អានតួអត្ថបទ

រដ្ឋមន្រ្តីបរិស្ថានបារាំង៖បើយើងមិនធ្វើអ្វីសោះ កាកសំណល់ប្លាស្ទិកនឹងមានច្រើនជាងត្រីនៅក្នុងមហាសមុទ្រនាឆ្នាំ ២០៦០

ការ​បំពុល​ដោយ​ប្លាស្ទិក​ជា​ប្រធានបទ​នៃ​កិច្ចប្រជុំកំពូល​អន្តរជាតិ​ដែល​នឹង​រៀបចំ​ក្នុង​ប្រទេស​បារាំង​ពី​ថ្ងៃ​ចន្ទ ទី២៩ ឧសភា​ដល់​ថ្ងៃ​សុក្រ ទី២ មិថុនា។ កម្មវត្ថុ​នៃ​កិច្ចប្រជុំកំពូល គឺ​អនុម័ត​លើ​សន្ធិសញ្ញា​មួយ​ស្តីពី​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​បំពុល​ដោយ​ប្លាស្ទិក​ចំពោះ​បរិស្ថាន និង​សុខភាព​របស់​មនុស្សលោក។ តែ​មុន​នឹង​កិច្ចប្រជុំកំពូល​នេះ​ឈាន​មក​ដល់ បារាំង​បាន​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបទេស និង​រដ្ឋមន្រ្តី​បរិស្ថាន​មក​ពី​ប្រមាណ ៦០ប្រទេស​ក្នុង​ថ្ងៃ​សៅរ៍ ទី២៧ ឧសភា។ សម្រាប់​សហភាពអឺរ៉ុប ប្រទេស​បារាំង និង​ក្រុម​ប្រទេស ៥៥ប្រទេស​ទៀត​យល់​ថា គេ​ត្រូវ​កាត់​បន្ថយ​កា​ផលិត​ប្លាស្ទិក។ តែ​ជំហរ​នេះ​ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​ជំទាស់​ដោយ​ពួក​គេ​ចង់​គិតគូរ​ពី​ការ​គ្រប់គ្រង​លើ​កាកសំណល់​ប្លាស្ទិក និង​ចង់​ឲ្យ​អាទិភាព​លើ​ការ​កៃច្នៃ​ប្លាស្ទិក​ចាស់ៗ​ដើម្បី​ប្រើ​ឡើង​វិញ។ ករណី​នេះ​ត្រូវ​បាន​រដ្ឋមន្រ្តី​បរិស្ថាន​បារាំង​លោក​គ្រីស្តូហ្វ បេឈូ​លើក​ឡើង​ពី​សហរដ្ឋអាមេរិក។

រដ្ឋមន្រ្តីបរិស្ថានបារាំងលោកគ្រីស្តូហ្វ បេឈូ (រូបកណ្តាល)
រដ្ឋមន្រ្តីបរិស្ថានបារាំងលោកគ្រីស្តូហ្វ បេឈូ (រូបកណ្តាល) AFP - BERTRAND GUAY
ផ្សាយពាណិជ្ជកម្ម

« សហរដ្ឋអាមេរិក​មាន​ស្ថានភាព​ប្លែក​ខុស​ពី​គេ ហើយ​បើ​ខ្ញុំ​ហ៊ាន​និយាយ គឺ​ជា​ប្រទេស​ដែល​បាន​ប្រើ​ប្លាស្ទិក​ច្រើន​ជាង​គេ។ បើ​គេ​គិត​ជា​រួម​នៅ​ក្នុង​ពិភពលោក​ទាំង​មូល ការ​ប្រើ​ប្លាស្ទិក​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​មួយ​ឆ្នាំ​មាន​បរិមាណ​ចំនួន ៦០គីឡូក្រាម។ តែ​នៅ​សហរដ្ឋអាមេរិក ពលរដ្ឋ​ម្នាក់ៗ​បាន​ប្រើ​ប្លាស្ទិក​ដល់​ទៅ ២៦០គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ​ឯណោះ ខណៈ​ដែល​ពលរដ្ឋ​អឺរ៉ុប​ម្នាក់ៗ​បាន​ប្រើ​ប្លាស្ទិក​ចំនួន ១៥០គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ។

ម្យ៉ាងទៀត អ្វី​ដែល​ខុស​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ខ្លះ​នៅ​ត្រង់​ថា ការ​ប្រើ​ប្លាស្ទិក​នៅ​ក្នុង​ប្រទេស​ខ្លះ​ចាប់​ផ្តើម​ធ្លាក់​ចុះ ដូច​ករណី​ការ​ធ្លាក់​ចុះ​បន្តិច​ម្តងៗ​នៅ​ក្នុង​ប្រទេស​បារាំង ខណៈ​ដែល​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត ការ​ប្រើ​ប្លាស្ទិក​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។ យើង​បាន​ដឹង​ថា ប្រទេស​នៅ​អាស៊ី ប្រទេស​នៅ​មជ្ឈិមបូព៌ា និង​សហរដ្ឋអាមេរិក​សុទ្ធសឹង​ជា​ប្រទេស​ផលិត​ប្លាស្ទិក។ តែ​ឥឡូវ​នេះ អ្វីៗ​បាន និង​កំពុង​ផ្លាស់ប្តូរ។

កាល​ពី ៦ខែ​មុន ពោល​នៅ​មុន​កិច្ចប្រជុំ​លើកទី១ អស់​លោក​អាច​ចោទ​សួរ​ខ្ញុំ​ថា តើ​គេ​អាច​លើក​យក​រឿង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​នេះ​ទៅ​និយាយ​ជាមួយ​សហរដ្ឋអាមេរិក និង​ជប៉ុន​ដែរ ឬ​ទេ។ ខ្ញុំ​អាច​និយាយ​បាន​ថា ក្នុង​រយៈពេល​តែ ៦ខែ ជប៉ុន​បាន​ក្លាយ​ពី​ប្រទេស​ដែល​គេ​គិត​ថា​នឹង​ត្រូវ​និយាយ​ជំនះ​លើ​រឿង​នេះ​ទៅ​ជា​ប្រទេស​ដែល​បាន​ចុះ​កិច្ចសន្យា​កាត់​បន្ថយ​ការ​ប្រើ​ប្លាស្ទិក​ក្នុង​កម្រិត​ខ្ពស់​បំផុត​ដោយ​ខ្លួន​ឯង។ ចាប់​ពី​ពេល​នេះ​ត ទៅ ជប៉ុន​បាន​ស្ថិត​ក្នុង​ចំណោម ៥៥ប្រទេស​ដែល​បាន​សន្យា​យ៉ាង​ម៉ឹងម៉ាត់។

ដូច្នេះ​ច្បាស់​ណាស់ ផ្លូវ​នៅ​ចំពោះ​មុខ​យើង​គឺ​ការ​ពង្រីក​បន្ថែម​នូវ​ចំនួន​ប្រទេស​ដែល​សន្យា​កាត់​បន្ថយ​ការ​ប្រើ​ប្លាស្ទិក​ជាមួយ​នឹង​ការ​ចូលរួម​របស់​សាធារណជន​ទូទៅ។ គ្មាន​ប្រជាជន​ណា​ម្នាក់​ក្នុង​លោក​នេះដែល​មិនបាន​អើពើ​នឹង​ការ​បំពុល​ដោយ​ប្លាស្ទិក​ទេ។ ចាប់​ផ្តើម​ពី​ចំណុច​នេះ គេ​មិន​អាច​លាក់បាំង​ពី​ការ​បំពុល​ដោយ​ប្លាស្ទិក​បាន​ឡើយ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ