អានតួអត្ថបទ
បារាំង-អាកាសចរណ៍

បារាំង៖ក្រុមហ៊ុន Dassault Aviation ទទួលបានការបញ្ជាទិញ និងប្រាក់ចំណេញខ្ពស់ក្នុងឆ្នាំ ២០២២

នៅ​ក្នុង​ប្រទេស​បារាំង ក្រុមហ៊ុន​ផលិត​យន្តហោះ Dassault Aviation បាន​ផ្សព្វផ្សាយ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៩ មីនា​នូវ​លទ្ធផល​ដែល​ទទួល​បាន​ក្នុង​ឆ្នាំ ២០២២។ តាម​លទ្ធផល​ដែល​ទទួល​បាន ២០២២ ជា​ឆ្នាំ​ដែល​ក្រុមហ៊ុន​ទទួល​បាន​ការ​បញ្ជា​ទិញ និង​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន។ ជោគជ័យ​នេះ​បាន​ពី​ការ​លក់​យន្តហោះចម្បាំង​រ៉ាហ្វាល់ (Rafal) និង​យន្តហោះស៊ីវិល​ហ្វាល់កុន (Falcon)។ សម្រាប់​អគ្គនាយក​ក្រុមហ៊ុន Dassault Aviation ឆ្នាំ ២០២២ ជា​ឆ្នាំ​ប្រវត្តិសាស្រ្ត​ទាក់ទង​នឹង​ការ​បញ្ជា​ទិញ។

នៅបារាំង ក្រុមហ៊ុន Dassault Aviation ទទួលបានការបញ្ជាទិញ និងទទួលបានប្រាក់ចំណេញខ្ពស់ក្នុងឆ្នាំ ២០២២។
នៅបារាំង ក្រុមហ៊ុន Dassault Aviation ទទួលបានការបញ្ជាទិញ និងទទួលបានប្រាក់ចំណេញខ្ពស់ក្នុងឆ្នាំ ២០២២។ AP - Michel Euler
ផ្សាយពាណិជ្ជកម្ម

២០ ៩០០លាន​អឺរ៉ូ នេះ​ជា​ទឹកប្រាក់​ដែល​ក្រុមហ៊ុន​ផលិត​យន្តហោះ​បារាំង Dassault Aviation ទទួល​បាន​ក្នុង​ឆ្នាំ ២០២២ ពោល​មាន​ការ​កើន​ឡើង​ដល់​ទៅ ៧៤% ធៀប​នឹង​ឆ្នាំ ២០២១។ ចំណែក​ប្រាក់​ចំណេញ​មាន ៧១៦លានអឺរ៉ូ ពោល​បាន​កើន​ឡើង​ជាង ១៨%។ គ្រាន់​តែ​ក្នុង​ឆ្នាំ ២០២២ មួយ Dassault Aviation លក់​បាន​យន្តហោះ​ចម្បាំងរ៉ាហ្វាល់​ថ្មី​ចំនួន ៩២គ្រឿង ខណៈ​ដែល​ការ​លក់​សរុប​មាន​តែ ១៣៣គ្រឿង​គិត​តាំង​ពី​ការ​ដាក់​យន្តហោះ​នេះ​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០២១។ ឆ្នាំ ២០២១ លក់​បាន​ត្រឹម ៤៩គ្រឿង។

ក្នុង​ចំណោម​យន្តហោះ​ចម្បាំងរ៉ាហ្វាល់​ថ្មី​ទាំង ៩២គ្រឿង​ដែល​បាន​លក់​ក្នុង​ឆ្នាំ ២០២២ ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​បាន​ទិញ​ចំនួន ៨០គ្រឿង​ក្នុង​ទឹកប្រាក់ ១៤ ០០០លានអឺរ៉ូ ប្រទេស​ក្រិក​បាន​ទិញ​បន្ថែម​ចំនួន ៦គ្រឿង និង ៦គ្រឿង​ដំបូង​សម្រាប់​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ក្នុង​កុងត្រា​ដែល​ឥណ្ឌូណេស៊ី​បាន​បញ្ជា​ទិញ​សរុប​ចំនួន ៤២គ្រឿង។ ទាក់ទង​នឹង​ការ​លក់​យន្តហោះ​ស៊ីវិល​ហ្វាល់កុន​វិញ ក្រុមហ៊ុន​ទទួល​បាន​ការ​បញ្ជា​ទិញ​ចំនួន ៦៤គ្រឿង​ក្នុង​ឆ្នាំ ២០២២ ពោល​កើន​ឡើង​ចំនួន ២៥% ធៀប​នឹង​ឆ្នាំ ២០២១ ដែល​លក់​បាន​ត្រឹម ៥១គ្រឿង។

ដោយឡែក បើ​បូក​សរុប​គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០២២ ក្រុមហ៊ុន Dassault Aviation ទទួល​បាន​ការ​បញ្ជា​ទិញ​យន្តហោះចម្បាំង​រ៉ាហ្វាល់​ចំនួន ១៦៤គ្រឿង និង​យន្តហោះស៊ីវិល​ហ្វាល់កុន​ចំនួន ៨៧គ្រឿង​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ចំនួន ៣៥ ០០០លានអឺរ៉ូ។ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នា​ដំណាច់​ឆ្នាំ ២០២១ គឺ​មាន​ការ​កើន​ឡើង​ជាង ៦៨%។ សុខភាព​ល្អ​ខ្លាំង​ជា​ប្រវត្តិសាស្រ្ត​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Dassault Aviation នៅ​ផ្សារ​ភាគហ៊ុន​ក្នុង​ក្រុង​ប៉ារីស​ស្ទុះ​ឡើង​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៩ មីនា​នេះ។

តែ​ក្រុមហ៊ុន​បាន​ទទួល​ស្គាល់​ថា នៅ​ក្នុង​បរិបទ​សព្វថ្ងៃ​នៃ​វិបត្តិ​ថាមពល ការ​ខ្វះ​វត្ថុធាតុដើម ឬ​មួយ​ក៏​កំណើន​អតិផរណា​ដែល​កំពុង​ប៉ះពាល់​ខ្លាំង​ដល់​ក្រុមហ៊ុន​ដែល​ធ្វើ​ការ​ជាមួយ ហ៊ុន Dassault Aviation ការ​ផលិត និង​ការ​ប្រគល់​យន្តហោះ​ឲ្យ​អតិថិជន​ក្នុង​ឆ្នាំ ២០២៣ អាច​ជួប​ភាព​យឺតយ៉ាវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ