អានតួអត្ថបទ
អឺរ៉ុប-រុស្ស៊ី-ស្បៀងអាហារ

ប្រមុខការទូតអឺរ៉ុបក្រើនរំលឹកប្រទេសក្រីក្រ ប្រយ័ត្នចាញ់ឧបាយ​កល អន្ទាក់គ្រាប់ធញ្ញជាតិរុស្ស៊ី

លោកJosep Borrell ​ប្រមុខការទូតអឺរ៉ុប បានចេញលិខិតមួយ​នៅថ្ងៃព្រហស្បតិ៍ទី៣សីហា ដោយបាន​ក្រើនរំលឹក ឲ្យ​ប្រទេស​ក្រីក្រ និង​ប្រទេសកំពុងអភិវឌ្ឍន៍​ ប្រុងប្រយ័ត្ន កុំចាញ់បោកឧបាយកលរបស់រុស្ស៊ី ដែលយក​គ្រាប់ធញ្ញជាតិជាអន្ទាក់។ លិខិតនេះ ត្រូវបាន​លោក​ប្រមុខការទូតអឺរ៉ុប ផ្ញើទៅកាន់ប្រទេសក្រីក្រមួយចំនួន ព្រមទាំងសមាជិក​ប្រទេស​សេដ្ឋកិច្ចនាំមុខ G20 ដោយលោក​បាន​អំពាវនាវ ឲ្យ​បាន​ការរួមសាមគ្គីនិយាយក្នុងសំឡេងតែមួយ ដើម្បី​ទៅ​អូសទាញរុស្ស៊ី ឲ្យ​វិលត្រលប់​មកចូលរួម​ ក្នុងកិច្ចព្រមព្រៀងនាំចេញ​គ្រាប់ធញ្ញជាតិអ៊ុយក្រែនវិញ​។

ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិអ៊ុយក្រែន នៅក្បែរកំពង់ផែក្រុងអូដេសា ត្រូវរងការខូចខាត ដោយសារគ្រាប់មីស៊ីលរបស់រុស្សី។ អូដេសា ថ្ងៃទី ២៤ កក្កដា ២០២៣
ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិអ៊ុយក្រែន នៅក្បែរកំពង់ផែក្រុងអូដេសា ត្រូវរងការខូចខាត ដោយសារគ្រាប់មីស៊ីលរបស់រុស្សី។ អូដេសា ថ្ងៃទី ២៤ កក្កដា ២០២៣ via REUTERS - UKRAINIAN ARMED FORCES
ផ្សាយពាណិជ្ជកម្ម

​នៅក្នុងលិខិតនេះ លោក​ប្រមុខការទូតអឺរ៉ុប បាន​លើកឡើងថា សំណើរបស់លោកពូទីន ដែលថាចង់ជួយ​ប្រទេសក្រីក្រ តាមរយៈការលក់គ្រាប់ធញ្ញជាតិឲ្យ​ក្នុងតម្លៃថោក​នោះ ធាតុពិតគឺវាជាអន្ទាក់ ធ្វើ​ឲ្យ​ប្រទេស​ក្រីក្រស្ថិតនៅក្រោមក្រញ៉ាំឥទ្ធិពលរុស្ស៊ី ហើយ​នឹងធ្វើឲ្យ​ប្រទេសទាំងនេះ កាន់តែប្រឈមខ្លាំងឡើងនឹង​ហានិភ័យវិបត្តិសេដ្ឋកិច្ច អសន្តិសុខស្បៀងអាហារ។

លោកJosep Borrell បានរំលឹកថា ស្ថានការណ៍​បច្ចុប្បន្ន​ ដែល​កំពុងតែធ្វើ​បាបប្រទេសក្រីក្រ ជាពិសេសនៅតំបន់អាហ្វ្រិក គឺរុស្ស៊ី​ជាអ្នកធ្វើឲ្យ​វាកើតឡើង​។ តម្លៃស្បៀងអាហារ គ្រាប់ធញ្ញជាតិ ដូចជាស្រូវសាឡី និងគ្រាប់ពោតបានឡើងថ្លៃខ្លាំង បន្ទាប់ពីរុស្ស៊ីបានសម្រេចចាកចេញពីកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន។ ជាងនេះទៀត រុស្ស៊ីបានថែមទាំង​បាញ់មីស៊ីល និងប្រើយានដ្រូន មកវាយបំផ្លាញកំពង់ផែ​ និងឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ​របស់អ៊ុយក្រែនថែមទៀត​។ យោងតាម​​តួលេខ​បូកសរុបជាងមួយឆ្នាំ​មកនេះ​ គឺគ្រាប់ធញ្ញជាតិអ៊ុយក្រែន​ចន្លោះពី ១៦ម៉ឺន ទៅ១៨ម៉ឺនតោន ដែលត្រូវបាន​រុស្ស៊ីវាយ​កម្ទេច។ ជាក់ស្តែងកាលពីថ្ងៃពុធទី​២សីហា រុស្ស៊ីបានបាញ់​មីស៊ីល​វាយប្រហារឃ្លាំងស្តុក ​នៅលើដងទន្លេDanube ហើយ​បានបណ្តាល​ឲ្យខូចខាតគ្រាប់ធញ្ញជាតិដែលអ៊ុយក្រែនបម្រុងនាំចេញ ចំនួន​ប្រមាណ​៤ម៉ឺនតោន។

លោកប្រមុខការទូតអឺរ៉ុបបាន​ចាត់ទុក សំណើររបស់​លោកពូទីន ដែលអះអាងថា​ចង់​ជួយប្រទេសក្រីក្រ ដោយ​សន្យាលក់គ្រាប់ធញ្ញជាតិឲ្យ​ក្នុងតម្លៃថោកនោះ ថាជាសំណើដែលគ្មានការអៀនខ្មាសទាល់តែសោះ ខណៈដែល​រុស្ស៊ី​គឺជាអ្នក​រារាំងការនាំចេញរបស់អ៊ុយក្រែន ហើយ​បាន​ធ្វើឲ្យទីផ្សារជ្រួលច្របល់។ ពោលគឺរុស្ស៊ីកំពុងតែ​ប្រើគោលនយោបាយ​ យកស្បៀងអាហារធ្វើជាអាវុធ គម្រាមសម្លុតពិភពលោក​។

នៅក្នុងលិខិតនេះដែរ លោក​ប្រមុខការទូតអឺរ៉ុប បាន​បញ្ជាក់ជំហររបស់សហភាពអឺរ៉ុប ថាអឺរ៉ុបមិនដែលបានប្រើទណ្ឌកម្ម រារាំងការនាំចេញគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី​ ឬធ្វើឲ្យ​ប្រទេសក្រីក្រត្រូវប្រឈមនឹងបញ្ហាស្បៀងអាហារឡើយ។ ពាក្យ​ចោទមួរបង្កាច់ទាំងនេះ គឺជា​ភាសាឃោសនាបោក​ប្រាស់របស់លោកពូទីនតែប៉ុណ្ណោះ ដើម្បី​មានលេសដកខ្លួនចេញពីកិច្ចព្រមព្រៀង​គ្រាប់ធញ្ញជាតិជាមួយ​អ៊ុយក្រែន ដែល​អង្គការសហប្រជាជាតិ​និងតួកគីបានខំប្រឹងខ្នះខ្នែងសម្របសម្រួល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ