អានតួអត្ថបទ
អ.ស.ប.-សមុទ្រ

អ្នកជំនាញ៖សន្ធិសញ្ញាអន្តរជាតិដើម្បីការពារប្រព័ន្ធជីវចម្រុះសមុទ្រជាកិច្ចព្រមព្រៀងប្រវត្តិសាស្រ្ត

នៅ​យប់​ថ្ងៃ​សៅរ៍ ទី៤ មីនា ប្រទេស​ជាង ១០០​នៃ​សមាជិក​របស់​អង្គការសហប្រជាជាតិ​បាន​ព្រមព្រៀង​គ្នា​លើ​សន្ធិសញ្ញាអន្តរជាតិ​មួយ​ដ៏​សំខាន់​ដើម្បី​ការពារ​ប្រព័ន្ធ​ជីវចម្រុះសមុទ្រ​របស់​ភពផែនដី​យើង។ សន្ធិសញ្ញា​អន្តរជាតិ​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ពេញ​ថា « សន្ធិសញ្ញា​ដើម្បី​ការ​អភិរក្ស និង​ការ​ប្រើប្រាស់​ប្រកប​ដោយ​ចីរភាព​នូវ​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​លំហសមុទ្រ​ដែល​មិន​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ប្រទេស​ណា​មួយ »។ គួរ​បញ្ជាក់​ថា ទំរាំ​ទទួល​បាន​នូវ​សន្ធិសញ្ញា​មួយ​នេះ គេ​បាន​ចំណាយ​ពេល​អស់ ១៥ឆ្នាំ​ដើម្បី​ជជែក​ពិភាក្សា​គ្នា។ សន្ធិសញ្ញា​អន្តរជាតិ​ដែល​ទើប​ទទួល​បាន​ពេល​នេះ​ត្រូវ​បាន​រដ្ឋាភិបាល និង​សមាគម​អ្នក​ការពារ​បរិស្ថាន​ជា​ច្រើន​ចាត់​ទុក​ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត។ ហេតុអ្វី​បាន​ជា​គេ​ចាត់​ទុក​ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត?។ យើង​ស្តាប់​ការ​ពន្យល់​របស់​លោក​យុយលីយាង រ៉ូសេត នាយក​កម្មវិធី​មហាសមុទ្រ​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​និរន្តរភាព និង​ទំនាក់ទំនង​អន្តរជាតិ។

អ្នកជំនាញថា សន្ធិសញ្ញាអន្តរជាតិដើម្បីការពារប្រព័ន្ធជីវចម្រុះសមុទ្រជាកិច្ចព្រមព្រៀងប្រវត្តិសាស្រ្ត។
អ្នកជំនាញថា សន្ធិសញ្ញាអន្តរជាតិដើម្បីការពារប្រព័ន្ធជីវចម្រុះសមុទ្រជាកិច្ចព្រមព្រៀងប្រវត្តិសាស្រ្ត។ AP - Sam McNeil
ផ្សាយពាណិជ្ជកម្ម

« សម្រាប់​ខ្ញុំ វា​ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត។ ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត​ព្រោះ​ទី១ វា​ជាប់​ពាក់ព័ន្ធ​នឹង​ភពផែនដី​ចំនួន​ពាក់​កណ្តាល។ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ស្គាល់​ដែនលំហ​ក្នុង​សមុទ្រ​ដែល​ជា​ផ្នែក​មួយ​ដែល​គេ​មិន​អាច​ឃើញ​ផ្ទាល់​ភ្នែក​ដូច​នៅ​លើ​ដី​ទេ។ ដែន​លំហ​ក្នុង​សមុទ្រ​មាន​បង្កប់​ដោយ​ប្រព័ន្ធ​ជីវចម្រុះ​ពិសេស និង​សម្បូរបែប​ដែល​គេ​ត្រូវ​តែ​នាំ​គ្នា​ជួយ​ថែ​រក្សា និង​ការពារ។

ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត​ព្រោះ​ទី២ ការ​ចរចា​បាន​ចាប់​ផ្តើម​តាំង​ពី​ច្រើន​ឆ្នាំ ពោល​មាន​រយៈពេល ២០ឆ្នាំ​មក​ហើយ​ដែល​គេ​បាន​ផ្តើម​ចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​មួយ។ ដូច្នេះ​វា​ល្មម​ដល់​ពេល​ដែល​គេ​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ។ ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត​ព្រោះ​ទី៣ និង​ប្រហែល​ជា​ចំណុច​ចុង​ក្រោយ នៅ​ក្នុង​បរិបទ​ភូមិសាស្រ្ត​នយោបាយ​តានតឹង​ដែល​គេ​ស្គាល់​សព្វថ្ងៃ គេ​ត្រូវ​ជំនះ​ឲ្យ​បាន​នូវ​ច្បាប់​ដើម្បី​កំណត់​លើ​ការ​គ្រប់គ្រង​រួម​នៃ​លំហសមុទ្រ​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ចែក​គ្នា។

ឥឡូវ​នេះ សន្ធិសញ្ញា​អន្តរជាតិ​មួយ​បាន​រក​ឃើញ​ហើយ និង​ដែល​គេ​ត្រូវ​នាំ​គ្នា​សាទរ។ តែ​ការងារ​លំបាក​ចាប់​ផ្តើម​ពី​ពេល​នេះ​ទៅ។ ការងារ​លំបាក​នោះ គឺ​ការ​ផ្តើម​អនុវត្ត​លើ​សន្ធិសញ្ញា​អន្តរជាតិ​នោះ។ សំខាន់​ជាង​គេ គឺ​ការ​ស្វែង​រក​ឲ្យ​បាន​នូវ​លក្ខខណ្ឌ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ឃ្លាំមើល និង​ការ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​នូវ​ប្រព័ន្ធ​ជីវចម្រុះ​សមុទ្រ។ ដូច្នេះ គេ​ឈាន​ចូល​ក្នុង​ដំណាក់ការ​ថ្មី​ដែល​ជា​ដំណាក់ការ​នៃ​ការ​អនុវត្តន៍​ជាក់ស្តែង »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ