អានតួអត្ថបទ
បារាំង-សីតុណ្ហភាពក្តៅ

ការ​សិក្សា​បារាំង​ ៖ មេឃ​​ក្តៅ​ខ្លាំង​ (ធម្មតា)​  ក៏​អាច​ជា​កត្តា​មរណៈ​មួយ​ដែរ

ក្នុង​បរិបទ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ដែលអម​ដោយការ​ឡើង​កម្តៅ​សីតុណ្ហភាព​ខុស​ប្រក្រតី ភ្នាក់ងារ​សុខភាព​សាធារណៈ​បារាំង បាន​អះអាង​នៅថ្ងៃសុក្រទី ២៣​មិថុនា​នេះ​ថា កម្តៅ​មាន​​​ឥទ្ធិពល​អាក្រក់​ខ្លាំង​លើ​អត្រា​មរណៈ​នៅក្នុង​ប្រទេស​បារាំង ក្នុង​អំឡុង​រដូវក្តៅ។ តាំងពី​ឆ្នាំ​២០១៤ដល់​ឆ្នាំ​២០២២ មាន​មនុស្ស​ប្រមាណ​ពី ៣ម៉ឺន​ទៅ​បីម៉ឺន​ប្រាំពាន់​នាក់ បាន​ស្លាប់​ ដោយ​ហេតុ​តែ​អាកាសធាតុ​ក្តៅ មិន​ចាំ​ទាល់​តែ​មាន​​រលក​កម្តៅ​ខ្លាំង​ហួស​ហេតុ​នោះ​ឡើយ។

សីតុណ្ហភាព​ក្រុង​ប៉ារីស ចង្អុល​លេខ ៣៩ អង្សា
សីតុណ្ហភាព​ក្រុង​ប៉ារីស ចង្អុល​លេខ ៣៩ អង្សា AP - Thomas Padilla
ផ្សាយពាណិជ្ជកម្ម

ក្នុង​អំឡុង​ពេល​មាន​រលក​កម្តៅ​ខ្លាំង​ហួសហេតុម្តងៗ មាន​មនុស្ស​ច្រើន​នាក់ណាស់​​បាន​បាត់​បង់​ជីវិត​។ ភ្នាក់ងារ​សុខភាព​សាធារណៈ​បារាំង​ធ្លាប់​បាន​ផ្តល់​តួលេខ​ទាក់ទង​នឹងកំណើន​​មរណភាព​ ពេល​មាន​រលក​កម្តៅ​ខ្លាំង​ហួស​ប្រមាណម្តងៗ។ ឧទាហរណ៍ នៅឆ្នាំ​២០២២ រលក​កម្តៅ​ខ្លាំង​ហួសហេតុ​បី​លើក​ បាន​ធ្វើ​អត្រាមរណៈ​ឡើង​ច្រើន​លើស​ប្រក្រតីចំនួន​៣ពាន់​នាក់។

ប៉ុន្តែ​បើ​តាម​ការ​សិក្សា​ថ្មី​ចេញ​ផ្សាយ​ដោយ​​អាជ្ញាធរ​សុខាភិបាល​បារាំង​នៅថ្ងៃសុក្រ​នេះ នារ​ដូវ​ក្តៅ សីតុណ្ហភាព​ក្តៅ​ខ្លាំង​ធម្មតា ក៏​អាច​សម្លាប់​មនុស្ស​បាន​ដែរ។ នៅរដូវ​ក្តៅ​ពី​ឆ្នាំ​២០១៤ដល់​ឆ្នាំ​២០២២ បារាំង​សម្គាល់​ឃើញ​មាន​​ ​មរណភាពដោយហេតុ​​អាកាសធាតុ​ក្តៅប្រមាណ​ពី ៣ម៉ឺន ទៅ​៣៥០០០នាក់​ ​ក្នុង​នោះ​ មួយ​ភាគ​បី​ មាន​អាយុ​ក្រោម​៧៥​ឆ្នាំ​​។ ហើយបីភាគ​បួន​នៃ​មរណភាព​ដោយ​កម្តៅ​ នៅ​ក្រៅរយៈ​ពេលមាន​​រលក​កម្តៅ​ខ្លាំង។

ដើម្បី​អាចចេញ​សេចក្តី​សន្និដ្ឋាន​នេះ​បាន ការ​សិក្សា​បាន​ប្រើ​វិធីសាស្ត្រ​គណនា​ដ៏​ស្មុគស្មាញ ពិបាក​ពន្យល់​ណាស់ និង​ជា​ការ​ប៉ាន់​ប្រមាណ​ទេ។ កំរិត​មរណភាពខ្ពស់​​ពិត​ក៏​អាស្រ័យផង​ដែរ​ទៅ​លើ​ជម្រើស​នៃ​ វិធីគណនា។ តែ​នេះ​ជា​លើកទីមួយ​ដែល​មាន​ការ​សិក្សាវាយ​តម្លៃ​អំពី​ ​អត្រា​មរណភាព ក្នុង​អំឡុង​ពេល​មាន​​សីតុណ្ហភាពក្តៅ​​ ​ព្រមទាំង​សាក​ល្បង​ញែក​ឱ្យ​ឃើញថា​​កម្តៅធម្មតា​​ ក៏​ជាអាច​​កត្តា​មរណៈ​ ប៉ះពាល់​ដល់​សុខភាព​មួយ​ដែរ មិនមែន​បាច់​ទាល់​តែ​ជា​អាកាសធាតុ​ក្តៅ​ខ្លាំង​ហួស​ហេតុ​ទេ។

បារាំង​បាន​ចាប់​អារម្មណ៍​គិតគូរ​និង​មាន​វិធានការ​ជា​ពិសេស អំពី​សុខភាព​សាធារណៈ​នៅពេល​មេឃ​ឡើ​ង​កម្តៅ​តាំង​ពី​ឆ្នាំ២០០៣ ដែលកាលណោះ​រលក​កម្តៅ បាន​សម្លាប់​ជីវិត​ពលរដ្ឋ​បារាំង ភាគ​ច្រើន​ជា​មនុស្ស​ចាស់​​អស់ ១៥០០០​នាក់។ ប៉ុន្តែ​សម្រាប់​អ្នក​ស្រាវជ្រាវ​​របស់​ភ្នាក់ងារ​សុខភាព​សាធារណៈ​បារាំង ការ​ផ្តុំ​គំនិត​លើ​តែ​រលក​កម្តៅ​ខ្លាំង​ ជាការ​មើល​ស្រាល​ឥទ្ធិពល​នៃ​ភាព​ក្តៅ​ធម្មតា​ចំពោះ​សុខភាព​ និង​ពិសេស​មរណភាព។ ប្រឈម​នឹង​កម្តៅ​អាច​នាំ​ឱ្យ​មនុស្ស​គ្រប់​វ័យស្លាប់​បាន​ទាំង​អស់។ នេះ​បើ​តាម​ប្រធាន​ភ្នាក់ងារ​សុខាភិបាល​បារាំង​ដដែល។ ការសិក្សា​ចេញ​ផ្សាយ​ចំពេល​ដែល​ឧតុនិយម​បារាំង​បាន​ព្រមាន​អំពី​គ្រោះ​ក្តៅ​ខ្លាំង​ អាច​លើស​កំរិត​ធម្មតា​ ក្នុង​រដូវ​ក្តៅ ខែ​មិថុនា​កក្កដា​និង​សីហា​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ