​ទៅ​ខាង​ឆ្វេង ចំណែក​មួយ​ទៀតមានចលនា​​ទៅ​ខាង​ស្តាំ ហើយ​កកិតគ្នា​ក្នុងទិសដៅផ្តេក បង្កើត​ជា​កម្លាំងរញ្ជួយ តាម​បណ្តោយ​ព្រំដែន​ផ្លាកតិកតូនិក ដែល​លាតសន្ធឹង​រហូតដល់​ទៅ​រាប់រយ​គីឡូម៉ែត្រ ប៉ះពាល់​ទៅដល់​តំបន់​កាន់តែ​ច្រើន។

ជាក់ស្តែង គេឃើញថា បន្ទាប់​ពី​ការរញ្ជួយលើកទីមួយ មាន​ការរញ្ជួយ​ជា​ច្រើនទៀត (Aftershock) កើតឡើង​បន្តបន្ទាប់​គ្នា តាម​បណ្តោយ​ព្រំដែន​ផ្លាកតិកតូនិក ដោយ​ខ្លះមាន​កម្លាំងរញ្ជួយត្រឹម ៥ ទៅ ៦ រ៉ិចទ័រ ក៏ប៉ុន្តែ មានការរញ្ជួយ​​មួយ ដែល​មាន​កម្លាំង​រញ្ជួយ​ខ្លាំង​រហូតដល់​ទៅ ៧,៥រ៉ិចទ័រ។

ការរញ្ជួយ​កម្រិត ៧,៥រ៉ិចទ័រនេះ ​កើតឡើង​ច្រើន​ម៉ោង​ក្រោយ​ការរញ្ជួយលើកទីមួយ​ ហើយ ​នៅ​ចម្ងាយ​រហូតដល់​ទៅ​ប្រហែល​ជា ១០០គីឡូម៉ែត្រ​ឯណោះ ពី​ចំណុច​រញ្ជួយ​ទីមួយ។ ការរញ្ជួយ (Aftershock) ដែលមាន​កម្លាំងរញ្ជួយ​ខ្លាំង ហើយ​រាយប៉ាយ​តាម​បណ្តោយ​ព្រំដែន​ផ្លាកតិកតូនិក កាន់តែ​វែង​​បែបនេះ ​វារឹតតែ​បង្ក​ឲ្យ​មាន​ការខូចខាតខ្លាំង នៅក្នុង​​តំបន់​កាន់តែ​ធំ។ ​ម្យ៉ាងទៀត វាក៏​ចោទ​ជាបញ្ហា​ធំ​ផងដែរ ទៅដល់​ប្រតិបត្តិការ​សង្គ្រោះ ដើម្បី​​តាមរុករក​អ្នករស់រានមានជីវិត ដែល​កំពុង​ជាប់​ក្នុងអគារ ឬ​ក្នុង​គំនរអគារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ