អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

រុស្ស៊ី ថា​រារាំង​ការ​វាយ​លុក​របស់​អ៊ុយក្រែននៅភាគ​ខាង​កើត តែ​កៀវ​ថា​រុលទៅមុខ​នៅBakhmout

ជា​សង្គ្រាម​ព័ត៌មានឬ​យ៉ាងណា ? នៅថ្ងៃចន្ទ​ទី ៥​មិថុនា​នេះ រុស្ស៊ី​បាន​ប្រកាស​រារាំង​ការ​វាយ​លុក​របស់​អ៊ុយក្រែន​នៅ​តំបន់​ដុនបាស។​ ​ក្រុង​កៀវដែល​បាន​ប្រកាស​ត្រៀម​លក្ខណៈតាំងពី​ជា​ច្រើន​ខែ​មក​ហើយ ​មិន​បាន​​បញ្ជាក់​អំពី​ការ​បើក​ប្រតិបត្តិការ​វាយបក​ទ្រង់ទ្រាយ​ធំ ដើម្បី​ដណ្តើម​យក​ដែនដី​វិញទេ។ តែ​អ៊ុយក្រែន​ថា​បាន​​​រុញច្រាន​កង​កម្លាំង​រុស្ស៊ី​នៅ​បាក់មូដ។

រុស្ស៊ី ថា​រារាំង​ការ​វាយ​លុក​របស់​អ៊ុយក្រែននៅភាគ​ខាង​កើត តែ​កៀវថារុល​ទៅ​មុខ​ច្រើន​នៅ​បាក់មូដ
រុស្ស៊ី ថា​រារាំង​ការ​វាយ​លុក​របស់​អ៊ុយក្រែននៅភាគ​ខាង​កើត តែ​កៀវថារុល​ទៅ​មុខ​ច្រើន​នៅ​បាក់មូដ AP - LIBKOS
ផ្សាយពាណិជ្ជកម្ម

ក្រសួងការពារ​ជាតិ​រុស្ស៊ី​បាន​អះអាង ដោយ​មិន​លម្អិត​​ថា សត្រូវ​បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​៥​កន្លែង នៅ​តំបន់​ដូណេតស្ក៍​ នា​ថ្ងៃទី​៤​មិថុនា២០២៣ តែ​ត្រូវ​បរាជ័យ​ មិន​អាច​សម្រេច​ផែនការ​ឡើយ​ ព្រម​ទាំង​រង​ការ​ខាតបង់​កម្លាំងទាហាន​ប្រមាណ​២៥០នាក់ទៀត។ ​នេះ​បើ​តាម​​សេចក្តី​ថ្លែងការណ៍ អម​ដោយ​រូបភាព​វីដេអូថតពី​លើ​អាកាស​​ឃើញ​រថក្រោះ​អ៊ុយក្រែន​រង​ការ​កម្ទេច​ពី​សំណាក់​កង​កម្លាំង​រុស្ស៊ី​ផង។ ប្រភពការពារ​ជាតិ​​រុស្ស៊ី​ដដែល​នេះ បាន​បន្ថែម​ទៀត​ថា យោធា​អ៊ុយក្រែន​បាន​ដឹកនាំ​បើក​ប្រតិបត្តិការ​វាយប្រហារ​ដោយ​ប្រើ​ពល​មេកានិច​៦កង និង​កងពល​រថក្រោះ​ពីរ​កង។ រុស្ស៊ី​បាន​បញ្ជាក់​ទៀត​ថា​នាយ​សេនាធិការ​​កងទ័ព​រុស្ស៊ី​កំពុង​ស្ថិត​ប៉ុស្តិ​បញ្ជាការ​ក្នុង​តំបន់​ដែលមានការ​វាយប្រហារ​ពី​​អ៊ុយក្រែន​។ តែ​​នៅតំបន់​ហ្សាប៉ូរីចា​ ទីតាំង​រុស្ស៊ី​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ និង​​ជាង​កាលពី ម្សិលទៅ​ទៀត ហើយ​ស្ថានភាពកំពុង​យាប់យឺន​ខ្លាំងណាស់ នេះ​បើ​តាម​ភ្នាក់ងារ​ផ្លូវការ​រុស្ស៊ី​Tass។

អាជ្ញាធរ​​អ៊ុយក្រែន មិន​បាន​បញ្ជាក់​ព័ត៌មាន​ទាក់ទង​នឹង​ហេតុការណ៍​ប្រកាស​ដោយ​រុស្ស៊ីទេ។ តែ​កៀវ​ធ្លាប់​បាន​ប្រកាស​តាំងពី​ជា​ច្រើន​ខែ​មកហើយ​ថា​កំពុង​ត្រៀម​បើក​ប្រតិបត្តិការ​វាយបក​ទ្រង់ទ្រាយ​ធំដើម្បី​ដណ្តើម​ដែនដី​មក​វិញ។ នៅថ្ងៃអាទិត្យ​ម្សិលមិញ​ អ៊ុយក្រែន​បាន​បង្ហោះ​វីដេអូ​មួយ​ដែរ បង្ហាញ​អំពី​ទិដ្ឋភាព​ទាហាន​អ៊ុយក្រែន​ទទួល​ការ​ណែនាំ​ឱ្យ​រក្សា​ភាព ស្ងប់ស្ងាត់ និង​ពុំ​ធ្វើ​សេចក្តី ប្រកាស​បើក​ប្រតិបត្តិការ​ទេ។

ផ្ទុយ​ទៅ​វិញ​ មេ​បញ្ជាការ​កងទ័ព​ជើង​គោក​អ៊ុយក្រែន​ បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា កង​កម្លាំង​អ៊ុយក្រែន​បាន​បន្ត​រុល​ទៅមុខ​ ក្នុង​តំបន់​បាក់មូដ ដែល​រុស្ស៊ី​ចំណាយ​បង់​ខាត​យ៉ាង​ខ្លាំង​ទម្រាំ​ដណ្តើម​បានកាលពី​ថ្មីៗ។ មេ​ដឹកនាំ​ក្រុមទាហាន​ស៊ីឈ្នួល​ វ៉ាក់ណែ ក៏​បាន​បញ្ជាក់​អំពី​ការ​រុល​ទៅ​មុខ​របស់អ៊ុយក្រែន​នៅបាក់​មូដ ថា​បាន​កាន់​កាប់​ភូមិ​នៅភាគ​ខាង​ជើង​មួយ​ចំណែក។ នេះ​បើ​តាម​សារ​សំឡេង​បង្ហោះ​ដោយ​ភ្នាក់ងារ​សារព័ត៌មាន​របស់​គេ។

ក្រៅ​អំពី​ការ​វាយប្រហារ​របស់​អ៊ុយក្រែន​នៅ​តំបន់​ដុនបាស នៅថ្ងៃអាទិត្យ​ម្សិលមិញ ក៏​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សន្ធោសន្ធៅ រវាង​ទាហាន​រុស្ស៊ី​និង​យុទ្ធជន​រុស្ស៊ី​គាំទ្រ​អ៊ុយក្រែន តាម​តំបន់រុស្ស៊ី​​បែលហ្កូរូដ ជាប់​ព្រំដែន​អ៊ុយក្រែន។ នេះ​បើតាម​អភិបាល​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ