អានតួអត្ថបទ
បេឡារុស្ស-អ៊ុយក្រែន

បេឡារុសនឹងប្រយុទ្ធរួមជាមួយទ័ពរុស្ស៊ី លុះណាតែខ្លួនរងការវាយប្រហារ

បេឡារុស នឹងចូលរួមប្រយុទ្ធ​ជាមួយកងកម្លាំង រុស្ស៊ីនៅអ៊ុយក្រែន ល្គឹកណាតែ​ខ្លួន​រង​ការវាយប្រហារ នេះជាសេចក្តី ថ្លែងរបស់​មេដឹកនាំ បេឡារុស លោក Alexandre Loukachenko នៅថ្ងៃ ព្រហស្បតិ៍ ទី ១៦ កុម្ភៈ ក្នុងជំនួប​ដ៏កម្រ ជាមួយ បណ្តា​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅក្រុង Minsk។

រូបថតរបស់ក្រសួងការពារជាតិរុស្ស៊ីបង្ហាញ​សមយុទ្ធយោធា​របស់បេឡារុស​និង​រុស្ស៊ី ក្នុង​ទឹកដីបេឡារុស​នៅ​ខែ​ធ្នូចុងឆ្នាំ ២០២២
រូបថតរបស់ក្រសួងការពារជាតិរុស្ស៊ីបង្ហាញ​សមយុទ្ធយោធា​របស់បេឡារុស​និង​រុស្ស៊ី ក្នុង​ទឹកដីបេឡារុស​នៅ​ខែ​ធ្នូចុងឆ្នាំ ២០២២ AP
ផ្សាយពាណិជ្ជកម្ម

”ខ្ញុំត្រៀមប្រយុទ្ធរួមគ្នាជាមួយរុស្ស៊ី ដោយចេញពីដែនដី​បេឡារុសទៅ តែក្នុងករណី​មួយគត់ គឺ ប្រសិនបើ មានទាហានណាម្នាក់​ប្រដាប់ដោយអាវុធ ពីខាងដែនដី​អ៊ុយក្រែន ចូលមកក្នុង​ដែនដីបេឡារុស ដើម្បី​សម្លាប់អ្នកស្រុកយើង”។ លោក​ប្រធានានាធិបតីបេឡារុស បានថ្លែង ទាំង​លំអិតថា ការនេះមាន​សុពលភាព​មិន​សម្រាប់​អ៊ុយក្រែនប៉ុណ្ណោះទេ តែ ក៏​សម្រាប់គ្រប់​ប្រទេសជិតខាងយើង។ នរណា ក៏ដោយ​ដែល​ឈ្លានពានមកលើយើង នឹងរងការវាយបក​ទៅវិញ កាន់តែឃោរឃៅ​ពុំខាន។ ដូច្នេះ សង្គ្រាម នឹងវិវឌ្ឍ​ទៅ ក្នុងទម្រង់​ផ្សេង!។ នេះជា​ការព្រមាន​របស់​លោក Loukachenko។

បេឡារុស ដើរតួជា ខ្នងបង្អែក សម្រាប់ប្រតិបត្តិការវាយលុករុស្ស៊ីដែលបញ្ឆេះឡើង កាលពីមួយឆ្នាំមុន ទល់ នឹងអ៊ុយក្រែន។ សព្វថ្ងៃនៅមាន ពួកទាហាននិងបរិក្ខារយោធារុស្ស៊ី ស្ថិតនៅប្រចាំការនៅឡើយនៅបេឡារុស។

តាមអ្នកវិភាគជាច្រើន វិមានក្រេមឡាំង​រមែងដាក់សម្ពាធលើលោក Loukachenko ឲ្យ​គាត់បញ្ជា​កងទ័ពរបស់​គាត់​ចូលរួម​ក្នុងប្រតិបត្តិការ​វាយលុក​នៅអ៊ុយក្រែន។ ប៉ុន្តែ មេដឹកនាំបេឡារុស នៅតែប្រកែក ទោះបីគាត់ អាស្រ័យយ៉ាងខ្លាំង​លើ​ការគាំទ្រនយោបាយ ក៏ដូចជា សេដ្ឋកិច្ច ពីខាងក្រុងម៉ូស្គូ ជាពិសេស តាំងពីមាន ផ្ទុះឡើងជា រលកតវ៉ាប្រឆាំង​អំណាចគាត់ ក្នុងឆ្នាំ ២០២០។

ដោយឡែកមេដឹកនាំបេឡារុស បានប្រកាសថា នៅថ្ងៃសុក្រ គាត់នឹងជួបសន្ទនា ជាមួយ សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។

នៅដំណាច់ខែមករាកន្លងទៅ លោក ពូទីន បានសុំ​រដ្ឋាភិបាល​រុស្ស៊ី​ឲ្យចរចា​អំពី ការបង្កើតជា មជ្ឈមណ្ឌល ហ្វឹកហាត់យោធារួម​ជាមួយបេឡារុស។

កាលពីកណ្តាលខែតុលា បេឡារុស និង រុស្ស៊ី ថែមទាំងបានទម្លាយឲ្យដឹងអំពី ការបង្កើត កងកម្លាំងយោធា រួមគ្នា ដែលតាម ក្រុង Minsk គឺ សម្រាប់បំពេញ បេសកកម្ម”ការពារ”សុទ្ធសាធ។

ប្រទេសទាំងពីរ តែងធ្វើជារឿយៗ លំហាត់សឹកទ្រង់ទ្រាយធំ ហេតុដែលញ៉ាំងឲ្យលេចចេញមកជា ពាក្យ ចចាមអារ៉ាមថា កងទ័ពបេឡារុស អាចចូលរួមដែរក្នុង ប្រតិបត្តិការវាយលុករុស្ស៊ី នៅអ៊ុយក្រែន។

ដើម្បី​សបញ្ជាក់​ពី​សារៈសំខាន់​​របស់​បេឡារុស នៅក្នុងយុទ្ធសាស្ត្រយោធារុស្ស៊ី ដើម្បីប្រតិបត្តិការវាយលុកនៅអ៊ុយក្រែន លោក ពូទីន ដែលក្នុងមួយឆ្នាំចុងក្រោយ កម្រវត្តមាននៅពីមុខសាធារណជន កាលពីខែធ្នូ ស្រាប់តែបាន អញ្ជើញទៅធ្វើទស្សនកិច្ចនៅ ក្រុង Minsk រដ្ឋធានីបេឡារុស។

មុននេះពីរខែ ម៉ូស្គូ និង ក្រុង Minsk បានប្រកាសអំពីការដាក់ឲ្យឈរជើង នៅបេឡារុស គឺ កងកម្លាំងយោធា ចម្រុះ រុស្ស៊ី និង បេឡារុសក្នុងចំនួន ៩.០០០ នាក់ និង រថក្រោះ ប្រមាណ ១៧០ គ្រឿង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ