អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

ស្លាប់ស៊ីវិល​៦នាក់ ​​ទារកម្នាក់ ក្នុង​ការ​វាយប្រហារ​រុស្ស៊ី​លើ​ភាគ​ខាង​ត្បូង​អ៊ុយក្រែន

ក្នុង​ខណៈ​ដែលយោធា​​អ៊ុយក្រែន​ប្រកាសរុល​​ដណ្តើម​បាន​ដី​៣គីឡូម៉ែត្រ​ការ៉េ នៅ​តំបន់​ភាគ​កើតជិត​បាក់មូដ យោធា​រុស្ស៊ី​ក៏​សម្រុក​​វាយប្រហារ​ថ្មី​ទៀតដែរ។ ការ​វាយប្រហារ​​​លើ​តំបន់​Kherson ភាគ​ខាង​ត្បូង​អ៊ុយក្រែន​បានផ្តាច់​​ជីវិត​​ជន​ស៊ីវិល​យ៉ាង​ហោច​​៧​នាក់ ក្នុង​នោះ​ម្នាក់​ជា​ទារក​អាយុទើប​បាន​​២៣​ថ្ងៃ និង​ម្នាក់​ជា​កុមារអាយុ​១២ឆ្នាំ ក្នុង​គ្រួសារ​តែ​មួយ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​អ៊ុយក្រែន។ ចំណែកបារាំងបាន​ប្រកាស​​បាន​ថ្កោលទោស​ទង្វើ​វាយប្រហាររបស់​រុស្ស៊ី​លើ​ជន​ស៊ីវិលនេះ​ភ្លាម។

លំនៅដ្ឋាន​នៅ​ឃែរសុន​​រង​ការ​វាយប្រហារ​រុស្ស៊ី (រូបតំណាង)
លំនៅដ្ឋាន​នៅ​ឃែរសុន​​រង​ការ​វាយប្រហារ​រុស្ស៊ី (រូបតំណាង) via REUTERS - Oleksandr Prokudin via Telegram
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សារ​បង្ហោះ​តាម​បណ្តាញ​តេឡេក្រាម រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អ៊ុយក្រែន លោកIgor Klymenko បាន​ប្រកាស​ថា​មាន​មនុស្សធំ​បីនាក់ និង​ក្មេង​ពីរ​នាក់ ក្នុងគ្រួសារ​តែ​មួយ នៅ​ភូមិChyroka Balka និង​មនុស្ស​ពីរ​នាក់​ទៀត​នៅ​ភូមិStanislav នៃ​តំបន់​ឃែរសុន បាន​ស្លាប់​ដោយ​រង​ការ​វាយប្រហារ​របស់​រុស្ស៊ី​ ។ គ្រាប់​ផ្លោង​​​របស់​សត្រូវ​បាន​ផ្តាច់​ជីវិត​ប្តី-​ប្រពន្ធនិងកូន​​អាយុ​២៣​ថ្ងៃ​ នៅ​នឹង​កន្លែង ចំណែក​កូន​ក្មេង​អាយុ​១២ឆ្នាំ​រងរបួស​ជា​ទម្ងន់​​បាន​ស្លាប់​នៅពេលទៅ​ដល់​មន្ទីរ​ពេទ្យ។ នេះ​ជា​សំណេរ​របស់​លោក​ Klymenko អម​ដោយ​រូបថត​បង្ហាញ​ពី​ផ្សែង​ខ្មៅ​ខ្មួរខ្មាញ់​ឆេះ​ហុយ​ចេញ​ពី​លំនៅដ្ឋានមួយផង។

ដោយមិន​បង្អង់ ក្រសួងការបរទេស​បារាំងបាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​យ៉ាង​មុតមាំ​ការ​វាយប្រហារ​នោះ ថា​រុស្ស៊ី​ម៉ាក់ងាយ​យ៉ាង​ពេញ​ទំហឹង​គោលការណ៍​សិទ្ធិមនុស្សធម៌​អន្តរជាតិ​ និង​រំលោភ​ច្បាប់​អន្តរជាតិ​យ៉ាង​ក្រលែត​និង​ជា​ម្តង​ហើយ​ម្តង​ទៀត។

ជា​សរុប​មាន​ជន​ស៊ីវិល​១៣​នាក់​ផ្សេង​ទៀត​បាន​រង​របួស នៅក្នុង​​ការ​វាយប្រហារ​រុស្ស៊ី​លើ​តំបន់​ឃែរសុន ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែនកាលពី​ថ្ងៃ​អាទិត្យ។ ឃែរសុន​ ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ទាំង​បួន​របស់​អ៊ុយក្រែន​ដែល​ប្រធានាធិបតី​រុស្ស៊ី​ ពូទីន ប្រកាស​ក្រសោប​កាន់កាប់​​កាលពី​ខែ​កញ្ញា​២០២២។ នៅ​សល់​​មាន​មួយ​ផ្នែក​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ៊ុយក្រែន ប៉ុន្តែរងការ​វាយប្រហារ​ទម្លាក់​គ្រាប់​បែក​និង​បាញ់​ផ្លោង​ជា​ញឹកញាប់។ បើ​តាម​អ៊ុយក្រែន ក្មេង​ប្រមាណ​៥០០នាក់ បាន​ស្លាប់​និង​១១០០នាក់​បាន​រង​របួស តាំងពី​រុស្ស៊ី​បើក​ប្រតិបត្តិការ​យោធា​ចូល​ឈ្លានពាន​អ៊ុយក្រែន​មក។

នៅ​​ម្ខាង​ទៀត​នៃ​សរមភូមិ ការ​វាយប្រហារ​របស់​អ៊ុយក្រែន​ ក៏​បាន​បង្ក​ឱ្យ​មាន​ជន​ស៊ីវិល​ម្នាក់​ ​ ស្លាប់​ដែរ។ នេះ​បើ​តាម​ចៅហ្វាយ​ស្រុក​Zaïtsevéក្នុង​​ដែនដី​គ្រប់គ្រងដោយ​រុស្ស៊ី​។ ចំណែក​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​រុស្ស៊ី​វិញ អះអាង​ថា​បាន​កម្ទេច​​ដ្រូន​របស់​អ៊ុយក្រែន​បីគ្រឿង​ដែល​ហោះ​ចូល​តំបន់​Belgorod និង​Koursk ជាប់​ព្រំដែន​អ៊ុយក្រែន។ ការ​វាយប្រហារ​ដោយ​ដ្រូន​អ៊ុយក្រែន​​កើត​មាន​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ