អានតួអត្ថបទ
បរិស្ថាន-ប្លាស្ទិក

ប្លាស្ទិក ​ជាប្រភព​​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​លំដាប់​ទី៥​ពិភពលោក

ជំនួប​ចរចា​ស្វែង​រក​សន្ធិសញ្ញា​អន្តរជាតិ​ប្រឆាំង​នឹង​បរិស្ថានពុល​ដោយ​ប្លាស្ទិក ចាប់​បើក​ធ្វើ​នៅក្រុង​ប៉ារីស នា​ថ្ងៃ​ចន្ទ​ទី ២៩ឧសភា​រហូត​ដល់​ថ្ងៃ​ទី ២មិថុនា២០២៣។ ក្រោម​ការ​ដឹកនាំ​របស់​អង្គការ​សហប្រជាជាតិ តំណាង​១៧៥​ប្រទេស ត្រូវ​ប្រឹង​ប្រែងធ្វើ​យ៉ាងណា​សម្រេច​តាក់តែង​​ច្បាប់​ប្រឆាំង​នឹង​ការ​បំពុល​បរិស្ថាន​ដោយ​ប្លាស្ទិក​ឱ្យ​ចេញ​ជា​រូប​រាង​នៅ​ដំណាច់​ឆ្នាំ​២០២៤។ ជា​ពេលវេលា​ដ៏​ខ្លី​ណាស់​សម្រាប់​ការ​ចរចា​ខ្នាត​អន្តរជាតិ​ ដែល​មាន​ចរន្ត​ពីរ​កំពុង​ប្រកួត​ប្រជែងគ្នា​​គឺ ម្ខាង​ចង់កំរិត​និង​​កាត់​បន្ថយ​ផលិតផល​ប្លាស្ទិក ឯ​ម្ខាង​ទៀត ចង់ផ្តល់​អាទិភាព​ដល់​ការ​កែច្នៃ​ប្លាស្ទិក​ឡើង​វិញថា​ជា​ដំណោះស្រាយ​ទល់​នឹង​សំរាម​ប្លាស្ទិក។

ប្លាស្ទិក ​ជាប្រភព​​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​លំដាប់​ទី៥​ពិភពលោក
ប្លាស្ទិក ​ជាប្រភព​​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​លំដាប់​ទី៥​ពិភពលោក AP - Mucahit Yapici
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​ការពារ​បរិស្ថាន​បាន​រិះគន់គម្រោង​ដែល​ផ្តោត​លើ​ការ​គ្រប់គ្រង​សំរាម​ប្លាស្ទិក ថា​ជា​ការ​ធ្វើ​សម្បទាន​ដល់​វិស័យប្លាស្ទិក​និង​គីមីឥន្ធនៈ។ អង្គការ​Greepeace បាន​ចេញ​របាយការណ៍​ផ្គុំ​លទ្ធផល​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​ដែល​​លើក​ឡើង​ថា ដំណើរការ​កែច្នៃ​ប្លាស្ទិក​ឡើង​វិញ ក៏​អាច​បញ្ចេញ​ធាតុ​គីមីយ៉ាង​ច្រើន​ទៅ​ក្នុង​បរិយាកាស។ គ្រប់គ្រង​ផលិតផលគីមី​មាន​ជាតិ​​ប្លាស្ទិក និង​កាត់​បន្ថយ​ផលិតផល​​ប្លាស្ទិក​តែ​ម្តង ទើប​ជា​ដំណោះស្រាយ​ពិត​នៃ​វិបត្តិ​ប្លាស្ទិក។ មាន​ធាតុគីមី​ប្រមាណ​១៣០០០មុខ​ត្រូវ​បាន​គេ​យកមកផ្សំ​សម្រាប់​ផលិតវត្ថុប្លាស្ទិក ហើយ​ក្នុង​នោះ ជាង​៣០០០ធាតុ​ជា​តំណាង​គ្រោះថ្នាក់​សម្រាប់​សុខភាព។ នេះ​បើ​របាយការណ៍​របស់​កម្មវិធី​បរិស្ថាន​អង្គការ​សហប្រជាជាតិ​(PNUE)។

​​​ផលិតផល​ប្លាស្ទិក​ ដែល​ជាង​៨០%នឹងក្លាយ​ជា​សំរាម​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ឆ្នាំ​ផង​នោះ ប៉ះពាល់​ដល់​បរិស្ថាននិង​​សុខភាពហើយ​ ដល់​អាកាសធាតុ​ទៀត។ បើ​តាមនា​យិកា​អង្គការ​​គ្មាន​សំរាម​ប្លាស្ទិកបារាំង Zero waste France ប្រសិនបើ​រាប់​សំរាម​ជា​ប្រទេស​ នោះ​វាត្រូវ​ជាប់​ចំណាត់​ថ្នាក់​ទី​៥ ខាង​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​នៅលើ​ពិភពលោក។ ដូច្នេះ​ពិភពលោក​ត្រូវ​តែ​បញ្ឈប់​ការ​ផលិត​ប្លាស្ទិក។

​អ្នក​ស្រីនាយិកា Juliette Franquet  ៖

“ប្លាស្ទិក​ ចាប់ជះ​ឥទ្ធិពល​ ​តាំងពី​ដំណាក់កាល​​ផ្តើម​ផលិត​ដែល​ប្រើ​ថាមពល​ផូស៊ីល (​ប្រេងកាត​និង​ឧស្ម័ន) និង​ លាយ​ជាមួយ​សារធាតុ​គីមី​បន្ថែម​ជា​ច្រើន​មុខ​ទៀត​ណាស់។ សារធាតុគីមី​បន្ថែម​នោះ​ខ្លះពុល និង​ ខ្លះ​បង្ក​​គ្រោះថ្នាក់​​ខ្លាំង​ណាស់ សម្រាប់​បរិស្ថាន និង​សុខភាព​របស់​មនុស្ស​សត្វ។ មាន​ពពូជ​សត្វ​សមុទ្ទ​​យ៉ាង​ហោច​ជាង​៧រយ​ប្រភេទ​ដែល​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ដោយ​ប្លាស្ទិក។ ផលិតផល​​ប្លាស្ទិករាយប៉ាយដល់​​គ្រប់​ទិសទីក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ទសវត្សរ៍​​។ ឥលូវនេះ​ ឱ្យ​តែ​ចង់​​​រក​ នោះ​គេ​នឹង​ឃើញភ្លាម​ប្លាស្ទិក នៅលើ​ដី នៅ​ក្នុង​ទឹក និង​សូម្បី​តែ​ក្នុង​ខ្យល់​ក៏មាន​ដែរ។ ការសិក្សា​បាន​បញ្ជាក់​អំពីលទ្ធផល​​ដ៏​អាក្រក់​ក្រៃ​ ដោយ​យើង​ស្រូប​ដង្ហើម​​និង​លេប​ប្លាស្ទិក​ជា​រៀង​រាល់​ថ្ងៃ ក្នុង​បរិមាណ​ប៉ុន​ក្រេឌីខាត ក្នុង​សប្តាហ៍។​ ដូច្នេះ​ត្រូវ​បញ្ឈប់​ការ​ផលិតប្លាស្ទិក​ជា​ចាំបាច់​បំផុត ប្រសិន​បើ​ចង់​បញ្ចៀស​សារធាតុ​ពុល​ប្លាស្ទិកនេះ”៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ