អានតួអត្ថបទ

អ៊ុយក្រែន​ វាយ​ប្រហារ​លើ ​ជំរំ​​​​យោធា​របស់​រុស្ស៊ី ​​ផ្ទុះ​ឆេះ​ច្រើន​កន្លែង នៅគ្រីមេ

​ក្នុង​តំបន់​គ្រីមេ នាថ្ងៃ​សៅរ៍​  មា​នការ​វាយប្រហារជាច្រើន​ ទៅ​លើ ស្ពាន និង​មូលដ្ឋានជំរំ​យោធារបស់រុស្ស៊ី ដែល​បណ្តាលឲ្យ​ផ្ទុះឆេះជា​ច្រើនកន្លែង។ ​ចំណែក​​ប្រជា​ពលរដ្ឋជាច្រើនពាន់​នាក់ ត្រូវ​រដ្ឋអំណាច​តំបន់​គ្រីមេ ​ណែនាំ​ឲ្យ​រត់រកកន្លែងសុវត្ថិភាព។ បើតាម​អាជ្ញាធរ​រុស្ស៊ីនៅ​តំបន់​គ្រីមេ​ផ្ទាល់ គឺការ​វាយ​ប្រហារ​នេះ ​ជា​ស្នាដៃ​របស់​អ៊ុយក្រែន ក៏ប៉ុន្តែ ភាគី​អ៊ុយក្រែន​ពុំ​បាន​អះអាង​ថា​ជាទង្វើ​របស់ខ្លួន​ នោះ​ឡើយ។​ ភ្លាមៗ​ ​​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បាន​សន្យា​ដាច់​ខាត​ថា​នឹង​វាយ​​​​បក​​ទៅវិញ ឲ្យ​សម​នឹង​ទង្វើ​។​

ទិដ្ឋភាព នៅលើស្ពាន Kertche ដែល​តភ្ជាប់​ពី​ប្រទេស​រុស្ស៊ី ទៅ​កាន់​ដែន​ដី​កោះ​គ្រីមេ។ ស្ពាន​នេះ ជាកម្មវត្ថុ​នៃការ​កម្ទេច​របស់​អ៊ុយក្រែន។​
ទិដ្ឋភាព នៅលើស្ពាន Kertche ដែល​តភ្ជាប់​ពី​ប្រទេស​រុស្ស៊ី ទៅ​កាន់​ដែន​ដី​កោះ​គ្រីមេ។ ស្ពាន​នេះ ជាកម្មវត្ថុ​នៃការ​កម្ទេច​របស់​អ៊ុយក្រែន។​ AP
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​​តំបន់​គ្រីមេ ដែល​គាំទ្រ​រុស្ស៊ី បាន​​ចោទប្រកាន់​ទៅ​លើ​​ អ៊ុយក្រែន ថា​បា​នប្រើ​យន្តហោះ​ដ្រូន​​បាញ់​ប្រហារ​ បំផ្ទុះ​កន្លែងស្តុក​អាវុធ​យោធា​រុស្ស៊ី ហើយ​និង​ បាញ់​កម្ទេច​ស្ពាន​ និងកន្លែង​ផ្សេងទៀត នៅ​ក្នុង​តំបន់​គ្រីមេ នា​ប៉ុន្មា​នថ្ងៃជាប់គ្នា​​មកនេះ។ នេះបើតាម​ការ​លើកឡើង​របស់ អភិបាល​តំបន់​គ្រីមេ លោក Sergueï Aksionov ដែល​ជ្រើស​តាំង​បន្ទុប​ដោយ​រដ្ឋអំណាច​ក្រុង​ម៉ូស្កូ។​ អភិបាល​តំបន់​គ្រីមេ រូបនេះ បាន​ឲ្យដឹង​ទៀត​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​ផ្ទុះ ត្រូវ​ណែនាំ​ឲ្យ​ចេញ​ឆ្ងាយ​ប្រមាណ ​៥គីឡូម៉ែត្រ ដើម្បី​បញ្ជៀសគ្រោះថ្នាក់​​ហានិភ័យ។

គេ​បាន​សង្កេត​ឃើញថា ពលរដ្ឋ​មួយ​ចំនួន​នៅគ្រីមេ​ កំពុងតែ​ភ័យ​បារម្ភ​ពីសុវត្ថិភាព ហើយ​បាន​ភៀសខ្លួន​ ដែលនាំ​ឲ្យ​មាន​បញ្ហា​កក់ស្ទះ​ចរាចរណ៍​​ជា​ច្រើន​កន្លែង ទាំង​ផ្លូវ​គោក និងផ្លូវ​ដែក​។ ការកក់ស្ទះ​ផ្លូ​វ​ ក៏​ជា​ចំណែកមួយ នៃការ​វាយ​ប្រហារ​ទៅ​លើស្ពាន គែរឆឺ ( Kertch) ដែរ។ ស្ពាន​នេះ តភ្ជាប់​ពី​ប្រទេស​រុស្ស៊ី ទៅ​កាន់​ដែន​ដី​កោះ​គ្រីមេ បន្ទាប់ពី​ រុស្ស៊ី បា​នលេប​ត្របាក់​យក គ្រីមេ ក្នុងការ​ឧបសម្ព័ន្ធ​របស់ខ្លួន​ នៅ​ឆ្នាំ​២០១៤។

នៅថ្ងៃ​សៅរ៍ ​ ស្ពានគែរឆឺ Kertch ត្រូវ​រង​ការវាយ​ប្រហារ​ជាថ្មី បន្ទាប់ពី​ឆ្នាំមុន ត្រូវ​រងគ្រោះ​ពីការ​បំផ្ទុះ​រួច​ម្តងហើយ។​ ​កាល​ពីថ្ងៃសុក្រ ​ក្នុង​​វេទិកា​សន្តិសុខ​ Colorado ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី មានប្រសាសន៍​​លើកឡើង​ថា ស្ពាន​នេះ បាន​សាងសង់ឡើង​ដោយ​រំលោភបំពាន​ខុស​ផ្ទុយ​​អំពី​ច្បាប់​អន្តរជាតិ និងគួរតែ​ត្រូវ«កម្ទេច​ចោល»។​

នៅក្នុង​វេទិកាសន្តិសុខ​​ នេះ​​ដែរ អ្ន​កទីប្រឹក្សា​ការទូត​ របស់​ប្រធានាធិបតី​បារាំង បាន​ប្រកាស​ថា ប្រទេស​ចិន ​បាន​ផ្តល់​គ្រឿង​សម្ភារៈ​បរិក្ខារយោធា​​ឲ្យ ​រុស្ស៊ី​ ទៅប្រើ​ក្នុង​សង្គ្រាម​ច្បាំង​អ៊ុយក្រែន។ ​អ្ន​កទីប្រឹក្សា​ការទូត​បារាំង​ ​​បញ្ជាក់ថា ចិនប៉េកាំង​ ​​ផ្តល់​បច្ចេកវិទ្យា​មុខ​ពីរ​ដល់​រុស្ស៊ី សម្រាប់​វិស័យ​យោធាផង​និង​ស៊ីវិល​ផង​។​

​ពីភាគីក្រុង​មូស្កូវិញ តាមការ​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី គឺ នៅថ្ងៃសៅរ៍​ អ្នក​កាសែត​រុស្ស៊ី​ម្នាក់​លោក​ Rostislav Jouravlev ​​ធ្វើ​ការ​ឲ្យ​ទីភ្នាក់​ងារ​សារព័ត៌មាន​រុស្ស៊ី Ria Novosti ​បាន​ស្លាប់បាត់បង់ជីវិត ហើយ​អ្ន​កកាសែត​រុស្ស៊ី​បីបួន​នាក់ទៀត ក៏​រងរបួស​ដែរ​ ពីព្រោះតែ​ការ​វាយប្រហារនិងទម្លាក់​គ្រាប់បែក​របស់​អ៊ុយក្រែន នៅតំបន់​ Zaporijjia​ប៉ែកខាង​ត្បូង​អ៊ុយក្រែន​។ អាជ្ញាធរ​​រុស្ស៊ី ចោទប្រកាន់​ទៀតថា​ អ៊ុយក្រែន​ប្រើ​គ្រាប់បែក​ចង្កោម​សម្លាប់​អ្នក​កាសែត​រុស្ស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ