អានតួអត្ថបទ
អាកាសធាតុ-កសិកម្ម

កា​រសិក្សា​ទាញ​សញ្ញា​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​ទិន្នផលកសិកម្មព្រមៗ​គ្នា​ ដោយបញ្ហាអាកាសធាតុ

កា​រសិក្សា​ទាញ​សញ្ញា ​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​ទិន្នផលកសិកម្មព្រមៗ​គ្នា​ ដោយបញ្ហាអាកាសធាតុហានិភ័យទទួល​​​ទិន្នផលកសិកម្ម​មិន​សូវ​ល្អ ឬទិន្នផល​​ធ្លាក់​ចុះ​ព្រមៗគ្នា ​នៅ​តាម​បណ្តា​ប្រទេសជា​ជង្រុក​ស្រូវ​​ ដោយហេតុ​តែ​ការប្រែប្រួល​អាកាសធាតុ ត្រូវ​បាន​គេមើល​ស្រាល​ខ្លាំងណាស់។ នេះ​បើ​តាម​ការសិក្សា​របស់​អ្នក​ស្រាវជ្រាវ​អាមេរិក​និង​អាល្លឺម៉ង់ ចេញផ្សាយ​នៅថ្ងៃ​អង្គារ​ទី ៤​កក្កដា​ម្សិលមិញ ដោយ​ទាញ​សញ្ញា​អាសន្ន​អំពីការ​គំរាមកំហែង​ដល់​ស្ថិរភាព​នៃ​ប្រព័ន្ធ​ស្បៀង​អាហារ​ពិភពលោក។

ការ​ប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើ​ទិន្នផល​កសិកម្ម​ព្រមៗ​ក្នុង​តំបន់​កសិកម្មសំខាន់ៗ​លើ​ពិភពលោក
ការ​ប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើ​ទិន្នផល​កសិកម្ម​ព្រមៗ​ក្នុង​តំបន់​កសិកម្មសំខាន់ៗ​លើ​ពិភពលោក Kirill KUDRYAVTSEV/AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុងការ​សិក្សា​ដោយ​ផ្តោត​លើ​ទិន្នន័យ​​អាកាសធាតុ​និង​គំរូ​អាកាសធាតុ​ពី​ឆ្នាំ​១៩៦០-២០១៤ ​ សម្រាប់ជា​​ទស្សនៈ​វិស័យ​នៅឆ្នាំ​២០៤៥-២០៩៩ ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិក​និង​អាល្លឺម៉ង់ បាន​បញ្ចប់​សេចក្តី​​សន្និដ្ឋានថា ដោយហេតុ​តែ​ការ​ប្រែប្រួលអាកាសធាតុ តំបន់​កសិកម្ម​ធំៗ​ដែល​ជា​ជង្រុក​ផ្គត់ផ្គង់​ស្បៀង​អាហារ​ពិភពលោក ជា​ច្រើន​ ទំនង​ជា​អាច​ជួប​​គ្រោះ​ប្រមូលផលកសិកម្ម​​បាន​តិច ឬ ទទួល​ទិន្នផល​ទាប​​​ ​ជាង​ពេល​មុនៗខ្លាំង។

បើតាមក្រុម​​អ្នកស្រាវជ្រាវ​ ដោយ​ហេតុ​​តែ​ការ​ប្រែប្រួល​អាកាសធាតុ ​ចរន្ត​ខ្យល់លើ​អាកាស​Jet stream ដែល​ជា​អ្នក​កំណត់​លក្ខខណ្ឌ​អាកាស​ធាតុ​ មាន​ចលនា​បត់​បែន​ខ្លាំង ហើយ​ជះ​ឥទ្ធិពល​​ប៉ះពាល់​ជា​ពិសេស​ដល់​តំបន់​កសិកម្ម​ដ៏​ចម្បងៗ​របស់​ពិភពលោក មាន​ជាអាទិ៍ តំបន់​កសិកម្ម​នៅ​​អាមេរិកភាគ​ខាង​ជើង​ នៅ​អឺរ៉ុប​ខាង​កើត និង​តំបន់​អាស៊ីអាគ្នេយ៍។ បាតុភូត​នេះ​​​នឹងធ្វើ​ឱ្យ​ទិន្នផល​កសិកម្ម​ត្រូវ​ធ្លាក់​ចុះ​ប្រមាណ​​ដល់​ទៅ​៧%។

បើ​ទិន្នផល​ទាប​ ​ស្បៀង​អាហារនឹង​​​ឡើង​ថ្លៃ​ ​ប្រព័ន្ធ​​ស្បៀងអាហារនឹង​ជួប​អស្ថិរភាព ហើយ​​វិបត្តិ​សង្គម​នឹង​អាច​ផ្ទុះ​ឡើង។ នេះ​បើ​តាម​ការ​ពន្យល់​លម្អិត​របស់​លោក Kai Kornhuber ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ មក​កាន់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង ដោយ​លើក​យក​ឧទាហរណ៍​ជាក់​ស្តែង​ជា​ច្រើន​មក​បំភ្លឺ។ ឧទាហរណ៍​ នៅ​ឆ្នាំ​២០១០ ភាព​រាំង​ស្ងួត​នៅរុស្ស៊ី និង​ទឹក​ជំនន់​នៅ​ប៉ាគីស្ថាន ដែលបង្ក​ឡើង​ដោយ​​បាតុភូត Jet Stream បាន​បំផ្លិច​បំផ្លាញ​ផល​កសិកម្ម​យ៉ាង​ធ្ងន់ធ្ងរ​រហូត​ធ្វើ​ឱ្យ​តម្លៃ​ ​ស្រូវ​-ស្រូវ​សាលី​ ឡើង​កប់ពពក​នៅលើ​ទីផ្សារ​ពិភពលោក។

គំរូ​ព័ត៌មាន​វិទ្យា​បច្ចុប្បន្ន​ មាន​ប្រសិទ្ធភាព​អាចព្យាករ​ទិសនៃ​​ចរន្ត​ខ្យល់ក្នុង​បរិយាកាស​បាន​ប៉ុន្តែ​មិន​អាច​កំណត់​អំពី​ទំហំ​នៃ​បាតុភូត​អាកាសធាតុ​ដ៏​អាក្រក់​របស់​វា​បាន​ទេ។ សម្រាប់​លោក Kornhuber​ ការសិក្សា​នេះ​ជា​សញ្ញា​​អាសន្ន​មួយ​​បញ្ជាក់​អំពី​ភាព​មិន​ច្បាស់​លាស់​នៃ​ឥទ្ធិពល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​លើ​វិស័យ​កសិចំណី​អាហារ​ដែល​គេ​តែ​ង​មើ​ល​ស្រាល និង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​​កន្លង​មក​។ ​ជា​ប្រភព​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ផលិតកម្ម​កសិ-ចំណី​អាហារ​បាន​ចូល​រួម​​ចំណែក​ធ្វើ​​ឱ្យ​ផែនដី​ឡើង​កម្តៅ តែ​ក៏​​ប្រឈម​នឹង​ផលវិបាក​នៃការ​​ប្រែប្រួល​អាកាសធាតុវិញ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ