អានតួអត្ថបទ

អ៊ុយក្រែន វាយប្រហារកម្ទេចមូលដ្ឋាន​ទីបញ្ជាការយោធារុស្ស៊ី ១កន្លែង នៅតំបន់គ្រីមេ

ថ្ងៃសុក្រ ទី២២ ខែ​កញ្ញា ​រដ្ឋបាល​ទីក្រុង​កៀវ អះអាង​ទទួល​ស្គាល់​ថា កងទ័ព​អ៊ុយក្រែន បានវាយប្រហារ​កម្ទេច​មូលដ្ឋានទីបញ្ជាការ​យោធារុស្ស៊ី​​ ១កន្លែង ដែល​តាំង​ទី​លើនៅ​សមុទ្រ​ខ្មៅ​ នៃ​តំបន់​គ្រីមេ។ ចំណែក ក្រសួង​ការពារជាតិ​រុស្ស៊ី បានឲ្យ​ដឹង​ថា «​ស្លាប់»​ទាហាន​ម្នាក់ ហើយ​ក្រោយ​មក​ ប្រកាសថា «បាត់​ខ្លួន»​ម្នាក់ ទៅវិញ​។ ថ្ងៃសុក្រដដែល ប្រធានាធិបតីអ៊ុយក្រែន បានបន្តដំណើរទស្សនកិច្ច នៅកាណាដា និង​បាន​សុំឲ្យប្រទេសនេះ​ឲ្យ​បន្តជួយគាំទ្រអ៊ុយក្រែនបន្តទៀត រហូតដល់ទទួល«ជ័យជម្នះ»។ ​ភ្លាមៗ នាយករដ្ឋមន្ត្រីកាដាណា ក៏បានប្រកាសជួយបន្ថែម ទាំង​ជំនួយ​យោធា​និង​ជំនួយ​វិនិយោគទុន ។​

អ៊ុយក្រែន វាយប្រហារកម្ទេចមូលដ្ឋាន​ទីបញ្ជាការយោធារុស្ស៊ី ១កន្លែង នៅតំបន់គ្រីមេ។
អ៊ុយក្រែន វាយប្រហារកម្ទេចមូលដ្ឋាន​ទីបញ្ជាការយោធារុស្ស៊ី ១កន្លែង នៅតំបន់គ្រីមេ។ © Canal criméen sur Telegram / via AP
ផ្សាយពាណិជ្ជកម្ម

​តំបន់គ្រីមេ ជាដែនដីអ៊ុយក្រែន ដែលត្រូវ ​រុស្ស៊ី​ កាត់​ផ្តាច់​ និង​ទាញ​មកដាក់​នៅក្នុង​ឧបសម្ព័ន្ធដែន​ដីរុស្ស៊ី នៅឆ្នាំ២០១៤។ ​ក្នុង​សង្គ្រាម​ ជាង ១ឆ្នាំមកនេះ តំបន់​គ្រីមេ ក៏​ក្លាយ​ជាកន្លែង​យុទ្ធសាស្ត្រ​ និងជា​ ទី​បញ្ជាការយោធា​ដ៏សំខាន់១ សម្រាប់​រុស្ស៊ី​រៀបចំ​កងទ័ព​ និង​ស្តុក​គ្រឿង​សព្វាវុធ​ ក្នុងការ​វាយ​ប្រហារសឹក​ នៅ​ប៉ែក​ខាង​ត្បូង​ អ៊ុយក្រែន។

ស្រាប់តែនៅថ្ងៃសុក្រ រដ្ឋបាលទីក្រុងកៀវ អះអាង​ថា កងទ័ពអ៊ុយក្រែន បានវាយប្រហារកម្ទេចទីបញ្ជាការយោធារុស្ស៊ី ១កន្លែង តាំងទីលើនៅសមុទ្រខ្មៅ នៃតំបន់គ្រីមេ ។ ​បើតាម​ទីភ្នាក់​ព័ត៌មាន​រុស្ស៊ី TASS គឺ កន្លែង​កើត​ហេតុ​ត្រូវឆេះ​ខូច​ខាត ​​និង​​ធ្វើ​ឲ្យ​ស្លាប់​ទាហាន​រុស្ស៊ីម្នាក់​។ ​ ប្រភព​ដដែលក៏​  បញ្ជាក់ថា មីស៊ីល​អ៊ុយក្រែន ​ចំនួន​៥ ត្រូវ​ទ័ព​រុស្ស៊ី​កម្ទេច​ចោលវិញដែរ។​ គួរ​រម្លឹក​ថា ​ទី​បញ្ជាការយោធារុស្ស៊ីនេះ ក៏​ធ្លាប់​រងការ​វាយ​ប្រហារ​ម្តង​ដែរ នៅ​ខែ​សីហា ឆ្នាំ២០២២ ដែល​កាល​នោះ បណ្តាយ​ឲ្យ​របួស​មនុស្ស​ ៦ នាក់​។

ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​លើកនេះ គឺបាន​ធ្វើ​ឲ្យ​រំខានជាខ្លាំង ​ដល់​ដំណើរការ​រៀបចំ​ទុកដាក់​ស្តុកអាវុធ និងដឹក​ជញ្ជូន​គ្រឿង​ចម្បាំង​តាម​ផ្លូវទឹក។ ថ្នាក់ដឹកនាំ​រុស្ស៊ី ទទួល​បន្ទុក​នៅ​តំបន់​ Sébastopol បានទទួល​បញ្ជា​ តាំង​ពី​​​ព្រលឹម​ថ្ងៃ​សុក្រ ថា​ឲ្យ​ផ្អាក​​ដឹកជញ្ជូន​អាវុធ តាម​ផ្លូវទឹក ​រហូត​ដល់​តែមាន​ការ​សម្រេច​ចិត្ត ​ជាថ្មី។​

ទន្ទឹម​នឹងគ្នា​នេះដែរ នៅ​តំបន់​ Donetsk ឯណោះ​ ដែល​ទទួល​រង​ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​ជាង១ឆ្នាំមកហើយ​ អភិបាល​ក្រុងដែល​គាំទ្ររុស្ស៊ី​ បាន​អះអាង​ថាភ្លើង​សង្គ្រាម​​នៅតែ​​បន្ត​ក្តៅ​គគុក ហើយ​ការវាយ​ប្រហារ​ ទម្លាក់​គ្រាប់បែក ​នៅតែ​មាន​មិន​ដាច់​សូរ។ ​អភិបាល​តំបន់​ Poltava ក៏​ថា​ដែរ ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល កំពុង​ត្រូវ​ខូច​ខាត​ខ្លាំង ដោយ​ប្រឈម​នឹង​ការ​វាយ​បក​របស់​អ៊ុយក្រែន​​​។​

អ៊ុយក្រែន សុំ ​កាដាណា​ បន្តជួយ​រហូត​ដល់«​ឈ្នះ​សង្គ្រាម»

នា​​ថ្ងៃ​សុក្រដដែល​ ប្រធានាធិបតី​អ៊ុយក្រែន បាន​បន្ត​ដំណើរ​ទស្សនកិច្ច​ នៅប្រទេស​កាណាដា គឺ​បន្ទាប់​ពី ទស្សនកិច្ច ​នៅ​អង្គការ​សហប្រជាជាតិ ​និង​សហរដ្ឋអាមេរិក​។ ​ក្នុង​ជំនួប​​ជាមួយ​​នាយករដ្ឋមន្ត្រី លោក​ ហ្សូសស្តាំង ទ្រុយដូ គឺ​ ​លោក​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​សុំ​ឲ្យកាណាដាបន្តជួយ​គាំទ្រ​អ៊ុយក្រែន​បន្តទៀត រហូត​ដល់​«ទទួល​ជ័យ​ជម្នះ​»។

​ពីចំណែកខ្លួន លោក​ ហ្សូសស្តាំង ទ្រុយដូ បាន​ប្រកាស​ជួយថវិកា​​ ៦៥០ លានដុល្លារ​កាណាដា​ ហើយ​ផ្តល់​រថគ្រោះ​ ប្រមាណ ​៥០គ្រឿង ព្រ​មទាំង​​ ជួយ​ហ្វឹកហ្វឺន​អ្នក​បើក​យន្តហោះ​អ៊ុយក្រែន ឲ្យ​ចេះប្រើ​ យន្តហោះ​ចម្បាំង​ដ៏ទំនើប ម៉ាក F-16។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ​ទាំង២​បាន​ចុះកិច្ចព្រមព្រៀង​ប្តូរ​ពាណិជកម្មក្នុង​រង្វង់ទឹកប្រាក់ ១,២ ពាន់លានអឺរ៉ូ ​ទៀត​ផង។

តាំងពី​ផ្ទុះ​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន ជាង ១ ឆ្នាំមក គឺ​ កាដាណា បាន​ជាប្រទេ​សទទួល​ជនភៀសខ្លួន​អ៊ុយក្រែន ច្រើន​ជាងគេ ​លំដាប់លេខ២ គឺមាន​ ចំនួន ១៧៥ ០០០ នាក់​ ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ